អន្តរជាតិ
លោក Jaishankar៖ ឥណ្ឌាចេះសម្រេចខ្លួនឯងជុំវិញអ៊ុយក្រែន មិនចាំបាច់មានអ្នកណែនាំឡើយ
14, Apr 2022 , 11:29 pm        
រូបភាព

 

ដោយ ពុធ មីនា

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានបញ្ជាក់ថា ឥណ្ឌាមាន​ការសម្រេច​ចិត្តរបស់ខ្លួន​ដោយឯករាជ្យជុំវិញស្ថានការណ៍រុស្ស៊ី-អ៊ុយក្រែន ដោយមិនពិចារណាលើការចង្អុលបង្ហាញផ្សេងៗឡើយ។


ក្រោយ​​ជំនួបពិភាក្សាជាមួយសមភាគីអាម៉េរិក លោក​ Anthony Blinken នៅ​ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែមេសា អ្នកសារព័ត៌មានម្នាក់បាន​ចោទសួរលោក Jaishankar ជុំវិញ​គោលនយោបាយ​របស់រដ្ឋាភិបាល​ក្រុងញូវដេលីលើការកាត់បន្ថយ​ការពឹងផ្អែក​រុស្ស៊ី ខាង​សេដ្ឋកិច្ច និងយោធា។

យោងតាម​ការផ្សាយ​របស់ Izvesti News លោក Jaishankar បាន​ឆ្លើយតបថា អ្វីដែល​ឥណ្ឌា​កំពុងធ្វើជុំវិញអ៊ុយក្រែន​នៅអ៊ុយក្រែន គឺ​ដូចប្រទេសដទៃទៀត​ផងដែរ។ «យើងមាន​ការសន្និដ្ឋានដោយខ្លួនឯង វាយតម្លៃដោយខ្លួនឯង។ យើងមាន​ការយល់ដឹងច្បាស់​នូវអ្វីដែលជាផល​ប្រយោជន៍របស់យើង។

បន្ថែមពីលើនេះ ប្រមុខការទូតឥណ្ឌា បានឆ្លើយតបទៅអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ Al-Jazeera ទាក់ទងនឹងប្រតិបត្តិការក្រុងមូស្គូនៅតំបន់ Donbass។ លោកបានសម្តែងការអរគុណចំពោះសំណួរ ប៉ុន្តែបានបញ្ជាក់ថា រដ្ឋាភិបាល​របស់យើងធ្វើអ្វីទៅតាម​វិធីសាស្ត្រ​របស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក៏មានវត្តមាននាសន្និសីទសារព័ត៌មាននោះផងដែរ ស្របពេលដែល​រអាម៉េរិក បានអំពាវ​នាវកុំឲ្យមាន​ការទិញ ឬទទួលអាវុធពីរុស្ស៊ី។​ ទោះបីជាយ៉ាងណាក៏ដោយ អាម៉េរិក​មិនមានការសម្រេចចិត្តដាក់ទណ្ឌកម្មណាមួយឡើយ​លើឥណ្ឌា ចំពោះការ​​ទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី។

កាលពីថ្ងៃទី១៨ ខែមីនា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំឥណ្ឌា លោក Denis Alipov បាននិយាយថា ស្ថានភាពជុំវិញអ៊ុយក្រែនមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាជាមួយឥណ្ឌាឡើយ ហើយ​ការបញ្ជូន S-400 ទៅកាន់ប្រទេសកំពុងដំណើរការទៅតាមកាលវិភាគដែលបានគ្រោងទុកពីមុន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏បាននិយាយផងដែរថា រុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេចក្នុងការកសាងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត។ លោកក៏បានកត់សម្គាល់ផងដែរថា មហាអំណាចពិភពលោកដូចជាចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិក នឹងមិនរាំតាមភ្លេងរបស់អាម៉េរិកឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com