អន្តរជាតិ
លោក ចន លី ជាប់ឆ្នោតជាប្រធានប្រតិបត្តិអាណត្តិទី៦ ​របស់ហុងកុង
09, May 2022 , 10:37 am        
រូបភាព
លោកចន លី ត្រូវបានបោះឆ្នោតជ្រើសជាប្រធានប្រតិបត្តិហុងកុងនៅអាណត្តិទី៦។ រូបភាព៖ Xinhua
លោកចន លី ត្រូវបានបោះឆ្នោតជ្រើសជាប្រធានប្រតិបត្តិហុងកុងនៅអាណត្តិទី៦។ រូបភាព៖ Xinhua
លោក ចន លី (Jonh Lee) នៅថ្ងៃទី៨ ខែឧសភា បានជាប់ឆ្នោតជាប្រធានប្រតិបត្តិហុងកុង សម្រាប់អាណត្តិទី៦ ដោយមានសំឡេងគាំទ្រ លើសលុប។ ការបោះឆ្នោតរើសប្រធានប្រតិបត្តិថ្មីនេះ ត្រូវបានលោកស្រី ការី ឡាំ ប្រមុខហុងកុងបច្ចុប្បន្ន ចាត់ទុកថាមានដំណើរការយ៉ាងរលូន។

 
ហុងកុង នៅថ្ងៃទី៨ ខែឧសភា បានរៀបចំការបោះឆ្នោតប្រធានប្រតិបត្តិហុងកុងថ្មី។ ក្នុងការបោះឆ្នោតលើកនេះ លោក ចន លី គឺជាបេក្ខជនតែមួយរូបគត់ ដែលឈរឈ្នោះជាប្រធានប្រតិបត្តិហុងកុង និងគាំទ្រដោយរដ្ឋាភិបាលក្រុងបេកាំង។ អតីតមន្រ្តីសន្តិសុខហុងកុងរូបនេះ ត្រូវបានសមាជិកគណៈកម្មាធិការបោះឆ្នោត គាំទ្រក្នុងសំឡេង ១៤១៦។ 
 
តាមច្បាប់មូលដ្ឋានហុងកុង ប្រធានប្រតិបត្តិ ត្រូវតែទទួលបានសំឡេងគាំទ្រច្រើនជាង ៧៥០ ឬលើសពីពាក់កណ្តាលនៃសំឡេង ១៥០០ ពីសមាជិកគណៈកម្មាធិការបោះឆ្នោត។ សមាជិកគណៈកម្មាធិការបោះឆ្នោតហុងកុង មានមកពីវិស័យឧស្សាហកម្ម សាសនា សមាជិកសភាហុងកុង និងហិរញ្ញវត្ថុជាដើម។ 
 
ប្រសិនគ្មានការប្រែប្រួលទេ លោក ចន លី នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដាខាងមុខ បន្ទាប់ពីត្រូវបានរដ្ឋាភិបាលចិនតែងតាំង។ អាណត្តិរបស់ប្រធានប្រតិបត្តិហុងកុង មានរយៈពេល ៥ឆ្នាំ។
 
បន្ទាប់ពីជាប់ឆ្នោត លោកអតីតលេខាធិការសន្តិសុខហុងកុងរូបនេះ បានសម្តែងក្តីអរគុណដោយសមាជិកគណៈកម្មាធិការបោះឆ្នោត ដែលបានជ្រើសលោកធ្វើជាប្រមុខហុងកុងនៅអាណត្តិបន្ទាប់។ ចំណែកលោកស្រី ការី ឡាំវិញ បានអបអរលោកចន លី និងអះអាងថា ការបោះឆ្នោតហុងកុង ត្រូវបានរៀបចំដោយរលូន៕
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com