ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យប្រើប្រព័ន្ធឯកសារឌីជីថលដល់រដ្ឋបាលស្រុក-ឃុំ
11, May 2022 , 2:29 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal)ជំនាន់ទីមួយជាផ្លូវការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក បញ្ជាក់ថា​ ប្រព័ន្ធនេះ នឹងជួយសម្រួលថែមទៀត នៃការអនុវត្តថវិកាដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។

 
ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទីមួយ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ឧសភា។​ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ប្រព័ន្ធនេះ នឹងជួយសម្រួលបានមួយកម្រិតថែមទៀតដល់ការអនុវត្តថវិកា របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ​ ។ កន្លងមករដ្ឋបាលស្រុក និងឃុំ ត្រូវចំណាយពេលច្រើន ក្នុងការបញ្ជូនឯកសារជាក្រដាសមករតនាគារខេត្ត។​
 
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះ៖ «​ជាមួយនឹងការអនុវត្តថ្មី ប្រព័ន្ធនេះ នឹងប្រែក្លាយទៅជាការបញ្ជូនឯកសារក្នុងលក្ខណៈជាឌីជីថលជំនួសវិញ ដែលធ្វើឱ្យផលចំពេញជាច្រើនទាំងពេលវេលា​និងទាំងថវិកា។ ជាពិសេស នឹងជួយបង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិកាសម្រាប់រដ្ឋបាលស្រុក​និងឃុំ»។
 
រដ្ឋបាលស្រុកចំនួន៧៥ និងរដ្ឋបាលឃុំចំនួន​១៨៥ នឹងចាប់ផ្តើមសាងល្បងប្រើប្រាស់ឯកសារឌីជីថលជំនាន់ទីមួយមុនគេ មុននឹងឈានទៅពង្រីកការប្រើប្រាស់ដល់រដ្ឋបាលស្រុក និងឃុំផ្សេងទៀត នៅទូទាំងប្រទេស។ ការរៀបចំឱ្យមានប្រព័ន្ធឯកសារឌីជីថលនេះ គឺជាការគិតគូយ៉ាងច្បាស់លាស់ផ្អែកតាមផែនការសកម្មភាព នៃយុទ្ធសាស្ត្រកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន ។
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការដាក់ឱ្យដំណើរប្រព័ន្ធឯកសារឌីជីថល (FMIS Portal)​នេះ គឺជាផ្នែកមួយ ក្នុងការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែប្រសើរ។  ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាចលករដ៏មុតស្រួចរបស់រដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានហិរញ្ញវត្ថសាធារណជាតិ ដែលមានដំណាក់កាលសំខាន់ចំនួន៤។ ក្នុងនោះមាន៖ ១. មានភាពជឿទុកចិត្តបាននៃថវិកា, ២. គនេយ្យភាពហិរញ្ញវត្ថុ, ៣. ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង៤. ជាគណនេយ្យភាពសមិទ្ធកម្ម។  
 
«បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលដែលឈានពីដំណាក់កាលទីបីទៅដំណាក់កាលបួន ដែលជាដំណាល់ចុងក្រោយ។ ចាប់ពីដំណាក់ទីពីរមក វត្តមាននៃប្រព័ន្ធ FMIS បានក្លាយជាចន្ទោល និងឧបករណ៍ដ៏ចាំបាច់ ដែលគាំទ្រដល់ដំណើរការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅតាមដំណាក់នីមួយៗ»។ លោក​បាននិយាយបែបនេះ ដោយបានបញ្ជាក់ថា​ ប្រព័ន្ធ FMISនេះ ក៏មានការទទួលស្គាល់ពីស្ថាប័នអនុវត្តដោយផ្ទាល់ និងពីដៃគូអភិវឌ្ឍផងដែរ រួមមាន៖  សហភាពអឺរ៉ុប មូលនិធិមូលរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ជាដើម៕ 
 
 

Tag:
 FMIS
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com