អន្តរជាតិ
ប្រជាជន៤៧លាននាក់ កំពុងស្ថិតនៅមាត់ច្រកនៃគ្រោះអត់ឃ្លាន ក្រោយ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
07, May 2022 , 9:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា ប្រជាជនពិភពលោកប្រមាណ ៤៧លាន​នាក់ នៅ ៨១ប្រទេស កំពុងស្ថិតនៅមាត់ទ្វារនៃគ្រោះអត់ឃ្លាន។ បញ្ហាខ្វះស្បៀងអាហារ​កាន់តែមានសភាពធ្ងន់ធ្ងរឡើង នៅពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកើតឡើង ក៏ព្រោះប្រទេសពីរនេះ មានឥទ្ធិពលខ្លាំងផ្នែកស្បៀងអាហារ។ ដើម្បីដោះស្រាយបញ្ហានេះ កម្មវិធីស្បៀងអាហារពិភពលោក បាន​​ផ្តល់ជំនួយមនុស្សធម៌ផ្សេងៗ និងបានណែនាំឱ្យប្រជាជនដាំដំណាំ ចិញ្ចឹមសត្វ​សម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ។

 
កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) បានបញ្ជាក់ថា ពិភពលោក​កំពុងប្រឈម​នឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ប្រជាជន ៤៧​លាននាក់ ក្នុងប្រទេស​ចំនួន ៨១ដែល កំពុងឈរនៅមាត់ច្រកនៃគ្រោះអត់ឃ្លាន។ នេះជាតួរលេខបន្ថែម​ថ្មី នៅពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសុទ្ធតែជាប្រទេសនាំចេញស្បៀងអាហារយ៉ាង​ច្រើនទៅបណ្តាប្រទេសក្នុងពិភពលោក ផ្ទុះឡើង។ ការណ៍នេះបានធ្វើឱ្យការផ្គត់ផ្គង់អាហារមានភាព​យឺតយ៉ាវ ខណៈតម្លៃអាហារ បានហក់ឡើងខ្លាំង។ 
 
ការពិត នៅមុន​ពេលរីករាលដាលជំងឺកូវីដ-១៩ អត្រាប្រជាជនដែលជួបបញ្ហាខ្វះស្បៀង​អាហារមានចំនួនត្រឹម១៣៥លាននាក់ប៉ុណ្ណោះ តែវាបានកើនឡើងទ្វេដង ដល់ទៅ ២៧៦​លាននាក់។ ឥឡូវនេះ អត្រាអ្នកគ្មានអាហារបរិភោគអាចនឹងកើនឡើន ៤៧លាននាក់​បន្ថែមទៀត បន្ទាប់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនកើតឡើង។ 
 
ជម្លោះគឺជាដើមហេតុដ៏ធំដែលនាំឱ្យពិភពលោកខិតទៅរកគ្រោះ​អត់ឃ្លាន។ ប្រមាណ ៦០ភាគរយនៃអ្នករងគ្រោះដោយសារភាពអត់ឃ្លាននៅទូទាំងពិភពលោកសុទ្ធតែរស់នៅក្នុង​តំបន់រងគ្រោះដោយសង្គ្រាម និងមានជម្លោះ។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យ​ប្រជាជនក្នុងស្រុក និងក្រៅស្រុកខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។ ប្រជាជនក្នុងស្រុកត្រូវ​បាត់បង់ប្រាក់ចំណូល ហើយ​ត្រូវ​ភៀសខ្លួនចេញពីផ្ទះសម្បែង។ 
 
ចំណែកប្រជាជនក្រៅស្រុក ក៏ជួបបញ្ហាដែរ ព្រោះប្រទេសកំពុងមានសង្គ្រាមមិនអាចផលិតស្បៀងអាហារបានច្រើន​សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងពិភពលោកទេ។ ដោយមានផលិតផលតិច វាបានធ្វើឱ្យតម្លៃកើនឡើងខ្ពស់​ទៅតាមតម្រូវការ។
 
មិនត្រឹមតែកត្តាសង្គ្រាម និងការរីករាលដាលជំងឺកូវីដ-១៩ ឡើយ ដែលនាំឱ្យពិភពលោក​ធ្លាក់ក្នុងគ្រោះអត់ឃ្លាន វាមានកត្តារួមផ្សំមួយទៀតគឺការប្រែប្រួលអាកាសធាតុយ៉ាងឆាប់​រហ័ស ដែលបង្កការខូចខាតដំណាំ និងជីវចម្រុះផ្សេងៗ។ បញ្ហាអាកាសធាតុបានធ្វើឱ្យ​ប្រជាជនប្រហែល ៣០លាននាក់ខ្វះខាត​ស្បៀងអាហារ។ 
 
គួរបញ្ជាក់ថា បណ្ដាប្រទេសអ្នកក្រ គឺជាអ្នកប្រឈមនឹងគ្រោះអត់ឃ្លានខ្លាំងបំផុត ដូចជា​យេម៉ែន ស៊ីរី លីបង់ ស៊ូដង់ និងអេត្យូពីជាដើម។ ដើម្បីដោះស្រាយបញ្ហាកង្វះអាហារ WFP បាន​រៀបចំគម្រោងចំនួន១១៧ នៅតាមតំបន់ប្រឈមហានិភ័យគ្រោះអត់ឃ្លាន។ នៅអាហ្រ្វិក គេបានរៀបចំគម្រោងគាំទ្រសន្តិសុខស្បៀងអាហារដោយការដាំដើមឈើ ស្ដារគុណភាពដី​សម្រាប់ដាំដំណាំ ខណៈនៅស៊ូដង់ គេបានបណ្ដុះបណ្ដាលប្រជាជនក្នុង​តំបន់ឱ្យចេះចិញ្ចឹម​សត្វ។ ស្របគ្នានេះ ជំនួយមនុស្សធម៌ក៏ត្រូវបានផ្តល់ជូនដែរដើម្បីដោះ​ស្រាយបញ្ហាបន្ទាន់ចំពោះមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com