អន្តរជាតិ
តៃវ៉ាន់សង្ឃឹមថា ពិភពលោកនឹងដាក់ទណ្ឌកម្មលើចិនដូចរុស្ស៊ីដែរ បើឈ្លានពានខ្លួន
08, May 2022 , 11:09 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu។ រូបភាព៖ AP
ដោយ:
តៃវ៉ាន់សង្ឃឹមថា ពិភពលោកនឹងដាក់ទណ្ឌកម្មលើចិនដូចបានដាក់លើរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែនដែរ ប្រសិនបើក្រុងប៉េកាំងឈ្លានពានខ្លួន។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu លើកឡើងបែបនេះ នៅថ្ងៃទី៧ ខែឧសភា។

 
តៃវ៉ាន់ដែលត្រូវបានចិនចាត់ទុកជាដែនដីមួយរបស់ខ្លួន បានចូលរួមជាមួយបណ្តាប្រទេសជាច្រើន ដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនដែរ។ ចំពោះស្ថានភាពដែលកំពុងកើតឡើងនៅអ៊ុយក្រែនបច្ចុប្បន្នត្រូវបានគេទាញមកប្រៀបធៀបទៅនឹងករណីតៃវ៉ាន់ ពីព្រោះចិនតាំងពីដើមមកប្រកាន់ជំហរថា តៃវ៉ាន់ជាខេត្តដែលខ្លួនបាត់បង់ទៅ ហើយបនុ្តដាក់សម្ពាធ និងគំរាមផ្នែកយោធាកុំឱ្យកោះនេះប្រកាសឯករាជ្យ។ ថ្វីបើយ៉ាងនេះក្តី ចិនបានច្រានចោលការប្រៀបធៀបស្ថានភាពខ្លួន ជាមួយជម្លោះនៅអ៊ុយក្រែន។
 
ថ្លែងប្រាប់កាន់អ្នកកាសែតនៅទីក្រុងតៃប៉ិ អំឡុងព្រឹត្តិការណ៍ប្រារព្ធទិវាអឺរ៉ុប (European Day) រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយថា វាសំខាន់ណាស់ដែលខ្លួនឈរជាមួយប្រទេសផ្សេងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី​ និងដាក់ទណ្ឌកម្មទាំងរុស្ស៊ី និងបេឡារុស។ ទន្ទឹមនេះ ប្រមុខការទូតតៃវ៉ាន់ ក៏បានជំរុញឱ្យពិភពលោកធ្វើដាក់ចិនបែបនេះដែរ ប្រសិនបើក្រុងប៉េកាំងហ៊ានធ្វើដូចក្រុងមូស្គូ មកលើក្រុងតៃប៉ិ។
 
«នៅថ្ងៃអនាគត ប្រសិនបើយើងត្រូវបានឈ្លានពាន ឬគំរាមដោយកម្លាំងយោធាចិន ប្រាកដណាស់ យើងសង្ឃឹមថា សហគមន៍អន្តរជាតិអាចយល់ ហើយគាំទ្រតៃវ៉ាន់ ព្រមទាំងដាក់ទណ្ឌកម្មចំពោះទង្វើឈ្លានពានប្រភេទនេះ»។ លោក Wu បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា តៃវ៉ាន់គាំទ្រសហគមន៍អន្តរជាតិ ហើយចាត់វិធានការដាក់ទណ្ឌកម្ម។
 
ដោយបារម្ភថាចិនអាចនឹងធ្វើសកម្មភាពមកលើខ្លួនស្រដៀងអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែននោះ តៃវ៉ាន់ កន្ងងមក បានបង្កើនការប្រុងប្រយ័ត្នការពារខ្លួន បើទោះជារដ្ឋាភិបាលក្រុងតៃប៉ិមិនបានរាយការណ៍ពីសញ្ញាដែលថាចិនអាចនឹងជិតវាយប្រហារក៏ដោយ។ 
 
ការដាក់ទណ្ឌកម្មលើក្រុងប៉េកាំង អាចនឹងស្មុគស្មាញ ដោយសារបណ្តាប្រទេសលោកខាងលិចរួមទាំងអាម៉េរិក មាន​ទំនាក់ទំនងការទូតផ្លូវការជាមួយក្រុងប៉េកាំង មិនមែនក្រុងតៃប៉ិឡើយ​ ខណៈអ៊ុយក្រែនជារដ្ឋឯករាជ្យដែលមានទំនាក់ការទូតផ្លូវការជាមួយប្រទេសទាំងនេះ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com