ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ត្រឹម៤ខែ កម្ពុជាសម្រេចការប្រមូលពន្ធដារបានដល់ ៥៣ភាគរយ
12, May 2022 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន កំពុងថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅអាម៉េរិក និងកាណាដា ​នៅទីក្រុងវ៉ាស៊ីនតោន  នាល្ងាចថ្ងៃទី១១ឧសភា​ឆ្នាំ២០២២។​
សម្តេច ហ៊ុន សែន កំពុងថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅអាម៉េរិក និងកាណាដា ​នៅទីក្រុងវ៉ាស៊ីនតោន នាល្ងាចថ្ងៃទី១១ឧសភា​ឆ្នាំ២០២២។​
ភ្នំពេញ៖ ពីខែមករា ដល់មេសា ឆ្នាំ២០២២ ​អគ្គនាយកដ្ឋាពន្ធដារ ប្រមូលពន្ធ និងអាករគ្រប់ប្រភេទ  បានទៅដល់៥៣ភាគរយ នៃផែនការប្រចាំឆ្នាំ។ អត្រានេះ គឺស្មើនឹងទំហំទឹកប្រាក់ក្នុងរង្វង់១​ ៥០០លានដុល្លារ។ នេះជាការលើកឡើងរបស់សម្តេច​ ហ៊ុន សែន។ 


«៤ខែ យើងសម្រេច [ការប្រមូលពន្ធដារ] បានរហូតដល់៥៣ភាគរយ»។ សម្តេច ហ៊ុន សែន បានថែ្លងបែបនេះ នាពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅ​អាម៉េរិក និងកាណាដា ​នៅរដ្ឋធានីវ៉ាស៊ីនតោន នាល្ងាចថ្ងៃទី១១ឧសភា ត្រូវនឹងព្រឹកថ្ងៃទី១២ ខែឧសភា ​ម៉ោងនៅកម្ពុជា។​
 
តាមរយៈការផ្សាយផ្ទាល់ ចេញពីទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាម៉េរិក នាល្ងាចថ្ងៃទី១១ឧសភា ដោយបញ្ជាក់ថា​ អត្រាគឺស្មើនឹងទំហំថវិកាជាង ១​​ ៥០០លានដុល្លារ​។ 
 
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា កំណើននៃចំណូលពន្ធដារ ដែលកម្ពុជាសម្រេចបាននេះ គឺដោយសារ​តែចរន្តសេដ្ឋកិច្ចជាតិដើរឡើងវិញ គួបផ្សំនឹងអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តនូវវិធាន​ និងពង្រឹងអនុលោមភាពមួយចំនួន នៃការប្រមូលពន្ធសម្រាប់ថវិកាជាតិ។ សម្តេច ហ៊ុន សែន បន្តមានប្រសាសន៍ដូច្នេះ៖ «ប្រទេសតូចមួយ ផ្នែកពន្ធដារ [យើង] រកបានជាង ១ ៥០០ដុល្លារ គឺមិនមែនជារឿងតូចទេ»។  
 
នាយករដ្ឋមន្ត្រីកម្ពុជា រំពឹង​ថាចំណូលថវិកាជាតិសម្រាប់ឆ្នាំ២០២២ នឹងមានភាពល្អប្រសើរ ខណៈប្រភពចំណូលពីផ្នែកពន្ធគយ ក៏មានកំណើនដែរ។ ​
 
សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ផែនការ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ចំណូលឆ្នាំ២០២២ ឱ្យបាន ២ ៨២០លានដុល្លារ។ ដោយឡែកនៅក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាប្រមូលចំណូល​ពន្ធដារ និងពន្ធគយ បានជាង ៤ ៥០០លានដុល្លារអាម៉េរិក​។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មាន២ ២៤៣លានដុល្លារ ​លើសផែនការរហូត ជាង២៤ភាគរយ៕
 
 

Tag:
 ពន្ធដារ
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com