ជាតិ
សេដ្ឋកិច្ច
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់ពីក្តីព្រួយបារម្ភរបស់ NGO លើករណីបំពានសិទ្ធិមនុស្ស
10, May 2022 , 6:29 pm        
រូបភាព
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបថត៖ CMA
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបថត៖ CMA
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ទទួលស្គាល់នូវក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងសេវាកម្មកម្ចី។ ប៉ុន្តែ លោក កាំង តុងងី អ្នកនាំពាក្យCMA បាន​បញ្ជាក់ថា ករណី​ទាំងនោះគឺ មិនធ្ងន់ធ្ងរ ឬមានលក្ខណៈជាប្រព័ន្ធ ដូចការលើកឡើងរបស់អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ឡើយ។

 
សមាគមធនាគារកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នៅរសៀលថ្ងៃទី១០ឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លើយតបនឹងការលើកឡើងរបស់អង្គការ​សម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ដែលអនុវត្តអាជីវកម្មកម្ចី ដោយបានរំលោភបំពានសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ។ 
 
ជុំវិញករណីនេះ លោក កាំង តុងងី បានលើកឡើងថា CMA ទទួលស្គាល់នូវក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល ជំវិញករណីរំលោភបំពានសិទ្ធិមនុស្សក្នុងសេវាកម្ចីនេះ។  បើតាមលោក កាំង តុងងី កន្លងមក​CMA បានរកឃើញករណីមួយចំនួន ដែលបុគ្គលិកប្រព្រឹត្តិខុសដូចជា៖ ការជំរុញឱ្យពលរដ្ឋខ្ចីលុយ និងករណីជំរុញឱ្យពលរដ្ឋលក់ដី លក់ផ្ទះ ដើម្បីសងបំណុល ធនាគារ និងមីក្រូហិរញ្ញវត្ថុ... ជាដើម។ ប៉ុន្តែ លោក អះអាងថា​ ករណីនេះ មិនមានស្ថានភាពធ្ងន់ធ្ងរដូចការចោទប្រកាន់របស់សង្គមស៊ីវិលឡើយ។ 
 
«​អ្វីដែលយើងចេញសេចក្តីថ្លែងការណ៍នេះ គឺយើងទទួលស្គាល់ការបារម្ភពីខាងសង្គមស៊ីវិលដែលបានលើកឡើង»។ លោក តុងងី ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទបែបនេះ ដោយបន្តរៀបរាប់ថា ៖«តាមពិតធ្លាប់រកឃើញរកករណីខុសតិចតួចដែរ តែអ្វីដែលយើងរកឃើញនោះ គឺវាមិនបានកើតឡើងក្នុងប្រព័ន្ធទេ ដោយស្ថិតនៅក្នុងកម្រិតបុគ្គលិកប៉ុណ្ណោះ ហើយបុគ្គលជាបុគ្គលិកនោះ ត្រូវបានប្រឈមមុខចំពោះច្បាប់ផ្សេងៗនៅពេលដែលយើងរកឃើញ»។ 
 
ដ្បិតថាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់នូវចំណុចខ្វះខាតមួយចំនួន របស់បុគ្គលិកស្ថាប័នហិរញ្ញវត្ថុក្តី ប៉ុន្តែសមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងសមគមធនាគារកម្ពុជា បានបង្ហាញនូវក្តីខកចិត្តជាខ្លាំង ដែលអង្គការ​លីកាដូ និងអង្គការសមធម៌កម្ពុជា មើលរំលងពីការខិតខំចូលរួមយ៉ាងសកម្មពីវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជិត៣០ឆ្នាំមកនេះ។ 
 
អ្នកនាំពាក្យCMAរូបនេះ​ បានបន្ថែមថា៖ «អ្វីដែលសង្គមស៊ីវិលលើកឡើង វាមិនផ្តោតទៅលើស្ថាប័នហិរញ្ញវត្ថុតែ៦ហ្នឹងទេ។ តែវាហាក់បង្ហាញថា វិស័យយើងទាំងមូល ដែលបានខំប្រឹងប្រែង២០-៣០ឆ្នាំមកនេះ ក្នុងការជួយប្រជាពលរដ្ឋយើង​ ក្នុងការស្តារសេដ្ឋកិច្ចជាតិ ដូចគ្មានជាប្រយោជន៍អ្វីសោះ ដោយយកករណីតិចតូច មកចោទប្រកាន់ថាវិស័យទាំងមូល មិនល្អ ឃោរឃៅ និងរំលោភសិទ្ធិពលរដ្ឋ ជាដើម»។ 
 
កាលពីថ្ងៃទី៣ឧសភា ឆ្នាំ២០២២ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ដែលធ្វើជាអ្នកតំណាងឲ្យអ្នករងគ្រោះពីការខ្ចីប្រាក់កម្ចីខ្នាតតូចពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ បានដាក់បណ្ដឹងទៅស្ថាប័នឃ្លាំមើលសាជីវកម្មអន្តរជាតិ ដោយប្ដឹងស្ថាប័នហិរញ្ញវត្ថុ ចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ ស្ថាប័នឃ្លាំមើលសាជីវកម្ម នឹងពិនិត្យមើលសំណុំរឿង ពាក់ព័ន្ធគម្រោងឥតទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលផ្ដល់មកកម្ពុជា តាមពាក្យបណ្ដឹងនេះ។  
 
 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំង៦ ដែលរងបណ្ដឹងរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្មអន្តរជាតិ ពីអង្គការសង្គមស៊ីវិលនោះ មាន ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់។ 
 
បើតាមលោក កាំង តុងងី កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្ត តាមរយៈមធ្យោបាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។  
 
ជាងនេះទៅទៀត ដើម្បីពង្រឹងនឹងការអនុវត្តការងាររបស់បុគ្គលិក ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាង៨ម៉ឺននាក់នៅទូទាំងប្រទេសនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហរិញ្ញវត្ថុ និងការកែសម្រួលឡើងវិញ នូវវិធានផ្តល់ឥណទាន។  
 
លោក កាំង តុងងី​ បានបញ្ជាក់ថា ក្រមនេះ មានគោលបំណងចម្បងក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ទទួលខុសត្រូវ ក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ និងការប្រកួតប្រជែងដោយស្មើភាព។ ក្រមនេះ នឹងជួយឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុ មានកំណើនរឹងមាំនិងបរិយាបន្ន ព្រមទាំងជំរុញនូវកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ នេះជាការបន្ថែមរបស់លោក កាំង តុងងី។ 
 
បន្ថែមពីនេះ វគ្គសិក្សាកាតព្វកិច្ចនៃការផ្តល់ឥណទានប្រកបដោយទំនូលខុសត្រូវ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដែលតម្រូវឱ្យមន្រ្តីផ្តល់ឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមសិក្សា និងមានការទទួលស្គាល់ដោយស្ថាប័នដាច់ដោយឡែកមួយទៀត។ 
 
ចាប់តាំងពីផ្ទុះកូវីដ-១៩ ហើយគិតត្រឹមខែមីនាឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញបានជាង៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់ប្រមាណ៧ពាន់លានដុល្លារ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ៕
 

Tag:
 ហិរញ្ញវត្ថុ
  លោក កាំង តុងងី
  CMA
© រក្សាសិទ្ធិដោយ thmeythmey.com