ជាតិ
លោក ហ៊ុន ណេង បងប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ
05, May 2022 , 7:14 pm        
រូបភាព
លោក ហ៊ុន ណេង បងប្រុស សម្តេច​ ហ៊ុន សែន
លោក ហ៊ុន ណេង បងប្រុស សម្តេច​ ហ៊ុន សែន
លោក ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍BTV ដោយបញ្ជាក់ថា លោកទទួលមរណភាពដោយសារជំងឺបេះដូង។



សារព័ត៌មានថ្មីៗ(ThmeyThmey) បានទាក់ទងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា សុទ្ធតែអះអាងដូចគ្នាថា លោក មិនទាន់ទទួលបានព័ត៌មាននេះទេ ដោយកំពុងតាមដានលើ​ករណីនេះ។

តែបើយោងតាមដំណឹងមរណភាពដែលចែករំលែក​ដោយទូរទស្សន៍ BTV លោក ហ៊ុន ណេង បានទទួលមរណភាព​កាលពី​វេលាម៉ោង​ ៦ និង២៥នាទី ល្ងាច​ថ្ងៃទី៥ ខែឧសភា ដោយសារ​ជំងឺគាំងបេះដូង។

សព​របស់​លោក តម្កល់ធ្វើបុណ្យ​នៅគេហដ្ឋាន​ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនឹង​ត្រូវ​ដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នា​ថ្ងៃទី៩ ខែ​ឧសភា។

ដោយឡែកលោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនប្រុសស្រីរបស់សម្ដេច ហ៊ុន សែន និងត្រូវជាក្មួយ​របស់លោក ហ៊ុន ណេង ក៏បាន​ប្តូរ Profile គណនីហ្វេសប៊ុក​របស់ខ្លួន ដោយដាក់រូបពណ៌ខ្មៅ ដែលទំនងជាបង្ហាញពីអារម្មណ៍ក្រៀមក្រំ និងកាន់ទុក្ខផងដែរ នាយប់ថ្ងៃទី៥ ឧសភា នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com