អត្ថបទពាណិជ្ជកម្ម
មូលនិធិកូកា-កូឡា គាំទ្រ មូលនិធិ Planet Water នាំយកទឹកស្អាតជូនសិស្សានុសិស្ស និងពលរដ្ឋនៅខេត្តប៉ៃលិន
× កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដំឡើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៣៦ នៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណ ដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកល របស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers និង ម៉ាស៊ីនអនាម័យ AquaSan ទាំងនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាត សម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទកភាពដែលការឧបត្ថម្ភគាំទ្ររបស់យើង ដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសា ប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃ សម្រាប់ប្រជាសហគមន៍។ គម្រោងនេះ នឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ»។
បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀត ដែលធំជាង ០,០១មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍ នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦ មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៥ និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋជាង ៥៥ ០០០នាក់ ក្នុងខេត្តចំនួន ១៩ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបាន ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទ នូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃ ត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យ សំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗ មានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយ អមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
គម្រោងនេះក៏មានកម្មវិធីអប់រំអនាម័យ ដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះ ត្រូវបានរៀបចំឡើងក្នុងបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយា ចំពោះសុខភាពទឹក និងអនាម័យ។
ថ្លែងក្នុងពិធីសម្ពោធ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ «ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមកោតសរសើរនូវការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការជួយជ្រោមជ្រែង ផ្គត់ផ្គង់ដល់សុខុមាលភាពទូទៅ ជាពិសេស បានផ្តល់ជូននូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ដល់វិទ្យាល័យពេលនេះ។ សុំឱ្យលោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យកចិត្តទុកដាក់ថែទាំថា ជារបស់ខ្លួនយើង ទាំងអស់គ្នា និងប្រើប្រាស់ប្រកបដោយនិរន្តភាព យូរអង្វែង»។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ»។ លោកបន្ថែមថា៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាត ទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិត សម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះ ពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។
សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹក នៅក្នុងបណ្តាប្រទេសនានា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com