អន្តរជាតិ
លោកម៉ាក្រុង ស្បថចូលកាន់តំណែងប្រធានាធិបតីអាណត្តិទីពីរ ដោយសន្យាធ្វើឱ្យបារាំងខ្លាំងជាងមុន
08, May 2022 , 6:29 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៧ ខែឧសភា បានស្បថចូលកាន់តំណែងប្រធានាធិបតីបារាំង នៅអាណត្តិទីពីរ។ ក្នុងពិធីដ៏សំខាន់មួយនេះ លោកម៉ាក្រុង បានសន្យាធ្វើឱ្យបារាំងខ្លាំងជាងមុន និងរក្សាស្ថិរភាពនៅទ្វីបអឺរ៉ុប ស្របពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងផ្ទុះឡើង។

 
បន្ទាប់ពីឈ្នះការបោះឆ្នោតនៅក្នុងខែមេសាកន្លងមក ពេលនេះ លោក អេម៉ានុយអែល ម៉ាក្រុង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបារាំងនៅអាណត្តិទីពីរហើយ។ លោកម៉ាក្រុង គឺជាបុគ្គលមួយរូបគត់ ដែលអាចបន្តតំណែងសំខាន់នេះ នៅអាណត្តិពីរ ក្នុងរយៈពេលប្រមាណ ២ទសវត្សរ៍ចុងក្រោយ។ 
 
ក្នុងពិធីស្បថចូលកាន់តំណែង លោកម៉ាក្រុង បានសន្យាផ្តោតលើគោលដៅសម្រាប់ប្រទេស រួមទាំងស្ថិរភាពនៅអឺរ៉ុប និងបញ្ហាសន្តិសុខនៅអឺរ៉ុបខាងកើត។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឱ្យប្រជាជនបារាំង គោរពកិច្ចសន្យាសង្គមផង។ 
 
«ប្រជាជនបារាំង បានផ្តល់ទំនុកចិត្តខ្ញុំសម្រាប់អាណត្តិថ្មី»។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តសន្យាបម្រើប្រទេស និងប្រជាជនបារាំង។ ទន្ទឹមនេះ លោក ម៉ាក្រុង បានកត់សម្គាល់ថា តម្លៃនៃសេរីភាពកំពុងស្ថិតក្រោមការគំរាមកំហែង។ ការស្បថចូលកាន់តំណែងរបស់លោកម៉ាក្រុង ក្នុងអាណត្តិទីពីរ ធ្វើឡើងស្របពេលអឺរ៉ុបកំពុងមានបញ្ហាស្មុគស្មាញ ដោយសារតែជម្លោះនៅអ៊ុយក្រែន។ 
 
គួររម្លឹកថា លោកម៉ាក្រុង បានឈ្មោះការបោះឆ្នោតប្រធានាធិបតីបារាំងនៅជុំចុងក្រោយ ក្នុងសំឡេងគាំទ្រ ៥៨,៥៥ភាគរយ ដោយយកឈ្នះលើដៃគូប្រជែងចាស់ លោកស្រី ម៉ារីន ឡឺ ប៉ែន៕
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com