អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​
08, May 2022 , 7:19 pm        
រូបភាព
ជម្លោះអ៊ុយក្រែននៅតែបន្តអូសបន្លាយ ខណៈសង្រ្គាមមានរយៈពេលជាង ២ខែ។ ទន្ទឹមនេះ មេដឹកនាំជប៉ុន និងឥណ្ឌា បានធ្វើទស្សនកិច្ចនៅអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចនោះ នាយករដ្ឋមន្រ្តីជប៉ុន បានរិះគន់ការឈ្លានពានរបស់រុស្ស៊ីពេញៗមាត់ ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា មិនបានរិះគន់រុស្ស៊ីឡើយ ដោយគ្រាន់តែជំរុញឱ្យអនុវត្តបទឈប់បាញ់ប៉ុណ្ណោះ។

 
ថ្ងៃទី២ ខែឧសភា
 
អាល្លឺម៉ង់ នឹងបញ្ឈប់ការនាំចូលធ្យូងថ្មពីរុស្ស៊ីត្រឹមរដូវក្តៅខាងមុខ។ លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ អះអាងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Indian Express។ មិនតែប៉ុណ្ណោះ លោកអធិការបតី បន្ថែមថា អាល្លឺម៉ង់ នឹងផ្អាកនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំ២០២២ រួមទាំងកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ីឱ្យបានច្រើនបំផុត។
 
ថៃ និងជប៉ុន បានចុះកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរផ្ទេរគ្រឿងបរិក្ខារយោធា និងបច្ចេកវិទ្យាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសអាស៊ីទាំងពីរ ស្របពេលចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ថ្ងៃទី៣ ខែឧសភា
 
ពីរដ្ឋធានីសេអ៊ូល ប្រេសិតចិនទទួលបន្ទុកកិច្ចការកូរ៉េ Liu Xiaoming នៅថ្ងៃទី៣ ខែឧសភា បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងការដើរតួនាទីស្ថាបនា​លើការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការលើកឡើងរបស់បេសកជនពិសេសរូបនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយពីកូរ៉េខាងជើងបានប្រកាសអភិវឌ្ឍអាវុធនុយក្លែអ៊ែររបស់ខ្លួនឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
 
ប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ចប់ភ្លាមៗការនាំចេញផលិតផល​ និងវត្ថុធាតុដើមទៅកាន់បុគ្គល និងអង្គភាពណាដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម ឬបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដោយមិនបាច់ឯអង់ឡើយ។ នេះ ជាវិធានការឆ្លើយតបដ៏ខ្លាំងបំផុតមួយទៀតរបស់វិមានក្រេមឡាំងចំពោះការបន្តដាក់ទណ្ឌកម្មរបស់អាម៉េរិក និងសម្ព័ន្ធមិត្តទៅលើខ្លួនជុំវិញការឈ្លានពានអ៊ុយក្រែន។
 
ថ្ងៃទី៤ ខែឧសភា
 
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ ទៅក្នុងសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ ការសាកល្បងលើកចុងក្រោយនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ឡើយ មុនពេលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ស្បថចូលកាន់តំណែង។
 
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន បានលើកសំណើឱ្យសហភាពអឺរ៉ុបបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដកធនាគារធំបំផុតរបស់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីនៅអឺរ៉ុប។ នេះជាកញ្ចប់ទណ្ឌកម្មទី៦របស់ប្លុកអឺរ៉ុបលើរុស្ស៊ី។ យ៉ាងណាមិញ សំណើនេះ អាចប្រឈមឧបសគ្គច្រើន ដោយសារសមាជិកសហភាពអឺរ៉ុបមួយចំនួន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពថាមពលដូចជាហ្គាស និងប្រេងពីរុស្ស៊ី។

ថ្ងៃទី៥ ខែឧសភា
 
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett​ បានអះអាងថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសូមទោសចំពោះការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលអះអាងថា ជនផ្ដាច់ការ អាដុលហ្វ៍ ហ៊ីត្លែរ មានដើមកំណើតជាជនជាតិជ្វីហ្វ។
 
ក្រសួងការពារជាតិអាម៉េរិក បានច្រានចោលរបាយការណ៍របស់សារព័ត៌មាន New York Times ដែលផ្សាយថា អាម៉េរិកបានផ្តល់ព័ត៌មានសម្ងាត់ទៅអ៊ុយក្រែនទាក់ទិននឹងទីតាំងរបស់ឧត្តមសេនីយ៍រុស្ស៊ីនៅតំបន់ប្រយុទ្ធ ដើម្បីសម្លាប់ពួកគេ។ ទន្ទឹមនេះ អាម៉េរិក ក៏បានបដិសេធការផ្តល់ព័ត៌មាន ដើម្បីវាយប្រហារនាវារុស្ស៊ីផង។

ថ្ងៃទី៦ ខែឧសភា
 
ហុងគ្រីមិនអាចគាំទ្រកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប (EU) បានទេ ពីព្រោះមានបញ្ចូលការផ្អាកនាំចូលប្រេងពីរុស្ស៊ី ដែលស្មើការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើសេដ្ឋកិច្ចហុងគ្រីតែម្ដង។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីហុងគ្រី វិកទ័រ អបាន។ បើតាមលោក អបាន ហុងគ្រីត្រូវការពេល៥ឆ្នាំដើម្បីអាចឱ្យសេដ្ឋកិច្ចរបស់ខ្លួនលែងពឹងផ្អែកលើប្រេងរុស្ស៊ីនាពេលបច្ចុប្បន្នបាន។

ថ្ងៃទី៧ ខែឧសភា
 
តៃវ៉ាន់សង្ឃឹមថា ពិភពលោកនឹងដាក់ទណ្ឌកម្មលើចិនដូចបានដាក់លើរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែនដែរ ប្រសិនបើក្រុងប៉េកាំងឈ្លានពានខ្លួន។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu លើកឡើងបែបនេះ។
 
ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin បានចោទក្រុងវ៉ាស៊ីនតោនពីការជួយសម្របសម្រួលប្រតិបត្តិការយោធាអ៊ុយក្រែន ទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ បើតាមលោក Volodin ទង្វើនេះ ស្មើនឹងអាម៉េរិកចូលពាក់ព័ន្ធក្នុងសកម្មភាពយោធាប្រឆាំងនឹងរុស្ស៊ីដោយផ្ទាល់៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com