អត្ថបទពាណិជ្ជកម្ម
ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បើកកិច្ចប្រជុំ​លើកទី១១ ដើម្បីពិ​ភា​ក្សាពីយុទ្ធសាស្រ្តថ្មីៗរបស់សហគ្រិនខ្មែរស្របនឹងបរិបទសង្គម
06, May 2022 , 10:19 am        
រូបភាព
នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១១” នៅសហគ្រិនខ្មែរ។
 
ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យនិងវាយតម្លៃខ្ពស់ លើវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរ សហគ្រិនខ្មែរ បានបង្ហាញពីគ្រោងការថ្មីៗជាយុទ្ធសាស្រ្ត សម្រាប់ការអនុវត្តក្នុងបរិបទ នៃការបើកទូលាយក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាផ្តើមប្រតិបត្តិការឡើងវិញ ទៅលើកម្មវិធីមួយចំនួន ដែលបានទទួលការប្រឈម និងបង្អាក់ ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិ។ សហគ្រិនខ្មែរ បានគូសបញ្ជាក់អំពីគម្រោងការងារ ដែលស្របនឹងគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដើម្បីជំរុញវិស័យសហគ្រិនភាពនៅកម្ពុ​ជា ឲ្យដំណើរការកាន់តែរលូន ដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ សេវាកម្ម កសិកម្ម បច្ចេកវិទ្យា និងកម្មន្តសាល។
 


ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាបរធនបាល ក៏បានផ្ដល់អនុសាសន៍មកសហគ្រិនខ្មែរ ដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំ  ២០២២ ដែលរួមបញ្ចូលការបន្ដពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ការជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្ម និងបន្ដលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជា ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស។
 
ជាចុងក្រោយ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណ សមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ ដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារ ទទួលបានវឌ្ឍនភាពល្អប្រសើរក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព៕






 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com