ជាតិ
គម្រោងជួសជុលរួតបាកាណ នឹងបញ្ចប់នៅខែមេសានេះ
29, Apr 2022 , 6:59 pm        
រូបភាព
លោក ឃាម មុនី ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីពេលថ្មីៗនេះ ។
លោក ឃាម មុនី ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីពេលថ្មីៗនេះ ។
សៀមរាប៖ គម្រោងជួសជុលរួតបាកាណ ដែលជាទីខ្ពស់ជាងគេនៅប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៩០ភាគរយហើយ ដោយគ្រោងរួចរាល់ជាស្ថាពរ នៅចុងខែមេសានេះ។

 
អ្នកគ្រប់គ្រងការដ្ឋានជួសជុល លោក ឃាម មុនី ប្រាប់សារព័ត៌មានថ្មីៗថា គម្រោងជួសជុលរួតបាកាណជ្រុងនិរតី និងពាយ័ព្យ សម្រេចបាន៩០ភាគរយហើយ ក្រោយចាប់ផ្តើមដំណើរការជួសជុល ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ ក្រុមការងារខិតខំជួសជុល ដោយមិនសម្រាកឡើយ គឺធ្វើការមិនមានសៅរ៍អាទិត្យ ដោយធ្វើយ៉ាងណា ឱ្យគម្រោងជួសជុលនេះ សម្រេចតាមផែនការដែលគ្រោង។
 
តាមការបញ្ជាក់ពី លោក ឃាម មុនី ការងារបច្ចុប្បន្ននេះ នៅសល់តែផ្នែកតូចៗប៉ុណ្ណោះ ដូចជាផ្នែកចម្លាក់ជាដើម។ លោកបន្តថា ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីចុងខែមីនា កន្លងទៅ​ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការនេះ បានផ្តល់អនុសាសន៍នៅផ្នែកចម្លាក់ គឺមិនឱ្យឆ្លាក់ច្បាស់ៗពេកទេ គឺឱ្យព្រាលៗ ស្រដៀងចម្លាក់ចាស់ ដែលសេសសល់។ រីឯថ្មថ្មីដែលជំនួសវិញ ក្រុមអ្នកជំនាញការ ណែនាំឱ្យលាបពណ៌ ដើម្បីបន្ស៊ីគ្នាជាមួយថ្មចាស់ផងដែរ។
 


ការជួសជុលខឿនរួតបាកាណអង្គរវត្តនេះ ចាត់ទុកជាគម្រោងដ៏ធំមួយ និងជួបបញ្ហាប្រឈមខ្លាំង។ បញ្ហាប្រឈមរួមមាន ការជញ្ជូនថ្ម។ ទីតាំងដទៃ អាចប្រើគ្រឿងចក្រជញ្ជូនថ្មបាន តែរួតបាកាណនៅទីខ្ពស់ ដូច្នេះការដឹកជញ្ជូនថ្ម ក៏ដូចជាសម្ភារដៃ គឺត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។ 
 
ស្ថានភាពរួតបាកាណមុនជួសជុល មានសភាពទ្រុឌទ្រោមខ្លាំង ខណៈដែលថ្មបានរំកិល ងាក ពុកផុយតាមអាយុកាល។ លោក ឃាម មុនី បញ្ជាក់ថា បញ្ហាប្រឈមនៃប្រាសាទនេះរួមមាន កត្តាអាយុកាលនៃថ្ម ការបោះបង់ចោលដោយពុំមានអ្នកថែរក្សា កត្តាធម្មជាតិដោយមានរុក្ខជាតិដុះតាមថ្មប្រាសាទ កត្តាសង្រ្គាម កត្តាមនុស្ស។ល។
 
តាមការបញ្ជាក់ពីក្រុមអ្នកជំនាញ បន្ទាប់ពីបញ្ចប់ការជួសជុលជ្រុងនិរតី និងពាយ័ព្យ ហើយនោះ នឹងបន្តជួសជុលនៅជ្រុងអាគ្នេយ៍ និងឦសាន ដែលគម្រោងនេះគ្រោងអនុវត្តនៅឆ្នាំ ២០២៣-២០២៤៕
 

Tag:
 រួតបាកាណ
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com