អត្ថបទពាណិជ្ជកម្ម
ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានកំណត់អនាគតសម្រាប់កិច្ចគាំទ្រសហគ្រិនភាពកម្ពុជា
09, May 2022 , 3:59 pm        
រូបភាព
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ប្រជាជននៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហានថ្មីមួយ ដើម្បីចូលរួមបង្កើតភាពរីកចម្រើន ក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។
 
វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្ម ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលមានអាជីវកម្មខ្នាតតូច និងមធ្យមរាប់ពាន់ និងប្រតិបត្តិករអាជីវកម្មជាច្រើនទូទាំងប្រទេស ហើយវប្បធម៌សហគ្រិនភាពនៅក្នុងប្រទេស កំពុងតែបន្តមានសន្ទុះទៅមុខជាលំដាប់។ ឥឡូវនេះ ជាមួយនឹងការដាក់ចេញទិសដៅការងារ និងការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ហៅកាត់ថា ម.អ.ស. (EDF)  និងស្ថាប័នដៃគូពាក់ព័ន្ធនានា ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះជំហានទៅរកការអភិវឌ្ឍ ​ដំណាក់កាលបន្ទាប់។ 
 


កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក  វង្សី វិស្សុត  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព (ម.អ.ស.) នៅទីស្តីការសហគ្រិនខ្មែរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា  លោកឧកញ៉ា លោកបណ្ឌិត ដែលជាសមាជិកនិងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ម.អ.ស. ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងកំណត់ទិសដៅការងារ សម្រាប់​ត្រីមាសបន្ទាប់ ក្នុងគោលបំណងបន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមគាំទ្រ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក និងចូលរួមកសាងប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ឱ្យមានភាពរស់រវើកនៅកម្ពុជា។
 


មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ជាឧបករណ៍គោលនយោបាយសេដ្ឋកិច្ចមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានប្រតិបត្តិករស្វយ័តមួយ ហៅថា សហគ្រិនខ្មែរ។ អាទិភាពចម្បងនៃស្ថាប័ននេះ គឺផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែមានភាពស៊ីចង្វាក់គ្នា,  រស់រវើក និងរីកចម្រើនកាន់តែប្រសើរ។ តាមរយៈកម្មវិធី និងសកម្មភាពគាំទ្រផ្សេងៗជាច្រើន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) នឹងបន្តផ្តល់ឱកាសដល់អាជីវកម្មក្នុងស្រុក ធុរកិច្ចថ្មី និងសហគ្រិនក្នុងប្រទេស ក្នុងការបន្តដំណើរការ និងចាប់ផ្តើមការងាររបស់ខ្លួន ទោះបីនៅក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមដូចពេលបច្ចុប្បន្ននេះក្តី។  
 
ភាពបត់បែននៃប្រតិបត្តិការ​របស់សហគ្រិនខ្មែរ​ បានបង្ហាញអំពីសមត្ថភាពដ៏សំខាន់ ក្នុងការចូលរួមគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ សម្រាប់សហគ្រិន។ មិនតែប៉ុណ្ណោះ សហគ្រិនខ្មែរ បានពង្រីកសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តកម្មវិធីឱ្យមានវិសាលភាពធំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ  និងបានជួយបំពេញបន្ថែម ជាមួយនឹងដៃគូពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងការបង្កើតកម្មវិធីគាំទ្រ និងសកម្មភាពល្អៗបន្ថែមទៀត។ តាមរយៈសកម្មភាពទាំងអស់នេះ សហគ្រិនខ្មែរត្រូវបាន គេទទួលស្គាល់ថាជាថ្នាលដ៏សំខាន់ ដើម្បីកៀរគរសហគ្រិន និងអ្នកពាក់ព័ន្ធដទៃ  ជាពិសេសជាថ្នាលដែលផ្តល់ការគាំទ្រ ដល់ផលិតភាព ពិពិធកម្មទីផ្សារ ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។
 


ដំណាក់កាលបន្ទាប់ នៃការផ្តល់មូលនិធិជំនួយរបស់សហគ្រិនខ្មែរ ក្រោមគោលគំនិតនៃ “គិតឱ្យធំ ចាប់ផ្តើមពីតូច និងពង្រីកខ្លួនឱ្យលឿន” នឹងផ្តល់នូវជម្រើសហិរញ្ញប្បទានបន្ថែមទៀត និងមានលក្ខណៈចម្រុះបែបថ្មីៗ ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឱកាសវិនិយោគរួមគ្នា។  យុទ្ធសាស្រ្តនៃការផ្តល់មូលនិធិនេះ នឹងជួយបំប្លែងប្រតិបត្តិករអាជីវកម្មខ្នាតតូច ទៅជាសហគ្រាសធុនមធ្យម និងទាក់ទាញអ្នកជំនាញ និងអ្នកបណ្តាក់ទុនជាច្រើនរូប មកចូលរួមអភិវឌ្ឍ នៅក្នុងប្រទេសប្រកបដោយទំនុកចិត្តខ្ពស់។
 
ការឆ្លងកាត់បទពិសោធន៍ជំងឺកូវីដ-១៩  គឺជាមេរៀន និងភស្តុតាងដ៏មានតម្លៃ សម្រាប់ការកសាងអាជីវកម្មនាពេលអនាគត ហើយយើងអាចមើលឃើញបានយ៉ាងច្បាស់ថា តាមរយៈការគាំទ្រ ពីមូលនិធិអភិវឌ្ឍន៍សហគ្រិនកម្ពុជា នឹងចូលរួមចំណែក ជួយធ្វើឱ្យក្ដីសុបិនអាជីវកម្មរបស់ពួកគេ ក្លាយជាការពិត៕


 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com