ជាតិ
សេដ្ឋកិច្ច
បារាំង នឹងផ្តល់ថវិកា៣០០លានអឺរ៉ូ គាំទ្រវិស័យកសិកម្ម ថាមពល ទឹក និងអនាម័យនៅកម្ពុជា
12, May 2022 , 9:59 pm        
រូបភាព
លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច (ស្តាំ) កំពុងជាមួយលោកJacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា។ រូបថត៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច (ស្តាំ) កំពុងជាមួយលោកJacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា។ រូបថត៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) សន្យាផ្តល់ហិរញ្ញប្បទានជាង៣០០លានអឺរ៉ូ (ប្រមាណ៣១៦លានដុល្លារ) ដល់កម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម ថាមពល ទឹក-អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដោយបញ្ជាក់ថាកញ្ចប់ថវិកានេះ គឺស្ថិតនៅក្នុងគម្រោងរយៈពេល៣ឆ្នាំ។

 
រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងផ្តល់ថវិកាជាង៣០០លានអឺរ៉ូដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍមួយចំនួន ក្នុងឆ្នាំ២០២២ដល់២០២៤។ ទំហំថវិកានេះ ត្រូវបានលើកឡើងក្នុងជំនួបប្រចាំឆ្នាំ រវាង  លោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា លោក Yazid Bensaid នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ AFD អ្នកស្រី Ophelie BOURHIS នាយិកា AFD ប្រចាំកម្ពុជា ជាមួយលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ត្រីបច្ចេកទេសផ្សេងៗ នាថ្ងៃទី១១ឧសភា។
 
«ជំនួបនេះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដែលផ្តោតលើវិស័យអាទិភាព រួមមានទឹក អនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ»។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដោយបញ្ជាក់ទៀតថា៖ « ក្នុងន័យនេះ ជាមួយគោលដៅផ្តល់ហិរញ្ញប្បទាន១០០លានអឺរ៉ូ ជារៀងរាល់ឆ្នាំ ទីភ្នាក់ងារAFD ខិតខំក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់កម្ពុជា»។ 


 
ជាមួយគ្នានេះ លោក ហែម វណ្ណឌី បានលើកឡើងថា រយៈពេលជិត៧០ឆ្នាំ នៃទំនាក់ទំនងកាទូតមកនេះ បារាំងមិនត្រឹមជាប្រទេសចូលរួមនាំសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ តែជាមិត្តដ៏ប្រពៃ ដែលតែងតែជួបគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជាមកទល់បច្ចុប្បន្ន។ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច ស្ថានទូតបារាំងប្រចាំកម្ពុជា និងAFD បានស្រង់សម្តីរបស់ លោក ហែម វណ្ណឌី ដូច្នេះ៖ «បារាំង បានក្លាយជាដៃគូអភិវឌ្ឍន៍មួយដ៏សកម្ម ក្នុងបណ្តាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ រួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជា ជាបន្តបន្ទាប់»។
 
សម្រាប់AFD គ្រោងប្រារព្ធខួប៣០ឆ្នាំ ស្តីពីវត្តមាន និងសកម្មភាពរបស់ AFD នៅកម្ពុជា ក្នុងឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មានរួមដដែល រយៈពេល៣០ឆ្នាំនេះ AFD បានផ្តល់ថវិកាប្រមាណ៨៨៨លានអឺរ៉ូ (ក្នុងរង្វង់៩៣០លានដុល្លារ) ដល់កម្ពុជា ដោយនៅក្នុងមាន១៧៨លានអឺរ៉ូ ជាជំនួយឥតសំណង និង៥៣៣លានអឺរ៉ូលាន ជាកម្ចីសម្បទាន។
 
សេចក្តីប្រកាសព័ត៌មានរួម បានរៀបរាប់ថាហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ កំពុងជួយជំរុញកំណើនសេដ្ឋកិច្ច ស្របតាមតាមគោលនយោបាយជាតិ ពិសេសបានអនុលោមទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤៕  
 
 
 

Tag:
 AFD
  ហែម វណ្ណឌី
 កសិកម្ម
  ថាមពល
© រក្សាសិទ្ធិដោយ thmeythmey.com