អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយក្រែនពន្លិចនាវាចម្បាំងរុស្ស៊ីមួយគ្រឿង មុនមានការបំផ្ទុះដ៏ខ្លាំងមួយនៅក្រុងកៀវ
15, Apr 2022 , 1:59 pm        
រូបភាព
នាវាចម្បាំង Moskva ។ រូបភាព៖ Reuters
នាវាចម្បាំង Moskva ។ រូបភាព៖ Reuters
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១៤ ខែមេសា បានអះអាងថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿង បានលិចទៅក្នុងសមុទ្រ បន្ទាប់ពីផ្ទុះគ្រាប់ និងឆេះ។ យ៉ាងណាមិញ យោធាអ៊ុយក្រែន បានបញ្ជាក់ថា នាវាចម្បាំង Moskva ត្រូវបានពន្លិច ដោយសារតែមីស៊ីលប្រឆាំងនាវារបស់ខ្លួន។ ក្រោយការលិចនៃនាវាចម្បាំងនោះ វាមានការផ្ទុះដ៏ខ្លាំងមួយនៅក្នុងទីក្រុងកៀវ។

 
 
នាវាចម្បាំង Moskva នៅក្នុងកងនាវាសមុទ្រខ្មៅរុស្ស៊ី បានលិចនៅក្នុងសមុទ្រ បន្ទាប់ពីមានការផ្ទុះគ្រាប់។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី កងនាវិកចំនួន ៥០០នាក់ ត្រូវបានជម្លៀសចេញ ខណៈនាវាដែលខូចខាតនោះ ត្រូវបានបញ្ជូនទៅកំពង់ផែមួយ។ បើតាមរុស្ស៊ី ឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ 
 
យ៉ាងណាមិញ អ៊ុយក្រែន បានអះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំង Moskva ដែលផលិតក្នុងសម័យសហភាពសូវៀតនោះ តាមរយៈមីស៊ីលប្រឆាំងនាវា Neptune។ ហេតុការណ៍នេះ ធ្វើឡើងស្របពេល រុស្ស៊ី នៅតែបន្តវាយប្រហារទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។ 
 
បន្ទាប់ពីនាវា Moskva ត្រូវបានពន្លិច វាមានការបំផ្ទុះដ៏ខ្លាំងមួយនៅក្នុងទីក្រុងកៀវ នៅថ្ងៃទី១៥ ខែមេសា និងមានការផ្តល់សញ្ញាអាសន្ននៅគ្រប់តំបន់ទាំងអស់ ក្នុងអ៊ុយក្រែន។ ប៉ុន្តែ ពេលនេះ មិនទាន់មានរបាយការណ៍ពាក់ព័ន្ធនឹងការបំផ្ទុះនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com