អន្តរជាតិ
ក្រុមប្រទេសG7 សន្យាបញ្ឈប់ការនាំចូលប្រេងរបស់រុស្ស៊ី
09, May 2022 , 2:05 pm        
រូបភាព
រូបភាព៖ Tass
រូបភាព៖ Tass
ក្រុមប្រទេសអ្នកមានទាំង៧ (G7) បានប្តេជ្ញាបញ្ឈប់ ឬហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ សេតវិមានអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយបែបនេះ នៅថ្ងៃទី៨ ខែឧសភា។​ ការសន្យានេះ ធ្វើឡើងដើម្បីដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី ដែលនៅតែបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

 
ក្នុងគោលបំណងដាក់សម្ពាធឱ្យរុស្ស៊ីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន អាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី រួមទាំងថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយនេះ។ ក្នុងជំនួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ បានប្តេជ្ញាជាថ្មីជួយអ៊ុយក្រែន ក្នុងការទប់ស្កាត់ការឈ្លានពានរបស់អ៊ុយក្រែន។ 

សូមចុច ទីនេះ ដើម្បីទទួលបានព័ត៌មាន​ពីឆាណែលតេឡេក្រាម​របស់សារព័ត៌មានថ្មីៗ
 
«ថ្ងៃនេះ សមាជិកក្រុមប្រទេស G7 បានប្តេជ្ញាបញ្ឈប់ ឬហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយសេតវិមាននៅថ្ងៃទី៨ ខែឧសភា ដោយបន្តថា អាម៉េរិក បានកាត់ផ្តាច់ទាំងស្រុងពីការនាំចូលប្រេង ហ្គាស និងធ្យូងថ្មរបស់រុស្ស៊ី។ បើតាមសេចក្តីថ្លែងការណ៍ដដែល ចំណាត់ការនេះ នឹងធ្វើឱ្យសសៃឈាមសេដ្ឋកិច្ចរុស្ស៊ីប្រឈមការលំបាក រួមទាំងកាត់ផ្តាច់ចំណូលចូលថវិកាជាតិរុស្ស៊ី ដែលយកទៅផ្គត់ផ្គង់សង្រ្គាមនៅអ៊ុយក្រែន។ 
 
ទន្ទឹមនេះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ក៏បានសន្យាកាត់បន្ថយការនាំចូលប្រភពថាមពលផ្សេងទៀតពីរុស្ស៊ី។ ក្នុងចំណោមសមាជិក G7 អាល្លឺម៉ង់ គឺជាប្រទេសមួយដែលពឹងផ្អែកលើប្រភពថាមពលពីរុស្ស៊ីខ្លាំង។ កន្លងមក អធិការបតីអាល្លឺម៉ង់ ធ្លាប់សន្យាឈប់នាំចូលប្រេងរុស្ស៊ីនៅត្រឹមដំណាច់ឆ្នាំ ២០២២ និងកាត់បន្ថយនាំចូលហ្គាសឱ្យបានច្រើនបំផុត។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដោយក្នុងនោះរួមមានប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនរុស្ស៊ីធំៗ និងអភិជន។ ទណ្ឌកម្មលើកចុងក្រោយនេះ សុទ្ធតែហាមឃាត់ប្រជាជនអាម៉េរិក មិនឱ្យធ្វើពាណិជ្ជកម្មជាមួយបុគ្គល និងក្រុមហ៊ុន ដែលស្ថិតក្នុងបញ្ជីខ្មៅទាំងនោះ។ 
 
ចំណាត់ការរបស់អាម៉េរិក និងសម្ព័ន្ធមិត្តចុងក្រោយនេះ ធ្វើឡើងស្របពេលរុស្ស៊ីបារព្ធខួបទិវាជ័យជម្នះ ដែលសហភាពសូវៀតយកឈ្នះលើកម្លាំងទ័ពណាហ្ស៊ីអាល្លឺម៉ង់៕ 
 

Tag:
 G7
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com