COVID-19
អន្តរជាតិ
លោក ស៊ី ថា ចិនមិនអាចបន្ធូរដៃលើការគ្រប់គ្រងជំងឺកូវីដ-១៩ ឡើយ
14, Apr 2022 , 8:40 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង អះអាងថា ចិនមិនអាចបន្ធូរដៃក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ឡើយ ព្រោះស្ថានភាពនៅទូទាំងពិភពលោកនៅតែធ្ងន់ធ្ងរនៅឡើយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន។ មេដឹកនាំចិនរូបនេះក៏ណែនាំឱ្យមន្រ្តីផ្ដល់អាទិភាពសំខាន់លើជីវិតរបស់ប្រជាជនក្នុងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលប្រជាជនចិននាំគ្នាបង្ហាញការមិនពេញចិត្តចំពោះវិធានការតឹងរ៉ឹងរបស់អាជ្ញាធរ។



«ស្ថានភាពជំងឺឆ្លងសាកលបច្ចុប្បន្ន នៅតែធ្ងន់ធ្ងរខ្លាំង ហើយយើងមិនអាចបន្ធូរវិធានការទប់ស្កាត់ និងការគ្រប់គ្រងបានឡើយ។» លោក ស៊ី ជិនភីង និយាយបែបនេះអំឡុងដំណើរទស្សនកិច្ចការងារនៅខេត្តហៃណាននៅថ្ងៃទី១៣ ខែមេសា។ ក្នុងរបាយការណ៍ព័ត៌មានរបស់ទូរទស្សន៍រដ្ឋ CCTV លោក ស៊ី អះអាងទៀតថា អាជ្ញាធរត្រូវតែតស៊ូតម្កល់អាយុជីវិតប្រជាជនជាសំខាន់ ហើយត្រូវប្រកាន់ខ្ជាប់គោលការណ៍វិទ្យាសាស្រ្ត និងគោលការណ៍គ្មានជំងឺកូវីដ-១៩ ។

ខណៈដែលប្រទេសជាច្រើនជ្រើសរើសការរស់នៅជាមួយជំងឺកូវីដ-១៩ ទៅហើយនោះ ចិននៅតែប្រកាន់គោលការណ៍លុបបំបាត់ជំងឺនេះដដែល។ ទីក្រុងប៉េកាំង បានអនុវត្តវិធានការដ៏តឹងរ៉ឹងមានការបិទខ្ទប់ក្រុង និងតំបន់ផ្ទុះជំងឺ ការធ្វើចត្តាឡីស័កគ្មានការលើកលែង និងការធ្វើតេស្តជាច្រើនជុំ។ វិធានការនេះ ជួយឱ្យចិនគេចផុតពីរលកឆ្លងជាច្រើន តែក៏ធ្វើឱ្យប្រជាជនមិនសប្បាយចិត្តផងដែរ ព្រោះតែការរំខានដល់ការរស់នៅរបស់ពួកគេ។

ទោះមានវិធានការតឹងរ៉ឹងក្ដី ចិនកំពុងប្រឈមមុខរលកឆ្លងដ៏អាក្រក់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងដំបូងនៅទីក្រុងវូហានមក។ ទីក្រុងសៀងហៃ ជាចំណុចកណ្ដាលនៃរលកឆ្លងដ៏អាក្រក់នេះ ដោយករណីឆ្លងហក់ឡើងដល់លើស២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយភាគច្រើនគ្មានរោគសញ្ញា។ ប្រជាជនក្នុងទីក្រុងហិរញ្ញវត្ថុមួយនេះ បានត្អូញត្អែរពីការខ្វះខាតស្បៀងអាហារ និងការធ្វើចត្តាឡីស័កដ៏យូរ។

យ៉ាងណាក្ដី គេមិនរំពឺងថា ការបន្ធូរបន្ថយនៅទីក្រុងនេះ នឹងកើតមានឡើយ ខណៈដែលករណីឆ្លងបន្តកើនឡើង ពិសេសការឆ្លងក្នុងចំណោមសមាជិកគ្រួសារដែលមិនអាចចេញទៅណារួច៕

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com