អន្តរជាតិ
អង្គការលើកលែងទោសអន្តរជាតិ ថាខ្លួនរកឃើញព័ស្តុតាងដែលទាហានរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម
07, May 2022 , 5:59 pm        
រូបភាព
រូបភាព៖ CBC News
រូបភាព៖ CBC News
ដោយ:
អង្គការលើកលែងទោសអន្តរជាតិ នៅថ្ងៃទី ៦ ឧសភា បានបញ្ជាក់ថា ខ្លួនប្រមូលបានព័ស្តុតាងដែលបង្ហាញពីទាហានរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ក្នុងអំឡុងពេលមានវត្តមាននៅតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែនក្នុងខែកុម្ភៈ និងខែមីនា។ ព័ស្តុតាងទាំងនេះរួមមានការធ្វើទារុណកម្ម ការបាញ់ប្រហារ និងការកាត់ទោសប្រហារជីវិតជនស៊ីវិលក្រៅប្រព័ន្ធតុលាការ។

 
តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅចុងខែកុម្ភៈមក​ ក្រុមអ្នកសង្កេតមកពីអង្គការលើកលែងទោសអន្តរជាតិ កំពុងចងក្រងឯកសារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមនៅទីក្រុងចំនួន៨ របស់អ៊ុយក្រែន។ ទីក្រុងទាំងនោះរួមមានទីក្រុង Bucha និងBorodyanka ជាដើម ដែលអាជ្ញាធរអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានរកឃើញសាកសពជនស៊ីវិលយ៉ាងតិច៤០០នាក់ដែលត្រូវបានចង ហើយសម្លាប់ ក៏ដូចជាផ្នូរកប់សាកសពយ៉ាងច្រើនផងដែរ។ 
 
តាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស នៅពេលរុស្ស៊ីគ្រប់គ្រងតំបន់ក្រៅទីក្រុងកៀវក្នុងខែកុម្ភៈ និងមីនា កងទ័ពរុស្ស៊ីបានបាញ់ប្រហារ ធ្វើទារុណកម្ម និងកាត់ទោសប្រហារជីវិតជនស៊ីវិលក្រៅប្រព័ន្ធតុលាការយ៉ាងច្រើន។ 
 
«ទាំងនេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានោះទេ។ ទាំងនេះគឺជាផ្នែកមួយ ដែលកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃោ...»។ លោកស្រី Donatella Rovera ទីប្រឹក្សា​ជាន់​ខ្ពស់ដើម្បី​ឆ្លើយតបទៅនឹង​វិបត្តិរបស់អង្គការលើកលែងសិទ្ធិមនុស្ស បានប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុងកៀវបែបនេះ នៅថ្ងៃទី៦ ខែឧសភា។
 
បន្ថែមពីនេះ លោកស្រី Rovera បន្តថា ទិន្នន័យដែលប្រមូលបាននេះសង្ឃឹមថាអាចយកទៅប្រើដើម្បីឱ្យជនល្មើសទទួលខុសត្រូវ បើទោះជាមិនមែនថ្ងៃនេះក៏ដោយ ប៉ុន្តែនៅថ្ងៃណាមួយនៅពេលខាងមុខ។ 
 
ពាក់ព័ន្ធនឹងរឿងនេះ អង្គការអន្តរជាតិមួយនេះ បានបង្ហាញថា ខ្លួនបានចងក្រងឯកសារចំនួន២២ ករណីនៃការសម្លាប់ខុសច្បាប់ដោយកងកម្លាំងរុស្ស៊ី ដែលភាគច្រើនជាការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅទីក្រុង Bucha និងតំបន់ក្បែរនោះ។ លើសពីនេះ បើតាមរបាយការណ៍របស់អង្គការលើកលែងទោស ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតំបន់ Borodyanka ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤០ នាក់ គឺជាឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្តែងដែលប្រព្រឹត្តដោយមិនរើសមុខ និងមិនស្មើភាពទាល់តែសោះ។
 
ស្របគ្នានេះ អាជ្ញាធរ​អ៊ុយក្រែន និងតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក៏​កំពុងស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាចត្រូវបានប្រព្រឹត្តដោយទាហានរុស្ស៊ីនៅអ៊ុយក្រែន​ផងដែរ៕
 

Tag:
 អ៊ុយក្រែន
 ​ រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com