អន្តរជាតិ
រដ្ឋាភិបាលថៃ ជំរុញកុំឱ្យជះទឹកក្នុងពេលពិធីចូលឆ្នាំ ដើម្បីបង្ការជំងឺកូវីដ-១៩
15, Apr 2022 , 3:30 pm        
រូបភាព
ប៉ូលិសថៃត្រួតពិនិត្យនៅវិថី Khao San ដើម្បីប្រាប់ប្រជាជន និងភ្ញៀវទេសចរ កុំឱ្យជះទឹកដាក់គ្នា។ រូបភាព៖ បាងកកប៉ុស្តិ៍
ប៉ូលិសថៃត្រួតពិនិត្យនៅវិថី Khao San ដើម្បីប្រាប់ប្រជាជន និងភ្ញៀវទេសចរ កុំឱ្យជះទឹកដាក់គ្នា។ រូបភាព៖ បាងកកប៉ុស្តិ៍
រដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ ខែមេសា បានជំរុញប្រជាជនថៃ និងភ្ញៀវទេសចរបរទេស គោរពវិធានការ ដែលដាក់ចេញដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងពិធីចូលឆ្នាំថ្មី ដូចជាហាមជះទឹកដាក់គ្នា។ ការអំពាវនាវនេះ ធ្វើឡើង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ។

 
ថៃ ដែលមានករណីឆ្លងប្រចាំថ្ងៃជាច្រើនម៉ឺនករណី កន្លងមក បានដាក់ចេញវិធានការមួយចំនួន ដូចជាហាមឃាត់ការជះទឹកដាក់គ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីចូលឆ្នាំថ្មី។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ក្នុងពេលចូលឆ្នាំនេះ ប្រជាជនថៃ និងភ្ញៀវទេសចរមួយចំនួន បានជះទឹកដាក់គ្នា និងបំពានវិធានមួយចំនួន ដែលដាក់ចេញដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ។ 
 
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានជំរុញឱ្យប្រជាជន និងភ្ញៀវទេសចរសហការជាមួយរដ្ឋាភិបាល និងគោរពវិធានទប់ស្កាត់ជំងឺឆ្លង ស្របពេលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំងនៅក្នុងប្រទេស។ 
 
«យើងសង្ឃឹមថា នឹងមិនឃើញនរណាម្នាក់ជះទឹកដាក់គ្នានៅវិថី Khao San និងកន្លែងសាធារណៈដ៏ទៃទៀត»។ លោក Thanakorn បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលថៃ មិនចង់ចាប់បង្ខំឱ្យមានការអនុវត្តវិធានតឹងរ៉ឹងឡើយ។ បើតាមអ្នកនាំពាក្យរូបនេះ លោកនាយករដ្ឋមន្រ្តី បា្រយុទ្ធ ចន្ទអូចា បានបង្ហាញក្តីបារម្ភមួយចំនួន ជុំវិញការឆ្លងជាចង្កោម ដែលបង្កដោយការបំពានវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ។
 
ក្រៅពីជំរុញឱ្យប្រជាជន និងភ្ញៀវបរទេសអនុវត្ត នាយករដ្ឋមន្រ្តីថៃ ក៏បានបញ្ជាក្រសួងមហាផ្ទៃ និងរដ្ឋបាលក្រុងបាងកក ពង្រឹងកិច្ចខិតខំរបស់ខ្លួន ដើម្បីជំរុញឱ្យប្រជាជន និងភ្ញៀវបរទេសគោរពវិធានខាងលើផង។ មិនតែប៉ុណ្ណោះ ម្ចាស់អាជីវកម្ម នៅវិថី Khao San ត្រូវណែនាំដល់ភ្ញៀវទេសចរ កុំឱ្យជះទឹកដាក់គ្នាដែរ។ 
 
សូមបញ្ជាក់ថា ក្នុងពិធីចូលឆ្នាំ ថៃបានអនុញ្ញាតឱ្យវត្តចំនួន ១០ប៉ុណ្ណោះ ធ្វើជាទីតាំងប្រារព្ធពិធីចូលឆ្នាំ។ មិនតែប៉ុណ្ណោះ​ តៀមស្រា និងកន្លែងកម្សាន្តផ្សេងៗ អាចបើកត្រឹមម៉ោង ៥ល្ងាច ដល់ម៉ោង ១០យប់ប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com