សុខភាព
អន្តរជាតិ
ការសិក្សា៖ ការទទួលទានទឹកតែ អាចជួយកាត់បន្ថយហានិភ័យជំងឺស្ត្រូក និងជំនួយការចងចាំ
08, May 2022 , 10:19 pm        
រូបភាព
រូបភាព៖ Pixabay
រូបភាព៖ Pixabay
ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានទឹកតែមានអត្ថប្រយោជន៍កាត់បន្ថយ​ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) និងអាការភ្លេចភ្លាំង។ តែ​ក្ដៅគ្រប់ប្រភេទ សុទ្ធតែផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដោយសារវាមានសារជាតិពណ៌ Flavonoids។ អ្នកដែលបានទទួលទានកាហ្វេផង និងតែផង ប្រមាណ២ទៅ៣ពែងរាល់ថ្ងៃ មានហានិភ័យ​វិវដ្តទៅមានជំងឺដាច់សរសៃឈាមខួរក្បាល និងអាការៈភ្លេចភ្លាំង តិចជាងអ្នក​ដែលមិនទទួលទាន។

 
តែ ជាភេសជ្ជៈដ៏ពេញនិយម ខណៈមនុស្សមួយចំនួនបានយកទឹកតែមកទទួលទានជាប្រចាំ​ជំនួសទឹកធម្មតាទៀតផង។ ការទទួលទានតែបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) និងជួយពង្រឹងការចង​ចាំ។ នេះបើតាម​ការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ Tianjin របស់ចិន។ ទឹកតែ មានសារជាតិ​ពណ៌ Flavonoids ដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មពី​ធម្មជាតិ ជួយបន្សាបរ៉ាឌីកាល់សេរី​ដែលបំផ្លាញសរីរាង្គកាយដូចជា សម្ភារ​សេនេទិច លីពីត និងបង្កឱ្យ​មានជំងឺ​រ៉ាំរ៉ៃផ្សេងៗ។
 
ការអះអាងខាងលើបានធ្វើឡើងដោយផ្អែកលើការសិក្សាដែលមានអ្នកចូលរួមជាង ៣៦ម៉ឺន​នាក់មានអាយុចន្លោះពី ៥០ទៅ៧៤ឆ្នាំ។ ការសិក្សាបានតាមដានអស់រយៈជាង ១០ឆ្នាំ ហើយបានរកឃើញថាអ្នកមនុស្សជាង ៥ពាន់នាក់បានវិវដ្តទៅមានអាការៈភ្លេចភ្លាំង និងជាង ១ម៉ឺននាក់មានជំងឺសរសៃឈាមខួរក្បាល (Stroke)។ ចំណែកឯអ្នកដែលបានទទួលទាន​កាហ្វេ ២ទៅ៣ពែង ឬទទួលទានតែ ៣ទៅ៥ពែង ជារៀងរាល់ថ្ងៃ ឬក៏ទទួលទានទាំង២មុខ​មានហានិភ័យទាបបំផុតក្នុងការវិវដ្តទៅមានជំងឺដាច់សរសៃឈាមខួរក្បាល ឬមានអាការៈ​ភ្លេចភ្លាំង។ 
 
អ្នកដែលបានទទួលទានកាហ្វេផង និងតែផង ប្រមាណ២ទៅ៣ពែងរាល់ថ្ងៃ មានហានិភ័យ​វិវដ្តទៅមានជំងឺដាច់សរសៃឈាមខួរក្បាលតិចជាងអ្នកដែលមិនទទួលទាន ៣២​ភាគរយ។ ពួកគេក៏បានហានិភ័យនៃការវិវដ្តទៅមានអាការៈភ្លេចភ្លាំងទាបជាងអ្នកមិនទទួលទាន ២៨ភាគរយដែរ។
 
ស្របគ្នានេះ នៅក្នុងសន្និសីទកាសែតរបស់ក្រុមអ្នកស្រាវ​ជ្រាវអំពីតែ និងសុខភាព ដឹកនាំ​ដោយសមាគមន៍​តែអាម៉េរិក អ្នកជំនាញជាច្រើនបានលើកឡើងពីគុណប្រយោជន៍របស់តែ។ លោក Jeffrey Blumberg អតីតសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Tufts របស់អាម៉េរិក បានអះអាងថា ការទទួលទានតែ​មិនថាតែខ្មៅ (តែក្រហម) តែបៃតង តែអ៊ូឡុង ឬតែសរ សុទ្ធតែអាចជួយ​សុខភាពមនុស្ស​បានច្រើនយ៉ាង។ អ្នកឯកទេសផ្នែកអាហារូបត្ថម្ភនៃសាកល​វិទ្យាល័យដដែល លោក Dayong Wu បានអះអាងដែរថា ទឹកតែ អាចជួយពង្រឹងប្រព័ន្ធ​ភាពស៊ាំរបស់មនុស្ស និងបង្កើនភាព​ធននៃរាងកាយទៅនឹងជំងឺផ្សេងៗថែមទៀត។
 
គួរបញ្ជាក់ថា តែមិនត្រឹមតែជំនួយសុខភាពខួរក្បាល ការចងចាំ និងសរសៃឈាម ប៉ុណ្ណោះទេ តែក៏មានអត្ថប្រយោជន៍ សម្រាប់សុខភាពបេះដូង និងផ្លូវចិត្តផងដែរ។ វានឹងរួមចំណែកជួយ ឱ្យមនុស្សមានអាយុវែង តាមរយៈការកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះ​ដូង ការគាំងបេះដូង និងជួយរំលាយខ្លាញ់ក្នុងរាងកាយផងដែរ៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com