កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea បានម្ចាស់ថ្មី ខណៈប្រាក់បង្កករបស់Abramovich នៅក្លិប១០០ភាគរយផ្តល់ឱ្យសប្បុរសធម៌
07, May 2022 , 7:39 pm        
រូបភាព
ក្លិប Chelsea ថ្ងៃទី៧ ខែឧសភា រកបានម្ចាស់ថ្មីជាសម្ព័ន្ធភាព ដែលដឹកនាំដោយលោក Todd Boehly មហាសេដ្ឋីអាម៉េរិក រួមដៃជាមួយ Clearlake Capital មហាសេដ្ឋីស្វីសលោក Hansjoerg Wyss និងអ្នកវិនិយោគអចលនទ្រព្យអង់គ្លេស លោក Mark Walter ក្នុងតម្លៃ ៥,២ពាន់លានដុល្លារ។ ឯប្រាក់បង្កករបស់លោក Roman Abramovich សម្រាប់ក្លិបត្រូវផ្តល់ជួនទៅឱ្យសប្បុរសធម៌ ១០០ភាគរយ។

 
សម្ព័ន្ធភាពដឹកនាំដោយលោក Todd Boehly បានទទួលការពេញចិត្តពីការដេញថ្លៃ ដែលគ្រប់គ្រង ដោយក្រុមហ៊ុនវិនិយោគ Raine ដែលទទួលបន្ទុកទិញនឹងលក់ក្លិប នៃភាគខាងលិចទីក្រុងឡុដ៍ បើទោះមានការដេញថ្លៃនូវតម្លៃថ្លៃជាង ពីសំណាក់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ក្តី។
 
ក្រោយទទួលរកឃើញម្ចាស់ថ្មី ក្លិប Chelsea បានប្រកាសថាប្រាក់ចំនួនជាង ២,១៦ពាន់លានដុល្លារ នឹងត្រូវវិនិយោគសម្រាប់ក្លិបទាំងមូលនាចុងខែឧសភា។ ចំណែកប្រាក់ប្រមាណជាង ៣,០៨ពាន់លានដុល្លារ ប្រើសម្រាប់ទិញភាគហ៊ុននៅក្នុងក្លិប ហើយត្រូវដាក់បញ្ចូលទៅក្នុងគណនីធនាគា UK Bank ដែលបានបង្កកប្រាក់របស់មហាសេដ្ឋីរុស្ស៊ី។
 
មិនត្រឹមតែប៉ុណ្ណោះក្នុងសេចក្តីប្រកាសរបស់ក្លិបក៏បានបញ្ជាក់បន្ថែមថា ប្រាក់របស់លោក Abramovich ដែលត្រូវបានបង្កកទាំងនោះ នឹងត្រូវផ្តល់ជួនសប្បុរសធម៌ ដើម្បីជួយជនរងគ្រោះនៃសង្គ្រាមរុស្ស៊ីអ៊ុយក្រែន។
 
«រដ្ឋាភិបាលអង់គ្លេសបានសម្រេចយល់ព្រមក្នុងការផ្ទេរប្រាក់ចូលក្នុងគណនីដែលបានបង្កកនៅធនាគារ UK Bank។ ក្នុងនោះប្រាក់ ២,១៦ពាន់លានដុល្លារនឹងត្រូវចំណាយសម្រាប់ផ្គត់ផ្គង់ក្លិបទាំងមូល រួមមានវិនិយោគលើកីឡដ្ឋាន ក្រុមបាល់ទាត់នារី ក្រុមយុវជន និងមូលនិធិក្លិប Chelsea។»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយដោយក្លិប Chelsea។
 
យ៉ាងណាមិញ ក្លិបយក្សរបស់អង់គ្លេសមួយនេះ ក៏បានអះអាងបន្ថែមថា ការបញ្ចប់ការលក់នេះនឹងរំពឹងរួចរាល់នាចុងខែឧសភា ទៅតាមអនុលោមនៃបទប្បញ្ញត្តិ ហើយព័ត៌មានផ្សេងៗពីការលក់នឹងត្រូវផ្តល់ជូននៅពេលបន្ទាប់៕
 

Tag:
 Chelsea
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com