អន្តរជាតិ
លោកស្រី ឡេនី រ៉ូប្រេដូ បេក្ខនារីតែម្នាក់គត់ក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន
14, Apr 2022 , 7:39 pm        
រូបភាព
លោកស្រី ឡេនី រ៉ូប្រេដូ អនុប្រធានាធិបតីហ្វីលីពីន និងជាបេក្ខនារីសម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ រូបថត AFP
លោកស្រី ឡេនី រ៉ូប្រេដូ អនុប្រធានាធិបតីហ្វីលីពីន និងជាបេក្ខនារីសម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ រូបថត AFP
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ​ចូល​រួម​ឈរ​ឈ្មោះបោះឆ្នោត​មេដឹកនាំហ្វីលីពីននៅខែឧសភាខាងមុខក្នុងនាមជាបេក្ខនារីតែម្នាក់គត់។ ទោះបីជាអនុប្រធានាធិបតី​ក្រោមរដ្ឋបាលប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ តាំងពី២០១៦ក្ដី លោកស្រីជារឿយៗមានជំហរ និងគោលនយោបាយខុសពី​លោក ឌូទើតេ និងព្រមទាំងបានរិះគន់​សង្គ្រាមប្រឆាំង​គ្រឿងញៀន​របស់​លោកផងដែរ។

 
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកស្រី ឡេនី រ៉ូប្រេដូ បានសន្យា​នឹងកំចាត់​គោល​នយោបាយណាដែលចាស់គំរឹល និងគ្មានបានការ ហើយលោកស្រីនឹង​ប្រគល់​អំណាច​ឱ្យ​ប្រជាជន​ហ្វីលីពីនអាចផ្លាស់ប្តូរសង្គមបាន។ ប្រជាប្រិយភាពរបស់លោកស្រី ក៏បានកើន​ឡើង​បន្ត​បន្ទាប់​។ បើ​យោងតាមការស្រង់មតិរបស់ក្រុមហ៊ុន Pulse Asia អំឡុងខែមីនា គូប្រជែងដ៏ខ្លាំងរបស់លោកស្រី គឺលោក Ferdinand Marcos Jr កូនប្រុសមេដឹកនាំផ្ដាច់ការ Ferdinand Marcos ។
 


លោកស្រី រ៉ូប្រេដូ កំពុងឃោសនារកសំឡេងឆ្នោត។ រូបថតពីហ្វេសប៊ុកលោកស្រី រ៉ូប្រេដូ

តើលោកស្រី រ៉ូប្រេដូ មានប្រវត្តិយ៉ាងដូចម្ដេច ហើយមានបទពិសោធជាមេដឹកនាំបែបណាខ្លះ?
 
លោកស្រី រ៉ូប្រេដូ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ១៩៨២ ពីសាលា​ Unibersidad de Sta. Isabel។ ក្នុងឆ្នាំ១៩៨៦ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសេ​ដ្ឋកិច្ច​ពី​សកលវិទ្យាល័​យហ្វីលីពីន Diliman ។ លោកស្រីក៏បានបន្តការ សិក្សាដល់ថ្នាក់បណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Nueva Caceres ហើយបានប្រឡងជាប់អាជ្ញាបណ្ណវិជ្ជាជីវៈសម្រាប់មេធាវីក្នុងឆ្នាំ១៩៩៧។
 
មុនពេលចូលបម្រើក្នុងជួររដ្ឋាភិបាលលោកស្រី រ៉ូប្រេដូ ជាអ្នកស្រាវជ្រាវ និងសេដ្ឋវិទូ​នៅ​ការិយាល័យ​កម្មវិធីអភិវឌ្ឍន៍អាងទន្លេ Bicol ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧។ អំឡុងឆ្នាំ១៩៨៧ ដល់​ឆ្នាំ​១៩៩៧​ លោកស្រីជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យUnibersidad de Sta. Isabel ផងដែរ។ ក្រោយប្រឡងជាប់អាជ្ញាបណ្ណវិជ្ជាជីវៈសម្រាប់មេធាវី លោកស្រីបាន ចូលបម្រើការងារ​នៅ​ការិយាល័យ​មេធាវីសាធារណៈរហូតដល់ឆ្នាំ១៩៩៩។
 
