ជាតិ
រដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំសហគមន៍អុំទូកទេសចរណ៍លើស្ទឹងសៀមរាប
24, Apr 2022 , 7:59 am        
រូបភាព
ទូកទេសចរណ៍, ចុងឃ្នៀស, ស្ទឹងសៀមរាប
ទូកទេសចរណ៍, ចុងឃ្នៀស, ស្ទឹងសៀមរាប
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កំពុងគិតគូររៀបចំឱ្យមានសហគមន៍ទេសចរណ៍អុំទូកលើស្ទឹងសៀមរាប ដើម្បីជាកញ្ចប់ទេសចរណ៍មួយថ្មីបន្ថែមទៀត នៅក្នុងក្រុងទេសចរណ៍មួយនេះ។

 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា រដ្ឋបាលខេត្ត ពិតជាកំពុងគិតគូរ ក្នុងការរៀបចំឱ្យមានការអុំទូកខ្នាតតូច តាមស្ទឹងសៀមរាប ហើយថាការងារនេះ ក៏មានការឯកភាពពីថ្នាក់លើផងដែរ។ ថ្នាក់លើទាំងនោះ មានសម្ដេច ទៀ បាញ់ ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ហើយថ្មីៗនេះ ក្នុងឱកាសសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ សម្ដេច ហ៊ុន សែន ក៏លើកទឹកចិត្តឱ្យមានផងដែរ។ 
 
លោកអភិបាលខេត្តមានប្រសាសន៍ថា៖« ខ្ញុំគិតថា ជាការល្អមួយដែលសម្ដេចលោកបានអនុញ្ញាតក្នុងកិច្ចការងារនេះ ដូចជាការជួយទៅដល់សហគមន៍ចុងឃ្នៀស ឬមួយសហគមន៍នេសាទផ្សេងៗ នៅពេលទំនេរក្នុងការនេសាទ គាត់ក៏អាចមករកប្រាក់ចំណូលបន្ដិចបន្ដួចនៅតាមដងស្ទឹងសៀមរាបរបស់យើង។ ... រដ្ឋបាលបានស្នើសុំទៅសម្ដេចពិជ័យសេនាដែរ ចឹងហើយ បើយើងរៀបចំដូចកំពង់ផែដែលយើងបានរៀបចំនេះ ឱ្យមានភាពល្អប្រសើររឹងមាំ យើងអាចទុកជាថ្ងៃសៅរ៍អាទិត្យ អាចមានការសាកល្បងអុំទូកលេងកម្សាន្តតាមបែបខ្មែរបុរាណយើងផងដែរនៅតាមដងស្ទឹងរបស់យើង។ យើងនឹងរៀបចំឱ្យបានល្អប្រសើរជាងនេះបន្ដិច ព្រោះឥឡូងស្ទឹងសៀមរាបយើងក៏មានសោភ័ណភាព ទឹកក៏មិនកខ្វក់ដូចមុន»។
 
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅ រដ្ឋបាលខេត្ត ដោយមានកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំឱ្យមានទូកអុំខ្នាតតូចលើស្ទឹងសៀមរាប ដោយទាក់ទាញទេសចរគួរឱ្យកត់សម្គាល់។ ទូកទាំងនោះ នាំមកពីសហគមន៍ចុងឃ្នៀស ដែលមានចំនួនប្រមាណ ៩០ទូក។  
 
អំឡុងពេលចុះពិនិត្យការរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឬមុនមួយថ្ងៃនៃពិធីសម្ពោធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នាថ្ងៃទី៣ ខែមេសា សម្ដេច ហ៊ុន សែន បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រ ចំពោះការរៀបចំទូកអុំនេះ។ សម្ដេចមានប្រសាសន៍ថា សហគមន៍នឹងរកចំណូលបន្ថែម តាមរយៈវិស័យមួយនេះ ហើយក៏ជាការទាក់ទាញទេសចរមួយកម្រិតទៀត ដែរ៕
 
 
 
 
 
 
 

Tag:
 ទូកទេសចរណ៍
  ចុងឃ្នៀស
  ស្ទឹងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com