អន្តរជាតិ
លោក Orthmann ម្ចាស់កំណត់ត្រាធ្វើការកន្លែងតែមួយអស់រយៈពេល​ជាង​៨៤​ឆ្នាំ
08, May 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
លោក Walter Orthmann សញ្ជាតិប្រេស៊ីល បាន​ក្លាយជាម្ចាស់​កំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជា​បុគ្គលិក​ដែល​បម្រើ​ការនៅ​ក្រុមហ៊ុន​តែមួយ​អស់រយៈពេល​៨៤​ឆ្នាំ និង​៩​ថ្ងៃ។ នេះបើតាម​ការផ្សាយ​របស់​សៀវភៅកំណត់ត្រាពិភពលោក ដែលបានផ្ទៀងផ្ទាត់​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ២០២២។

 
ទើបប្រារព្ធ​អាយុ​១០០​ឆ្នាំកាលពីថ្ងៃទី​១៩ ខែមេសា លោក Orthmann គឺជាបុគ្គលម្នាក់​ដែល​បង្ហាញពីគំរូភាព មហិច្ឆតា និងវិន័យ​លើការ​បំពេញ​ការងារដែលខ្លួន​ស្រឡាញ់ រហូត​ដល់​ក្លាយជាម្ចាស់​កំណត់ត្រា បុគ្គលដែល​ធ្វើ​ការ​នៅ​កន្លែង​ដដែលយូរជាងគេបំផុត (Longest Career in the Same Company)។
 
ពីខែមករា ឆ្នាំ​១៩៣៨ ក្នុងអាយុ១៥​ឆ្នាំ លោក Orthmann ចាប់ផ្តើម​ចូល​បម្រើ​ការ​នៅក្រុមហ៊ុន ReneuaxView ឈ្មើដើម Industrias Renaux S.A., ដែលជាក្រុមហ៊ុនវាយណភណ្ឌមួយ​ មានមូលដ្ឋាននៅ​រដ្ឋ Santa Catarina ប្រទេស​ប្រេស៊ីល។
 
«ត្រឡប់ទៅកាលពី​ឆ្នាំ​១៩៣៨ ក្មេង​ៗត្រូវបានណែនាំឲ្យធ្វើ​ការដើម្បីជួយ​ទំនុកបម្រុង​គ្រួសារ។ ជាកូន​ច្បង​ក្នុងគ្រួសារដែលមានកូន​៥នាក់ ម្តាយ​របស់ខ្ញុំ ក៏បាននាំខ្ញុំស្វែងរកការងារចាប់ពីអាយុ​១៤​ឆ្នាំផងដែរ»។ លោក Orthmann បាន​រំលឹក​យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយ Guinness World Records។


 
ទីកំណើត​របស់​លោកនៅ​ក្រុង Brusque នៃរដ្ឋ Santa Catarina ជាតំបន់​ដែលពោរពេញទៅដោយជនជាតិអាល្លឺម៉ង់។ លោកបាន​ទៅតាមម្តាយ​នៅរោងចក្រតម្បាញ ហើយ​លោកទទួលបានឱកាស​ការងារ​ដោយសារតែលោកចេះភាសាអាល្លឺម៉ង់។
 
ចាប់ផ្តើម​តួនាទីជាជំនួយការផ្នែក​ដឹកជញ្ជូន បន្តកាន់តំណែងផ្នែក​លក់ រហូតក្លាយជាអ្នកគ្រប់គ្រងផ្នែកលក់។ ក្នុងការងាររបស់ខ្លួន លោក Orthmann មានឱកាស​ធ្វើដំណើរពាសពេញ​ប្រទេស និង​ជួបមនុស្ស​ជាច្រើន​នៅកន្លែង និង​វប្បធម៌ផ្សេងគ្នា ហើយលោក​សប្បាយចិត្តដែលអតិថិជនជាច្រើន បាន​ក្លាយទៅជាមិត្ត​របស់​លោក។


 
ឆ្លងកាត់​ការងាររយៈពេល​ជាង​៨៤ឆ្នាំ លោក Orthmann បាន​មើលឃើញពី​ការ​ផ្លាស់ប្តូរ​ដ៏ច្រើននៅ​ក្នុងក្រុមហ៊ុន ក៏ដូចជាក្នុង​ប្រទេស និងពិភពលោកទាំងមូល។ លោក​បានយល់យ៉ាងច្បាស់ថា កត្តាដ៏សំខាន់​បំផុត​ក្នុង​អាជីវកម្ម គឺការ​វិវត្តន៍ខ្លួន​ទៅតាមសម័យកាល។​
 
លោកបាន​លើកឡើងថា៖ «នៅ​ពេលដែល​យើង​ធ្វើ​ការ​នូវអ្វី​ដែលយើងចូលចិត្ត យើងមើលមិនឃើញ​ពេល​វេលា​ទៅមុខនោះឡើយ»។ 
 
ទោះឈានដល់អាយុ​១០០​ឆ្នាំក៏ដោយ តែលោក Orthmann មាន​សុខភាពល្អ និងស្មារតីរឹងមាំ ដោយ​លោក​តាំងចិត្តរឹងប៉ឹង និងហាត់ប្រាណជាប្រចាំ ហើយ​ទីកន្លែង​ដែលលោកចូលចិត្តបំផុតនោះ គឺ «ការិយាល័យ​ធ្វើការ»។ 
 
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនមាន​ផែនការអ្វីច្រើនឡើយ ហើយក៏មិន​ខ្វល់ខ្វាយច្រើនអំពីថ្ងៃស្អែកនោះដែរ អ្វីដែលខ្ញុំខ្វល់នោះគឺថាស្អែកជាថ្ងៃមួយទៀតដែលខ្ញុំត្រូវក្រោក ក្រោកពីដំណេក ហាត់ប្រាណ និងទៅធ្វើការ អ្នកត្រូវរវល់ជាមួយបច្ចុប្បន្ន»៕




 

Tag:
 Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com