ជាតិ
កូនឈើជាង ២ម៉ឺនដើម ត្រូវបានដាំស្ដារឡើងវិញលើផ្ទៃដីជម្រកត្រី នៅកំពង់ឆ្នាំង
26, Apr 2022 , 5:09 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង
រូបភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានយកកូនឈើព្រៃលិចទឹកចំនួន ២៤០០០ដើម ទៅដាំលើផ្ទៃដីជម្រកត្រី នៅភូមិសាស្រ្តតំបន់៣ ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូកស្រុកកំពង់លែង។ ការចុះដាំកូនឈើលើផ្ទៃដីជម្រកត្រីនេះ ក្រោយរដ្ឋាភិបាលដកហូតផ្ទៃដីព្រៃលិចទឹកមកជាសម្បត្តិរដ្ឋវិញ។



ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមទាំងប្រជាពលរដ្ឋ បានចុះដាំកូនឈើ នៅក្នុងភូមិសាស្រ្តតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមេសា។ កូនឈើដែលដាំស្ដារព្រៃលិចទឹកឡើងវិញនេះ មានចំនួន ២៤០០០ដើម ជាប្រភេទ ឫស្សីស្រុក, ឫស្សីពីងពង់, ឫស្សីផ្អែម, ដើមរាំងទឹក, រំដេញ និងដើមសន្តាន់ ដោយដាំលើផ្ទៃដីជាង៨០ហិចតា នៅតំបន់រិចរិល។
  

រូបភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង

លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លើកឡើងថា បន្ទាប់ពីដកហូតដីពីក្រុមជនខិលខូច អាជ្ញាធរខេត្តបានសហការជាមួយក្រសួងនានា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តែងយកកូនឈើព្រៃលិចទឹកចម្រុះគ្រប់ប្រភេទមកដាំស្ដារឡើងវិញនៅតំបន់៣ នៃភូមិសាស្រ្តស្រុកកំពង់លែង។ អភិបាលរងខេត្តរូបនេះ អះអាងថា បេសកកម្មនេះ បានធ្វើឡើងជាបន្តបន្ទាប់ និងការពារដាច់ខាតមិនឱ្យមានការទន្ទ្រានព្រៃលិចទឹកនេះសារជាថ្មីទៀតនោះទេ។ 
 
នាពិធីដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញ លោក សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់កាន់តែច្បាស់អំពី សារ:ប្រយោជន៍នៃព្រៃលិចទឹក។ ជាមួយគ្នានេះ ជំរុញពលរដ្ឋឱ្យចូលរួមថែរក្សា និងការពារធនធានធម្មជាតិក្នុងតំបន់នេះ។
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលរដ្ឋជាង ១៤ ០០០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ក្នុងទំហំជាង ៦ម៉ឺនហិកតា និងបានដាំកូនឈើព្រៃលិចទឹកជាបន្តបន្ទាប់ផងដែរ៕  

រូបភាពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង

អត្ថបទទាក់ទង
 
 

Tag:
 ព្រៃលិចទឹក
© រក្សាសិទ្ធិដោយ thmeythmey.com