អន្តរជាតិ
ប្រធានសភាជាន់ទាបរុស្ស៊ី ចោទអាម៉េរិកលូកដៃចូលជម្លោះនៅអ៊ុយក្រែនដោយផ្ទាល់
08, May 2022 , 3:05 pm        
រូបភាព
ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin ។ រូបភាព៖ AFP
ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin ។ រូបភាព៖ AFP
ដោយ:
ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin នៅថ្ងៃទី៧ ខែមេសា បានចោទក្រុងវ៉ាស៊ីនតោនពីការជួយសម្របសម្រួលប្រតិបត្តិការយោធាអ៊ុយក្រែន ទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ បើតាមលោក Volodin ទង្វើនេះ ស្មើនឹងអាម៉េរិកចូលពាក់ព័ន្ធក្នុងសកម្មភាពយោធាប្រឆាំងនឹងរុស្ស៊ីដោយផ្ទាល់។

 
តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក  អាម៉េរិក និងសម្ព័ន្ធមិត្ត បានផ្គត់ផ្គង់អាវុធធន់ធ្ងន់ជាបន្តបន្ទាប់ឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី។  ប៉ុន្តែ អាម៉េរិក និងសម្ព័ន្ធមិត្តណាតូបានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិនចូលរួមក្នុងការប្រយុទ្ធដោយផ្ទាល់ទេ ដើម្បីចៀសវាងការក្លាយជាភាគីជម្លោះ និងបង្ការសង្រ្គាមលោកលើកទី៣។ ទោះជាយ៉ាងណា ក្រុងមូស្គូបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាលូកដៃចូលជម្លោះដោយផ្ទាល់។
 
«ក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួល និងអភិវឌ្ឍប្រតិបត្តិការយោធាយ៉ាងសំខាន់ ដោយហេតុនេះ(អាម៉េរិក) ចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពយោធាប្រឆាំងនឹងប្រទេសយើង»។ ប្រធានសភាជាន់ទាបរុស្ស៊ី លោកVyacheslav Volodin សរសេរបែបនេះនៅថ្ងៃទី៧ ខែឧសភានៅលើបណ្តាញសង្គម Telegram ។ 
 
ការលើកឡើងរបស់លោក Volodin រឹតតែបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងជុំវិញជំហររបស់អាម៉េរិកនៅក្នុងវិបត្តិអ៊ុយក្រែន  ស្របពេលមានសេចក្តីរាយការណ៍ថា អាម៉េរិកបានផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនទាក់ទិននឹងទីតាំងរបស់នាវាចម្បាំងរុស្ស៊ី Moskva មុនពេលលិចកាលពីខែមុន រួមទាំងទីតាំងឧត្តមសេនីយ៍រុស្ស៊ី។ ប៉ុន្តែ ក្រុងវ៉ាស៊ីនតោនបដិសេធថា ការណ៍សម្ងាត់នេះមិនរួមបញ្ចូលទិន្នន័យកំណត់គោលដៅជាក់លាក់នោះទេ ហើយអ៊ុយក្រែនជាអ្នកសម្រេចចិត្តវាយប្រហារដោយខ្លួនឯង។ 
 
តាមពិតទៅ ការណ៍សម្ងាត់យោធាពិតជាសំខាន់ណាស់សម្រាប់អ៊ុយក្រែន ដើម្បីទប់ការវាយប្រហាររបស់រុស្ស៊ីពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមកាសែត Guardian មន្រ្តីអាម៉េរិកលើកឡើងកាលពីខែមុនថា អាម៉េរិកបានផ្តល់ព័ត៌មានអំពីទីតាំង និងពេលវេលានៃការវាយប្រហារមីស៊ីលពីរុស្ស៊ី នៅពេលការឈ្លានពានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ ព័ត៌មាននេះ អនុញ្ញាតឱ្យក្រុងកៀវត្រៀមខ្លួន និងផ្លាស់ប្តូរទីតាំងប្រព័ន្ធការពារដែនអាកាស និងយន្តហោះប្រយុទ្ធ ដើម្បីរារាំងកងកម្លាំងរុស្ស៊ីពីការគ្រប់គ្រងដែនអាកាសទាំងស្រុង។ 
 
លើសពីនេះ អាម៉េរិកក៏បានផ្តល់ទីតាំង និងព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងទីបញ្ជាការចល័តរបស់យោធារុស្ស៊ីផងដែរ ដោយអនុញ្ញាតឱ្យអ៊ុយក្រែនអាចវាយប្រហារទីតាំងទាំងនោះជាមួយកាំភ្លើងធំ ដែលអាចរារាំងដល់ការបញ្ជា និងប្រព័ន្ធគ្រប់គ្រងរបស់យោធារុស្ស៊ី៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com