ជាតិ
សាលរបាំប្រាសាទតាព្រហ្ម គ្រោងបើកឱ្យទេសចរចូលទស្សនាឆាប់ៗ ក្រោយប្រើពេលជួលជុល​១១ឆ្នាំ
23, Apr 2022 , 5:19 pm        
រូបភាព
 ក្រុមកម្មករកំពុងបង្ហើយការងារនៅសាលរបាំប្រាសាទតាព្រហ្ម
ក្រុមកម្មករកំពុងបង្ហើយការងារនៅសាលរបាំប្រាសាទតាព្រហ្ម
សៀមរាប៖ គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម ដែលចាប់ផ្តើមពីឆ្នាំ២០១១មក បានជួសជុលរួចរាល់ហើយ និងគ្រោងបើកឱ្យទេសចរចូលទស្សនាឆាប់ៗនេះ។

 
គម្រោងជួសជុលសាលរបាំ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ថា ASI​ ។ អ្នកអនុវត្តន៍គម្រោង លោកបណ្ឌិត Sing Sood មានប្រសាសន៍ថា ប្រហែល២ខែទៀត នឹងបើកឱ្យទេសចរចូលទស្សនាសាលរបាំ បន្ទាប់ពីគម្រោងជួសជុលនេះ សម្រេចបានស្ទើរ១០០ភាគរយហើយ។ បច្ចុប្បន្ន ក្រុមជាងកំពុងបង្ហើយការងារខ្លះដែលនៅសេសសល់ ដូចជាបិទស្នាមប្រហោងតាមថ្ម ទាំងនៅផ្នែកខាងក្រោម និងដំបូល។ល។ 
 
តាមការបញ្ជាក់ពីលោក បណ្ឌិត Sing Sood គម្រោងជួសជុលសាលរបាំនេះ ចាប់ផ្តើមដំណើរការពីឆ្នាំ២០១១ មក ដោយចាប់ផ្តើមជួសជុលដំបូង នៅរោងទងខាងត្បូង ជ្រុងខាងកើត។ ការជួសជុលនៅទីតាំងមានភាពស្មុគស្មាគខ្លាំង ដ្បិតសាលនេះដួលរលំជាគំនរថ្មទៅហើយ។ ក្រុមការងារបានរើថ្ម និងជញ្ជូន ដើម្បីយកទៅចុះលេខ និងជួសជុលផ្នែកដែលបាក់បែកជាដើម។ ចំណែកថ្មខ្លះ ដែលបាត់ ត្រូវជំនួសថ្មថ្មី។ នេះជាការបញ្ជាក់ពីអ្នកជំនាញការឥណ្ឌា។
 
លោកបណ្ឌិត Sing Sood ពន្យល់ថា៖«​ ការរៀបចំថ្មក៏ពិបាកដែរ គឺដំបូងត្រូវរកថ្មទាំងអស់មកផ្គុំឡើងវិញ និងដឹងពីចំណុចទ្រទម្ងន់របស់វា ដំបូងយើងត្រូវផ្គុំសាកល្បងសិន...មានការរើចុះរើឡើងច្រើនសា»។
 
ក្រោយជួសជុលរួចរាល់ ដោយប្រើពេល១១ឆ្នាំមកនេះ លោក Sing Sood បង្ហាញអារម្មណ៍រីករាយជាខ្លាំង ជាមួយអ្វីដែលបានខិតខំប្រឹងប្រែង ទទួលបានលទ្ធភាពគួរជាទីមោទន ដោយអាចជួសជុលទីដែលជាគំនរថ្ម អាចឈរងើបឡើងវិញ។ ក្នុងនាមស្ថាប័នឥណ្ឌា លោកមានមោទកភាព និងរីករាយក្នុងការចូលរួមជួសជុលប្រាសាទខ្មែរ និងរីករាយក្នុងការចែករំលែកបទពិសោធន៍ការជួសជុល និងវប្បធម៌ដល់ពលរដ្ឋខ្មែរ។ 
 
នៅប្រាសាទតាព្រហ្មនេះដែរ ក្រៅពីជួយជួសជុលសាលរបាំ ស្ថាប័នឥណ្ឌាក៏កំពុងសហការដើម្បីជួសជុលខ្លោងទ្វារខាងកើត ខាងត្បូង និងគោរបូរៈមួយចំនួនទៀតផងដែរ ដែលគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥៕
 
 

Tag:
 សាលរបាំ
  ប្រាសាទតាព្រហ្ម
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com