ក្នុងឆ្នាំ២០១៣ លោកស្រី រ៉ូប្រេដូ ជាប់ជាអ្នកតំណាងស្រុកទីបីនៃខេត្ត Camarines Sur។ ក្នុង​អំឡុង​ពេលនោះ លោកស្រីបានធ្វើជាអនុប្រធានគណៈកម្មាធិកការចំនួនពីររួមមាន គណៈកម្មាធិការ​អភិបាល​កិច្ចល្អ និងគណនេយ្យភាពសាធារណៈ ហើយនិងគណៈកម្មាធិការកែសម្រួលច្បាប់។ លោកស្រីក៏ជាសមាជិកគណៈកម្មាធិការបោះឆ្នោត និងកំណែទម្រង់ការបោះឆ្នោត សុខុមាលភាពរបស់កុមារនិងស្ត្រី និងព្រមទាំងសមភាពយេនឌ័រផងដែរ។
 
ក្រោយសម្រេចបានសមិទ្ធផលការងារជាច្រើន លោកស្រី រ៉ូប្រេដូ បានឈរឈ្មោះបោះឆ្នោតសម្រាប់តំណែងអនុប្រធានាធិបតីហ្វីលីពីនក្នុងឆ្នាំ២០១៦ ដែលកាលនោះលោកស្រីទទួលបាន​ជោគជ័យ និង​បានធ្វើជាអនុប្រធានាធិបតីអស់រយៈពេលប្រមាណ៥ឆ្នាំមកនេះ។ ដោយមានបំណងដឹកនាំ​ការិយាល័យអនុប្រធានាធិបតីឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាជន លោកស្រីបានដឹកនាំការ​បង្កើតកម្មវិធី​ប្រឆាំងភាពក្រីក្រដ៏ល្បីឈ្មោះ Angat Buhay ។
 
គិតត្រឹមខែធ្នូឆ្នាំ ២០២១ កម្មវិធី Angat Buhay បានសហការជាមួយអង្គការចំនួន៣៧២ ប្រមូល​មូលនិធិ និងទ្រព្យធនជិត១០លានដុល្លារ និងបានជួយគ្រួសារយ៉ាងហោចណាស់៦២ម៉ឺនគ្រួសារ​ដែល​ស្ថិតនៅទីក្រុងចំនួន២២៣ទូទាំងហ្វីលីពីន។
 
មិនត្រឹមតែដោះស្រាយវិបត្តិក្រីក្រនោះទេ កម្មវិធី Angat Buhay ក៏ក្ដោបលើបញ្ហាសង្គម ផ្សេងៗ​ជា​ច្រើនផងដែរ។ ក្នុងផ្នែកសុខាភិបាល ការិយាល័យអនុប្រធានាធិបតីបានផ្ដល់ជំនួយវេជ្ជសាស្ត្រ ហើយ​ព្រមទាំងបានកៀរគរទ្រព្យធនរហូតដល់៨២លានប៉េសូសម្រាប់ការព្យាបាល​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត និងកង្វះអាហារូបត្ថម្ភ។
 
ទាក់ទងនឹងផ្នែកអប់រំ លោកស្រី រ៉ូប្រេដូ បានចាប់ដៃជាមួយដៃគូជាច្រើនដើម្បីឱ្យសិស្សានុសិស្ស​ទាំង​អស់ទទួលបានការអប់រំដែលមានគុណភាពនិងព្រមទាំងឱកាសស្មើរៗគ្នា។ លើសពីនេះលោកស្រី​ក៏​បានបង្កើតសិក្ខាសាលាសម្រាប់ស្ត្រីសហគ្រិនដើម្បីបណ្ដុះគំនិត និងជំរុញឱ្យស្ត្រីមានសំឡេង និងការ​ចូលរួមយ៉ាងសកម្មនៅក្នុងសង្គម។
 
យ៉ាងណាមិញ លោកស្រី រ៉ូប្រេដូ មិនមានចូលរួមក្នុងការដឹកនាំប្រទេសឡើយ ដោយអំណាចស្ថិតក្នុងប្រធានាធិបតី។ ដោយសារលោកស្រីមានជំហរមិនសូវស្របនឹងរដ្ឋាភិបាល ប្រធានាធិបតី ឌូទើតេ មិនបានផ្ដល់តំណែងអ្វីដល់លោកស្រីក្នុងជួររដ្ឋាភិបាលឡើយ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com