កីឡាអន្តរជាតិ
អន្តរជាតិ
លោក Fred Rutten បដិសេធធ្វើគ្រូជំនួយ Ten Hag ព្រោះមិនទុកចិត្តគម្រោងនៅ Man Utd
09, May 2022 , 3:28 pm        
រូបភាព
លោក ​Fred Rutten អតីតគ្រូជំនួយក្រុម PSV Eindhoven ថ្ងៃទី៨ ខែឧសភា បានបដិសេធសំណើរធ្វើជាគ្រូជំនួយរបស់លោក Erik ten Hag នៅក្លិបបិសាចក្រហម Manchester United។ លោក Rutten ក៏អះអាងបន្ថែមថា លោកមិនទុកចិត្តលើគម្រោងរបស់ក្រុមអង់គ្លេសមួយនេះ។


Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មីរបស់ក្រុមបិសាចក្រហម ដោយនឹងត្រូវជំនួសលោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្ន នៅរដូវកាលថ្មី ២០២២-២៣។ លោក Ten Hag នឹងចូលមកដឹកនាំក្រុមនៅត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ទៀត ដោយនឹងនាំគ្រូជំនួយនឹងបុគ្គលិករបស់លោកនៅ Ajax មកទឹកដីអង់គ្លេស តែលោកមិនអាចបញ្ចុះបញ្ចូលលោក Rutten បាន។
 
លោក Fred Rutten ដែលធ្លាប់ធ្វើការជាមួយ Ten Hag នៅក្លិប FC Twente និង PSV បានបញ្ជាក់ថា លោកនឹងចូលរួមជាមួយលោក Ruud Van Nistelrooy នៅក្លិប PSV Eindhoven ដែលជាអតីតក្លិបចាស់។
 
«Erik ten Hag បានសួរខ្ញុំដើម្បីទទួលតំណែងជាគ្រូជំនួយរបស់លោកនៅ Manchester United ប៉ុន្តែខ្ញុំថាទេ។ មនុស្សគ្រប់គ្នាសម្រេចនូវបំណងរៀងខ្លួនក្នុងជីវិត ខ្ញុំមានគ្រួសារ ខ្ញុំមានចៅតូចៗដែលខ្ញុំចង់ឃើញពួកគេរាល់ថ្ងៃ ហើយគម្រោងដែលនៅក្លិប Man Utd ខ្ញុំមានអារម្មណ៍ថាមិនទុកចិត្តជាមួយវាឡើយ។»។ នេះបើតាមលោក Rutten និយាយប្រាប់ទៅកាសែត De Telegraaf។
 
ទោះជាយ៉ាងនេះក្តី លោក Rutten ក៏បានអះអាងបន្ថែមពីហេតុផលមិនទៅចូលរួមក្លិប Manchester United គឺក្លិបត្រូវការហ្វឹកហាត់ដោយមិនសូវមានពេលវេលាសម្រាកអ្វីឡើយ ហើយលោកចង់បានអ្វីមួយដែលគួរឱ្យទុកចិត្ត ដូចនៅក្លិបក្នុងហូឡង់។
 
យ៉ាងណាមិញ តំណែងគ្រូជំនួយរបស់លោក Ten Hag នៅបិសាចក្រហម ត្រូវបានគេរាយការណ៍ថា អតីតខ្សែប្រយុទ្ធ Roben van Persie អតីតគ្រូបង្វឹកបិសាចក្រហម Steve McClaren និងគ្រូជំនួយ Ajax បច្ចុប្បន្នលោក Mitchell van der Gaag ជាបេក្ខភាពកំពុងមានការចាប់អារម្មណ៍៕
 
 

Tag:
 Fred Rutten
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com