អន្តរជាតិ
ក្រុង Göttingen នៅអាល្លឺម៉ង់ អនុញ្ញាតឲ្យស្ត្រីអាចងូតទឹកអាងដោយដោះអាវដូចបុរសដែរ
08, May 2022 , 1:59 pm        
រូបភាព
ដោយ: ធីតា
ជាផ្នែកមួយ​នៃការពង្រឹងសមភាពផ្លូវភេទ ក្រុង Göttingen របស់អាល្លឺម៉ង់ កាលពីពេលថ្មីៗកន្លងមកនេះ បានសម្រេចអនុញ្ញាតឲ្យ​ស្ត្រី​មានសិទ្ធិដោះអាវពេលងូតក្នុងអាងដូចបុរសផងដែរ។ នេះបើយោងតាម​ការផ្សាយ​របស់ AFP។

 
ក្នុងសេចក្តីប្រកាសរបស់ខ្លួន អាជ្ញាធរក្រុង Göttingen បាន​បញ្ជាក់ថា ការអនុវត្តមានសុពលភាព​តែនៅចុងសប្តាហ៍ប៉ុណ្ណោះ ដោយ​ចាប់ពីថ្ងៃទី១ ខែឧសភា រហូត​ដល់​ចុងខែសីហា។ នេះជាការស្ទាបស្ទង់ ហើយ​ក៏ជាការអនុវត្តដំបូង​បំផុតនៅអាល្លឺម៉ង់ផងដែរ។
 
ជាមួយនឹងការសម្រេចនេះ ក្រុង Göttingen ទាក់ទាញឲ្យមាន​ការជជែកដេញដោលស្តីពី​ភាពស្មើគ្នា​រវាងភេទស្ត្រី និង​បុរស ជាពិសេសការបង្ហាញរាងកាយទទេនៅទីកម្សាន្តនានាក្នុងទឹក។ នៅអាល្លឺម៉ង់ ទីតាំងសូណាជាច្រើន ទទួលភ្ញៀវចម្រុះ ហើយភ្ញៀវ​ត្រូវបានតម្រូវឲ្យអាក្រាតកាយ  ក្រោមហេតុផលអនាម័យ។
 
ស្របជាមួយនឹង​ការរិះគន់ ពលរដ្ឋមូលដ្ឋានមួយចំនួន​ក៏ត្អូញត្អែរផងដែរ ចំពោះ​ការ​អនុញ្ញាតត្រឹមតែចុងសប្តាហ៍។ ទាក់ទ​ងនឹងករណីនេះ អាជ្ញាធរក្រុងបានបញ្ជាក់ថា មិនចង់ឲ្យប៉ះពាល់​ដល់​កម្ម​វិធីរៀនហែលទឹក​នៅ​តាមបណ្តា​សាលារៀននានា។ 
 
ជាមួយគ្នានេះ ម្ចាស់អាងហែលទឹកមួយកន្លែង អះអាងកាសែតក្នុងស្រុក​ពីការពិបាកសម្រាប់ភ្ញៀវ​ដែល​មាន​វប្បធម៌​ផ្សេងៗគ្នា ជាពិសេស​អ្នកដែលមិន​ចូលចិត្ត ឬមានអារម្មណ៍មិនល្អ នៅពេលងូតជាមួយស្ត្រីដែលដោះអាវ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com