អន្តរជាតិ
ការសិក្សា៖ ការកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្ត មិនត្រូវការលំហាត់​ប្រាណច្រើន​ឡើយ
08, May 2022 , 9:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការសិក្សាថ្មីមួយ បានរកឃើញថា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត គ្រប់គ្នាត្រូវ​ការធ្វើលំហាត់ប្រាណតិចតួចប៉ុណ្ណោះ។ ការធ្វើលំហាត់ប្រាណតិចតួចនោះ រួមមានដូចជា​ការដើរឱ្យញាប់រយៈពេល ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍ ឬការរត់រយៈពេល ១ម៉ោងនិង១៥​នាទីក្នុង​មួយសប្ដាហ៍ រួមនិងការធ្វើចលនាសាច់ដុំបន្ថែម។ តាមការសិក្សា អ្នកដែលបានដើរ​ហាត់ប្រាណ​រយៈពេល ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍បានកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹក​ចិត្ត​ប្រមាណ ២៥ភាគរយ។

 
ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ច្រើន និងមានប្រសិទ្ធភាពណាស់សម្រាប់ដោះ​ស្រាយបញ្ហាសុខភាព។ ការធ្វើឱ្យរាងកាយមានចលនាមានសារៈសំខាន់ណាស់ចំពោះជំងឺផ្លូវ​កាយ និងផ្លូវចិត្ត។ ការសិក្សាថ្មីមួយ ដែលចុះផ្សាយលើទិនានុប្បវត្តិ JAMA Psychiatry បានបង្ហាញ​ថា ការហាត់ប្រាណបន្តិចបន្តួចប៉ុណ្ណោះ គឺមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិ​ភ័យនៃជំងឺបាក់ទឹកចិត្តបានហើយ។ អ្នកជំនាញបានណែនាំឱ្យមនុស្សហាត់ប្រាណកម្រិត​មធ្យម​ដោយការដើរក្នុងល្បឿនលឿន (ញាប់) ឱ្យបាន ២ម៉ោងកន្លះក្នុងមួយ​សប្ដាហ៍ រួមជា​មួយការ​ធ្វើចលនាសាច់ដុំផ្សេងៗឱ្យបាន២ដងក្នុងមួយ​សប្ដាហ៍។ 
 
ម៉្យាងវិញទៀត មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិកក៏បានណែនាំឱ្យជ្រើសយកចលនា​រាងកាយខ្លាំងៗដូចជាការរត់ផងដែរ។ ប្រសិនបើមនុស្សជ្រើសរើសការរត់ជាសកម្មភាពហាត់​ប្រាណ នោះវាត្រូវការត្រឹមរយៈពេល ១ម៉ោងនិង ១៥នាទីក្នុងមួយសប្ដាហ៍ប៉ុណ្ណោះរួមជាមួយ​ការធ្វើចលនាសាច់ដុំឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដូចការដើរដែរ។
 
យ៉ាងណាមិញ លទ្ធផលនៃការសិក្សាបានបង្ហាញខុសគ្នាទៅតាមកម្រិតនៃការធ្វើសកម្មភាព​រាងកាយ។ មនុស្សពេញវ័យដែលបានដើរហាត់ប្រាណ ១ម៉ោង ១៥នាទីក្នុងមួយសប្ដាហ៍អាច​កាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តបាន ១៨ភាគរយបើធៀបនឹងអ្នកដែលមិនបានហាត់​ប្រាណសោះ។ ចំណែក អ្នកដើរហាត់ប្រាណបាន ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍បានកាត់​បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត ២៥ភាគរយ។ 
 
ការធ្វើលំហាត់ប្រាណពីកម្រិតមធ្យមទៅកម្រិតខ្លាំង មានប្រយោជន៍ណាស់សម្រាប់សុខភាព​មនុស្ស ព្រោះវាជួយពង្រឹងការគេង បន្ថយសម្ពាធឈាម ការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ ពិសេស ការធ្វើលំហាត់ប្រាណបានជួយកាត់បន្ថយបញ្ហាស្ត្រេស និងទប់​ស្កាត់បញ្ហាថប់អារម្មណ៍ ដែលអាចឈានទៅរកជំងឺបាក់ទឹកចិត្ត។ 
 
កន្លងមកការសិក្សាជាច្រើនក៏បានធ្វើឡើងអំពីទំនាក់ទំនងរវាងការធ្វើលំហាត់ប្រាណនិងសុខភាពផ្លូវចិត្ត ហើយទទួលបានលទ្ធផលវិជ្ជមានស្រដៀងគ្នា។ ការសិក្សាក្នុងឆ្នាំ ២០១៨ បានរក​ឃើញថាអ្នកបានហាត់ប្រាណជួបប្រទះបញ្ហាផ្លូវចិត្តតិចជាងអ្នកមិនបាន​ហាត់ប្រាណ ៤៣ភាគរយ។ ចំណែកការសិក្សាមួយទៀតនាឆ្នាំ ២០២០ បានរកឃើញថា ការហាត់ប្រាណ​កម្រិតស្រាល អាចជួយការពារកុមារពីការវិវដ្តទៅរកជំងឺបាក់ទឹកចិត្ត។ បើកុមារហាត់ប្រាណ​រយៈពេលមួយម៉ោងរាល់ថ្ងៃនៅអាយុ ១២ឆ្នាំ នោះអាចកាត់បន្ថយហានិភ័យជំងឺ​បាក់ទឹកចិត្ត ១០ភាគរយនៅពេលកុមារមានអាយុ ១៨ឆ្នាំ។ 
 
សកម្មភាពដែលអាចចាត់ទុកជាការហាត់ប្រាណកម្រិតស្រាលរួមមាន ការជិះកង់ ការដើរ ក៏ដូចជាសកម្មភាពធ្វើកិច្ចការក្នុងផ្ទះ និងផ្ទះបាយ ការគូររូប ឬលេងតន្ត្រីជាដើម៕

Tag:
 សុខភាព
 ​ ជំងឺបាក់ទឹកចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com