ជាតិ
សេដ្ឋកិច្ច
អនុស្ថានីយអគ្គិសនី នៅកោះកុង ក្រចេះ កំពង់ចាម តម្លៃជិត៩០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ
11, May 2022 , 9:59 pm        
រូបភាព
(រាប់ស្តាំ) លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា, លោក ស៊ុយ​ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល និង លោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា និងលោកYazid Bensaid នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍​នៃAFD។ រូបថត៖ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា
(រាប់ស្តាំ) លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា, លោក ស៊ុយ​ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល និង លោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា និងលោកYazid Bensaid នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍​នៃAFD។ រូបថត៖ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា
ភ្នំពេញ៖ អនុស្ថានីយអគ្គិសនី និងខ្សែបញ្ជូនតង់ស្យុងចំនួន៦កន្លែង ដែលមានតម្លៃជិត៩០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ បើតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អនុស្ថានីយអគ្គិសនីទាំង៦នោះ គឺមាន៤កន្លែងស្ថិតនៅកោះកុង និង២កន្លែងទៀត នៅក្រចេះ និងកំពង់ចាម។

 
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយលោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់នូវអនុស្ថានីយ និងតង់ស្យុង ចំនួន៦កន្លែង ក្នុងតម្លៃសរុប៨៧លានដុល្លារអាម៉េរិក នាថ្ងៃទី១០ឧសភា ឆ្នាំ២០២២។ បើតាមលោក ស៊ុយ សែម អនុស្ថានីយនេះ អាចផ្ទុកអគ្គិសនីបាន ២៣០គីឡូវ៉ូល ដែលឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ដោយប្រើបង្គោលខ្ពស់ជាងគេនៅកម្ពុជា។ 
 
ជាមួយគ្នានេះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបរាប់ថា អនុស្ថានីយ៍ និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ថ្មីសម្រាប់ខេត្តកោះកុង កំពង់ចាម និងក្រចេះ តម្លៃ៨៧លានដុល្លារនេះ គឺមានប្រមាណ៧៣លានដុល្លារ បានពីកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD),  ជាង១លានដុល្លារ បានពីជំនួយឥតសំណងពីសហភាពអឺរ៉ុប និង១៦,២លានដុល្លារទៀត គឺជាថវិកាផ្ទាល់របស់អគ្គិសនីកម្ពុជា(EDC)។​
 
ការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា​បានបញ្ជាក់ថា​៖ «ការកែលម្អសមត្ថភាពបណ្តាញអគ្គិសនីរបស់ជាតិ នឹងជួយឱ្យសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាល ដែលកំណត់ឱ្យមានថាមពលកកើតឡើងវិញ ៦០ភាគរយក្នុងល្បាយថាមពលនៅឆ្នាំ២០៤០»។
 
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១១ឧសភា ថា ក្នុងចំណោមអនុស្ថានីយទាំង៦នោះ គឺស្ថិតក្នុងខេត្តកោះកុង ៤កន្លែង​ និង២កន្លែងទៀត ក្នុងខេត្តកំពង់ចាម និងក្រចេះ។ លោក បញ្ជាក់ថា​ ក្រៅពីចែកចាយថាមពលអគ្គិសនីនៅក្នុងខេត្តនីមួយៗហើយនោះ អនុស្ថានីយ៍ទាំងនេះ ក៏អាចចែកចាយថាមពលអគ្គិសនីដល់ខេត្តផ្សេងៗផងដែរ ជាពិសេសភ្ជាប់ទៅបណ្តាញបញ្ជូនអគ្គិសនីនៃភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជាតែម្តង។ 
 
អភិបាលរងខេត្តកោះកុងរូបនេះ​បាននិយាយដូច្នេះ៖ «មិនត្រឹមតែសម្រាប់ពលរដ្ឋនៅខេត្តកោះកុង! នៅពេលដែលយើងមានបណ្តាញបញ្ជូនអគ្គិសនីនេះ វានឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋយើងបានកាន់តែប្រសើរមួយកម្រិតទៀត។ ព្រោះអនុស្ថានីយចំនួន៤នៅកោះកុងហ្នឹង​ វានឹងយកចរន្តអគ្គិសនីពីវារីអគ្គិសនីនានាមកបែងចែកទៅភ្នំពេញ ព្រះសីហនុ និងកំពង់ស្ពឹ និងខេត្តផ្សេងៗនៅទូទាំងប្រទេស»៕ 
 

Tag:
 អគ្គិសនី
  កោះកុង
  កំពង់ចាម
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com