អន្តរជាតិ
បញ្ហាបរិស្ថានធំៗទាំង ១០ ក្នុងឆ្នាំ ២០២២
14, Apr 2022 , 10:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានជាច្រើន ហើយបញ្ហាទាំងនោះ​ហាក់ដូចជាកាន់តែអាក្រក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងនាំឱ្យមនុស្សជួបផលវិបាក​លើគ្រប់វិស័យ។ ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់ លើកកម្ពស់ការយល់ដឹងអំពី​បញ្ហាទាំងនេះ ក៏ដូចជាអ្វីដែលអាចធ្វើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើ​មនុស្សជាតិ។

 
ខាងក្រោមនេះជាបញ្ហាបរិស្ថានសំខាន់ៗ ចំនួន១០ ដែលកើតឡើងនៅក្នុងឆ្នាំ២០២២៖
 
១, ការបំពុលខ្យល់ ទឹក និងដី
ការបំពុលបរិស្ថានភាគច្រើនបង្កឡើងដោយជាតិពុលដូចជាប្លាស្ទិក លោហធាតុធ្ងន់ និង​នីត្រាត។ លើសពីនេះវាក៏បណ្តាលមកពីកត្តាផ្សេងទៀតដូចជាជាតិពុល និងឧស្ម័នដែល​បញ្ចេញដោយរោងចក្រ ការដុតបំផ្លាញឥន្ធនៈផូស៊ីល ភ្លៀងអាស៊ីត ការកំពប់ប្រេង និងកាក​សំណល់ឧស្សាហកម្ម។

២, ការឡើងកម្ដៅផែនដី
ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសារសកម្មភាពរបស់មនុស្ស បានបណ្តាលឱ្យកើនឡើងកម្ដៅ​ផែនដី ដែលបន្ទាប់មកនាំឱ្យរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល ការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះធម្មជាតិ និងដីខ្សោះគ្មានជីជាតិជាដើម។
 
៣, កង្វះស្បៀងអាហារដោយការប្រើជីគីមី
ពិភពលោកកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងដូចជាអាហារ និងទឹក ដើម្បីទ្រទ្រង់​កំណើននៃចំនួនប្រជាជនពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុង​អភិវឌ្ឍន៍។ កសិកម្ម​គឺជាដំណោះស្រាយដែលអាចកាត់បន្ថយបញ្ហាកង្វះស្បៀងអាហារពិភពលោក។ ប៉ុន្តែ​កសិកម្មកំពុងរងគ្រោះ និងខូចខាតដោយសារការប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត​ផ្សេងៗ ដែលនឹងប៉ះពាល់បន្តដល់សុខភាពអ្នកប្រើប្រាស់។
 
៤, ការចោលសម្រាម
 
សំណល់យ៉ាងច្រើនលើសលុបត្រូវបានផលិត និងបោះចោលគ្មានសណ្ដាប់ធ្នាប់នៅលើដី និងទៅក្នុងមហាសមុទ្រ។ កាកសំណល់ទាំងអស់សុទ្ធតែបង្កផលប៉ះបាល់ដល់សុខភាព​មនុស្ស និងសត្វ។ ដោយឡែក កាកសំណល់នុយក្លេអ៊ែរ ក៏ដូចជាសំណល់ប្លាស្ទិក និងកាក​សំណល់​អេឡិចត្រូនិកត្រូវបានកត់សម្គាល់ថាបង្កគ្រោះថ្នាក់ខ្លាំងជាងគេ។
 
៥, ការធ្វើឱ្យទឹកមានជាតិអាស៊ីត
 
កំណើនការបង្កើតឧស្ម័នកាបូនឌីអុកស៊ីតដោយសកម្មភាពមនុស្ស បណ្តាលឱ្យកំហាប់​អាស៊ីតក្នុងទឹកកើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់ជីវិតសត្វក្នុងទឹក និងជីវចម្រុះ​ដទៃទៀត។
 
៦, ការបាត់បង់ជីវចម្រុះ
 
ពពួកសត្វក្នុងទឹក និងជម្រករបស់វាកំពុងផុតពូជដោយសារសកម្មភាពរបស់មនុស្ស។ ផ្កាថ្មប៉ប្រះទឹកត្រូវបានបំផ្លាញខ្លាំងជាងគេ។ នេះដោយសារការបំពុលដោយសំណល់​ប្លាស្ទិក ក៏ដូចជាការបំពុលដោយប្រេងនិងសារធាតុគីមីជាច្រើនទៀត។ ដូច្នេះវាបណ្តាលឱ្យមាន​អតុល្យភាពនៅក្នុងដំណើរធម្មជាតិទាក់ទងនឹងការបង្កកំណើត ដែលនឹងគំរាមកំហែង​ដល់ការផុតពូជក្នុងប្រព័ន្ធអេកូឡូស៊ី។
 
៧, ការកាប់បំផ្លាញព្រៃឈើ
 
ការបំផ្លាញព្រៃឈើដើម្បីយកដីសម្រាប់សង់លំនៅដ្ឋាន គម្រោងឧស្សាហកម្ម ឬពាណិជ្ជកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់ការផលិតអុកស៊ីសែន។ ដើមឈើជាអ្នកផលិតអុកស៊ីសែន ដូច្នេះ​ដើមឈើតិចនោះវត្តមានអុកស៊ីសេនក្នុងបរិយាកាសក៏មានតិចដែរដែលនាំឱ្យសីតុណ្ហភាព​ផែនដីឡើងក្ដៅខ្លាំង។ មិនត្រឹមប៉ុណ្ណោះ វាក៏ប៉ះពាល់ដល់របបទឹកភ្លៀងដែរ។

៨, ការរលាយទឹកកកតំបន់ប៉ូល
បញ្ហា​នៃ​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល​គឺ​ជា​រឿងដែលគួរឱ្យព្រួយបារម្ភ ព្រោះបច្ចុប្បន្ន​អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថាសីតុណ្ហភាពនៅតំបន់ប៉ូលឡើងក្តៅខុសធម្មតា។ ដូច្នេះវា​នឹងបង្កឱ្យរលាយផ្ទាំងទឹកកក ដែលអាចនាំឱ្យមានទឹកជំនន់ ការបំពុលទឹកប្រើប្រាស់ និងការ​ផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ី។

៩, ស្រទាប់អូហ្សូនស្ដើង
អូហ្សូនគឺជាស្រទាប់ការពារផែនដីពីកាំរស្មីស្វាយអ៊ុលត្រា ដែលមានគ្រោះថ្នាក់ដល់ស្បែក។ ប៉ុន្តែ ស្រទាប់អូហ្សូនកំពុងស្ដើង និងធ្លុះធ្លាយជាបន្តបន្ទាប់ដោយសារការបំពុលនៃធាតុគីមី ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) ដែលចេញពីគ្រឿង​អេឡិចត្រូនិចទៅក្នុងខ្យល់អាកាស។ 

១០, ភ្លៀងអាស៊ីត
សារធាតុបំពុលក្នុងបរិយាកាសដូចជា ស្ពាន់ធ័រឌីអុកស៊ីត និងអាសូតអុកស៊ីត បណ្តាលឱ្យ​មានភ្លៀងអាស៊ីត ដែលផ្តល់ផលអវិជ្ជមានដល់មនុស្ស សត្វព្រៃ និងប្រភេទសត្វក្នុងទឹក៕
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com