ជាតិ
សង្គមជាតិ
អាជ្ញាធរ នឹងចុះពង្រឹងអាជីវកម្មចិញ្ចឹមក្រពើ បន្ទាប់ពីបុរសម្នាក់ស្លាប់​ក្រោយធ្លាក់ចូលអាងចិញ្ចឹមក្រ​ពើ
22, Apr 2022 , 5:16 pm        
រូបភាព
អាងក្រពើ ដែលកើតហេតុការណ៍ខាងលើ។ រូបភាព៖ អធិការដ្ឋាននគរបាលស្រុកពួក
អាងក្រពើ ដែលកើតហេតុការណ៍ខាងលើ។ រូបភាព៖ អធិការដ្ឋាននគរបាលស្រុកពួក
សៀមរាប៖ ហេតុការណ៍ទុក្ខសោកមួយ បានកើតឡើងលើបុរសជាមន្រ្តីរដ្ឋបាលស្រុកពួកម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទ្រុងក្រពើរបស់ខ្លួន បណ្ដាលឱ្យរបួសធ្ងន់ធ្ងរមិនអាចសង្រ្គោះបាន រហូតបាត់បង់ជីវិត។ ក្រោយហេតុការណ៍នេះកើតរួច អភិបាលស្រុកពួកសន្យាថា នឹងសហការផ្នែកពាក់ព័ន្ធ ដើម្បីចុះពង្រឹងបច្ចេកទេស លើអាជីវកម្មចិញ្ចឹមសត្វក្រពើឡើងវិញ។

 
អភិបាលស្រុកពួក លោក ស៊ីន ចាន់ថុល បង្ហាញអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់មន្រ្តីមួយរូប ដែលមានតួនាទីជាប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់ក្នុងទ្រុងក្រពើក្បែរផ្ទះ។ លោកថា ជនរងគ្រោះ តែងគេងយាមលើទ្រុងក្រពើជាប្រចាំ ហើយយប់កើតហេតុ នាវេលាម៉ោង១ រំលងអាធាត្រ ថ្ងៃទី១៧ មេសា លោក ស៊ូ សុធា ដែលមានអាយុ៣៧ឆ្នាំ បានក្រោកទៅបត់ជើង និងបានរអិលជើងធ្លាក់ក្នុងទ្រុងក្រពើតែម្ដង។ 
 
ភ្លាមៗ មន្រ្តីរូបនេះ ត្រូវបានអ្នកជិតខាងជួយសង្រ្គោះទាន់ ក្រោយបានឮសំឡេងស្រែកឱ្យជួយ។ អ្នកជិតខាង បានយកឈើវាយទៅហ្វូងក្រពើ ដែលកំពុងខាំទាញបុរសខាងលើ និងបាននាំទៅសង្រ្គោះនៅពេទ្យបង្អែកខេត្ត។ ដោយអាការៈធ្ងន់ធ្ងរ គ្រួសារក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ តែគ្រូពេទ្យមិនអាចសង្រ្គោះបាន ក៏បញ្ជូនមកផ្ទះវិញ និងបានស្លាប់តាមផ្លូវពេលមកដល់ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ មេសា។
 
លោក ស៊ីន ចាន់ថុល បញ្ជាក់ថា រដ្ឋបាលស្រុក នឹងទំនាក់ទំនងទៅខាងរដ្ឋបាលជលផលខេត្ត ដើម្បីគ្រប់គ្រងបញ្ជីស្នាមអ្នកចិញ្ចឹមក្រពើឡើងវិញ។ លោកថា ស្រុកនេះមានអ្នកចិញ្ចឹមសត្វក្រពើច្រើនគួរសមផងដែរ។ 
 
លោកមានប្រសាសន៍ថា៖« ក្រោយហេតុការកើតឡើង យើងនឹងធ្វើការជាមួយជំនាញ អញ្ជើញពលរដ្ឋមកប្រជុំ ឬធ្វើលិខិតណែនាំ អប់រំ ដល់គ្រួសារចិញ្ចឹម អាចរៀបចំជារបាំង ឬរនាំងយ៉ាងម៉េច ឱ្យមានសុវត្ថិភាព និងកុំឱ្យមានគ្រោះថ្នាក់ទៅថ្ងៃក្រោយទៀត»។
 
ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រន្ធត់ចំពោះហេតុការណ៍ដ៏សោកសៅមួយនេះ។ មួយចំនួនបង្ហាញមតិអវិជ្ជមានទៅលើតួអង្គសត្វក្រពើ ដែលជាសត្វរមិលគុណ មិនស្គាល់ម្ចាស់ខ្លួនឯង។ ខ្លះទៀត ចង់ឃើញអ្នកចិញ្ចឹមមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំទ្រុងចិញ្ចឹមឱ្យមានស្ដង់ដាបច្ចេកទេសត្រឹមត្រូវជាដើម។ 
 
អតីតអភិបាលរងខេត្តសៀមរាប និងបច្ចុប្បន្នជាសាស្រ្ដាចារ្យចាប់ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប លោក គឹម ឆៃហៀង​ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖« ដើម្បីសុវត្ថិភាព គប្បីមន្រ្តីជំនាញមេត្តាត្រួតពិនិត្យបច្ចេកទេសនៃការកសាងអាងក្រពើ ព្រោះគ្រោះថ្នាក់ច្រើនករណីហើយ»។
 
គេនៅចាំបានថា ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងលើគ្រួសារមួយនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប។ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ក្មេងស្រីតូចអាយុ៣ឆ្នាំម្នាក់ បានធ្លាក់ចូលអាងក្រពើ និងត្រូវសត្វនេះខាំស៊ី នៅសល់តែលលាដ៍ក្បាល ទុកធ្វើបុណ្យ ក្រោយគ្រួសារជាប់រវល់ការងារខាងក្រៅ ហើយក្មេងនេះរត់លេង ធ្លាក់ចូលអាងក្រពើចិញ្ចឹមនៅផ្ទះ៕
 
 
 
 

Tag:
 អាជីវកម្មចិញ្ចឹមក្រពើ
© រក្សាសិទ្ធិដោយ thmeythmey.com