អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB បន្តកម្មវិធីបរិច្ចាគឈាម ដើម្បីជួយជនរងគ្រោះ
09, May 2022 , 11:29 am        
រូបភាព
ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២- ធនាគារ CIMB ទើបតែបានរៀបចំកម្មវិធីបរិច្ចាគឈាម នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្រោយពេលស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេសមានភាពធូរស្បើយ។
 
បើតាមការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រទេសកម្ពុជា មានតម្រូវការឈាមប្រមាណចំនួន ១១ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ក្នុងឆ្នាំ២០២២នេះ។ ដើម្បីរួមចំណែកបំពេញតម្រូវការឈាមចាំបាច់ សម្រាប់ជនរងគ្រោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំកម្មវិធីបរិច្ចាគឈាមជារឿយៗ ដោយមានការស្ម័គ្រចិត្តយ៉ាងពេញទំហឹង ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ តាមរយៈកិច្ចសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ 
 


លោកស្រី អុំ ចិន្តាភក្តី នាយកធនធានក្រុមហ៊ុន នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «យើងខ្ញុំទាំងអស់គ្នា នៅធនាគារ CIMB មានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចូលរួមផ្តល់ឈាម ជួយដល់ជនរងគ្រោះ តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាពេលនេះ។ វាគឺជាផ្នែកមួយ ដែលយើងអាចចូលរួមបេសកកម្មសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលកំពុងត្រូវការឈាមបន្ទាន់ ហើយយើងសង្ឃឹមថា ដោយចាប់ផ្តើមពីយើងគ្រប់គ្នា ការបរិច្ចាគឈាមនឹងកាន់តែផុសផុលឡើង ក្នុងចំណោមសង្គមខ្មែរ។ ការបរិច្ចាគឈាម គឺជាការកសាងអំពើល្អប្រពៃមួយ ដោយមិនមែនតែសម្រាប់សាច់ញាតិ ឬបងប្អូនរបស់យើងប៉ុណ្ណោះទេ តែវាគួរតែធ្វើឡើងសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏នឹងជួយយើងវិញ នៅពេលណាដែលយើងត្រូវការវាវិញផងដែរ»។
 


ជាការពិតណាស់ ការបរិច្ចាគឈាម មិនបានផ្តល់ផលប៉ះពាល់អ្វីឡើយ ចំពោះអ្នកសុខភាពល្អប្រក្រតី ហើយគ្រូពេទ្យជំនាញ តែងតែពិនិត្យសុខភាពជាមុនយ៉ាងហ្មត់ចត់ មុននឹងអនុញ្ញាតឲ្យបរិច្ចាគឈាម។ ក្រៅពីបានជួយសង្គ្រោះអាយុជីវិត ដល់ជនរងគ្រោះ ដែលកំពុងត្រូវការឈាម ការបរិច្ចាគឈាម ក៏ផ្តល់នូវអត្ថប្រយោជន៍មួយចំនួន ដល់សុខភាពរបស់អ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺមហារីកថ្លើម សួត ពោះ​វៀនធំ ក្រពះ និងបំពង់កជាដើម។ ដូច្នេះយើងទាំងអស់ លើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមកាន់តែច្រើនឡើង ពីសំណាក់ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងសង្គម។
 
សូមបញ្ជាក់​ដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា នៅក្រៅប្រទេស។ វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម ឧបត្ថម្ភដល់ការទប់ស្កាត់នៃការរាតត្បាតជំងឺកូវីដ-១៩ និងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម។ វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រាសាទបន្ទាយក្តីជាដើម។ 


 
សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់
លោក ស្រេង ភារុណ
ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង
ទូរស័ព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
អ៊ីមែល៖ [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com