ជាតិ
លោក ទៀ សីហា ប្រាប់ពីមូលហេតុដែលយកដើមប្រង់មកដាំតាមសួនក្នុងក្រុង
23, Apr 2022 , 7:39 pm        
រូបភាព
សៀមរាប៖ ដើមប្រង់រាប់សិបដើម ត្រូវបានដាំលម្អតាមទ្រូងផ្លូវជាតិលេខ៦ កណ្ដាលក្រុងសៀមរាប ។ តាមពិតទៅ ដើមរុក្ខជាតិនេះ គេកម្រឃើញមានដុះ ឬដាំតាមដងផ្លូវណាស់ ភាគច្រើនដើមនេះ មានដុះច្រើននៅតំបន់ព្រៃភ្នំតែប៉ុណ្ណោះ។

 
ប្រង់ ជាឈ្មោះប្រទាលមួយប្រភេទ មានធាងរឹង​ ស្លឹករឹងល្អិត ហើយមើមមានជាតិពុល និងជារុក្ខជាតិដាំលម្អនៅតាមតំបន់ក្ដៅ ដែលមានកម្ពស់រហូតដល់៤ម៉ែត្រ។ នេះបើតាមសំណេររបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។
 

តើហេតុអ្វីបានជារដ្ឋបាលខេត្តសៀមរាប យកដាំប្រង់នេះ មកដាំលម្អតាមសួនកណ្ដាលផ្លូវជាតិលេខ៦យ៉ាងដូច្នេះ? អភិបាលខេត្តសៀមរាប លោក ទៀ សីហា ពន្យល់យ៉ាងដូច្នេះថា៖« ដើមប្រង់មានសម្រស់ប្លែកពីគេ វាស្រដៀងដើមដូងផង ស្រដៀងដើមលម្ម៉ើផង ហើយណាមួយជាដើមឈើក្នុងព្រៃរបស់ខ្មែរយើងសុទ្ធសាធតែម្ដង ដែលមានដុះនៅតាមតំបន់ដូចជា នៅខេត្តបន្ទាយមានជ័យ កំពង់ស្ពឺជាដើម ហើយដើមឈើនេះ ជាដើមបុរាណមួយដែលដុះនៅប្រទេសកម្ពុជាយើងជាយូរលុងណាស់មកហើយ។ ចឹងហើយខ្ញុំគិតថា ក្រុងបុរាណរបស់យើង ដែលឥឡូវនេះស្ថាបនាផ្លូវ៣៨ខ្សែ មានភាពល្អ ហើយក៏មានភាព Modern ចឹងហើយជាគំនិតរបស់ខ្ញុំ ក៏ដូចជាក្រុមការងារ គឺចង់រក្សាភាពចាស់បុរាណរបស់យើងនៅក្នុងក្រុងសៀមរាប ជាពិសេសនៅតាមដងផ្លូវថ្មីៗតែម្ដង»។
 
តាមការបញ្ជាក់ពីលោកអភិបាលខេត្ត បច្ចុប្បន្ននេះ ក្រុមការងារបានរៀបចំដាំដើមប្រង់នេះ បានជិត៤០០ដើម ហើយនឹងបន្តដាំបន្ថែមទៀតតាមសួនច្បារក្នុងក្រុងសៀមរាប៕
 




 
 
 
 

Tag:
 ដើមប្រង់
  ទៀ សីហា
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com