ជាតិ
អាជ្ញាធរស្រុកលើកដែក បន្តស្វែងរកក្មេងស្រី២នាក់ រអិលជើងធ្លាក់ចូលទន្លេ ខណៈជួយសង្រ្គោះបាន២នាក់
14, May 2022 , 3:53 pm        
រូបភាព
រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចស្រុកលើកដែក កំពុងស្វែងរកក្មេងស្រី២នាក់ ដែលបានបាត់ខ្លួន ដោយសាររអិលជើងពីមាត់ច្រាំងធ្លាក់ចូលទន្លេ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

 
លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានប្រាប់សារព័ត៌មានថ្មីៗថា មុនកើតហេតុ មានក្មេងស្រីសិស្សសាលា៤នាក់ បាននាំគ្នាទៅលេងមាត់ច្រាំងទន្លេ ដែលជាទីតាំងបូមខ្សាច់ ហើយត្រូវរអិលពីមាត់ច្រាំង ធ្លាក់ចូលទន្លេ ត្រង់ចំណុចមុខប៉ុស្តិ៍នគបាលព្រែកដាច់។ ភ្លាមនោះ សមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយសង្រ្គោះបាន២នាក់ ហើយ២នាក់ទៀតបាត់ខ្លួន។ 
 
លោក អាំ ធូ ប្រាប់ដូច្នេះថា៖«ច្រាំងហ្នឹងបាក់យូរ ហើយត្រូវគេបានបូមខ្សាច់ទប់កុំឱ្យបាក់ទៀត អ៊ីចឹង ក្មេងស្រីទាំងនោះ គាត់ទៅលេងលើខ្សាច់ ក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹក។ ចំណុចកើតហេតុនេះ ជាកន្លែងខ្សែទឹកធំ ហើយកន្លែងខ្លះមានជម្រៅដល់ ២០ ទៅ៣០ម៉ែត្រ»។ លោក អាំ ធូ បញ្ជាក់ថា រហូតមកដល់ ម៉ោង៣ រសៀលថ្ងៃទី១៤ ឧសភានេះ អាជ្ញាធររកមិនទាន់ឃើញនៅឡើយ។  
 
ក្មេងស្រីដែលបានបាត់ខ្លួនទាំង ២នាក់នេះ មានឈ្មោះ វណ្ណៈ ស៊ីមាន អាយុ១២ឆ្នាំ រស់នៅ ភូមិព្រែកតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក។ ម្នាក់ទៀត ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ អាយុ១២ឆ្នាំ នៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក៕  
 
 

Tag:
 ស្រុកលើកដែក
  ច្រាំងទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com