ជាតិ
«ភ្នំជម្រកសត្វ» ប្រែពីតំបន់បទល្មើសព្រៃឈើ ទៅជាសហគមន៍អេកូទេសចរណ៍នៅថាឡាបរិវ៉ាត់
14, May 2022 , 4:29 pm        
រូបភាព
ស្ទឹងត្រែង៖ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយ នៅក្នុង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សហគមន៍មួយនេះ បានប្រែក្លាយពីតំបន់ល្មើសច្បាប់ធនធានធម្មជាតិ ទៅជាតំបន់អភិរក្សធនធានធម្មជាតិ ព្រមទាំងលើកស្ទួយជីវភាពពលរដ្ឋក្នុងសហគមន៍ តាមរយៈប្រាក់ចំណូល ដែលទទួលបានពីវិស័យទេសចរណ៍។

 

  
សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ជាផ្នែកមួយនៃសហគមន៍ព្រៃឈើភ្នំជម្រកសត្វ។ សហគមន៍ព្រៃឈើភ្នំជម្រកសត្វ ត្រូវបានប្រកាសទទួលស្គាល់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបង្កើតជាសហគមន៍អេកូទេសចរណ៍នៅក្នុងអំឡុងខែមិនា ឆ្នាំ២០១៨ ព្រមទាំងបើកទទួលភ្ញៀវទេសចរនៅចុងឆ្នាំ២០១៩។ សហគមន៍នេះ ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 


 ភ្នំឈ្ងោក ក្នុងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។
 
ការបង្កើតសហគមន៍នេះឡើង ដោយសារទីនេះធ្លាប់ជាតំបន់រងការគំរាមកំហែង ដោយបទល្មើសព្រៃឈើ ការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធ ការបរបាញ់សត្វព្រៃ និងកង្វះមុខរបរជាដើម។ ក្រោយមកតំបន់នេះ ត្រូវបានអភិវឌ្ឍន៍ជាទីតាំងទេសចរណ៍ ក្នុងគោលបំណង ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់សមាជិកសហគមន៍ព្រៃឈើ និងពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច និងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព។ 
 
បច្ចុប្បន្នសហគមន៍មួយនេះ បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញ តាមរយៈទេសចរណ៍ឡើងភ្នំ ទស្សនាសមុទ្រឈើ និងរូងភ្នំធម្មជាតិ។ ការបង្កើតជាតំបន់ទេសចរណ៍នេះ បានចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពក្នុងសហគមន៍។ 
 
បន្ទាប់ពីបានបង្កើត និងទទួលស្គាល់ផ្លូវច្បាប់ពីក្រសួងពាក់ព័ន្ធ និងក្លាយជាសហគមន៍អេកូទេសចរណ៍ សហគមន៍ដែលមានផ្ទៃដី ៤ ១៥៣ហិកតានេះ បានប្រែក្លាយជាតំបន់ដែលចូលរួមអភិរក្សធនធានធម្មជាតិ គួរឱ្យកត់សម្គាល់។
 
«(យើង)មានការគំរាមពីជនបទល្មើស [ព្រៃឈើ] ដែលចូលមករុករានព្រៃឈើ និងបរបាញ់សត្វ។ ក្រោយពីការបង្កើតជាសហគមន៍មក ជនបទល្មើសមានការកាត់បន្ថយ។ (បច្ចុប្បន្ន)ការងារបរបាញ់សត្វ និយាយមួយមាត់ទៅ គឺសូន្យតែម្ដង តែបទល្មើសព្រៃឈើ នៅមានរប៉ិករប៉ុក វាមិនជាដុំកំភួន កាត់បន្ថយ ៨០ភាគរយហើយ»។ លោក ញាន ផន ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លើកឡើងអំពីភាពផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។ 
 
បទល្មើសដែលនៅសេសសល់ ក្នុងសហគមន៍មួយនេះ គឺមិនមែនកើតឡើងដោយពលរដ្ឋមូលដ្ឋានផ្ទាល់ឡើយ ពោលគឺជាអ្នកក្រៅតំបន់ដែលមកពីបណ្ដាខេត្តផ្សេងៗ។ ប្រធានសហគមន៍រូបនេះ កត់សម្គាល់ឃើញថា ជនល្មើសដែលចូលមកលុកលុយព្រៃសហគមន៍គឺមកពីបណ្ដាខេត្តដូចជា បាត់ដំបង តាកែវ ព្រះវិហារ។
 
ការផ្លាស់ប្ដូរនេះ កើតឡើងដោយសារការចូលរួមរបស់សហគមន៍មូលដ្ឋានផ្ទាល់ អង្គការដៃគូ និងក្រសួងស្ថាប័នពាក់ព័ន្ធ លើការទប់ស្កាត់ និងអភិវឌ្ឍន៍តំបន់នេះជាតំបន់ទេសចរណ៍។ ការបង្កើតសហគមន៍នេះដំបូង ថ្នាក់ដឹកនាំរូបនេះអះអាងថា ជួបផលវិបាកខ្លាំង លើបញ្ហាបទល្មើសព្រៃឈើ។ 
 
លោក ញាន ផន រៀបរាប់បញ្ហាខាងលើនេះដូច្នេះ៖ «ផលពិបាកគឺ ជួបប្រទះនឹងជនបទល្មើស​ ជាបញ្ហាប្រឈមធំ។ ក្រោយមកខ្ញុំមានការសម្របសម្រួល ទៅតាមគោលការណ៍ លក្ខន្តិក មានរបាយការណ៍ជូនឃុំ ឬប៉ុស្ដិ៍ សាលាស្រុក រដ្ឋបាលព្រៃឈើ ការងារណែនាំនោះកាត់បន្ថយច្រើន។ ហើយពួកគាត់ផ្លាស់ប្ដូរពីរបរព្រៃឈើ ទៅដាំដុះជាដំឡូង (ស្វាយ)ចន្ទី ស្រូវ អង្ករ ឬដំណាំផ្សេងៗ ដែលជាដំណាំកសិកម្មចិញ្ចឹមជីវិត»។


លោក ញាន ផន ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។ 
 
ជាមួយគ្នានេះ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP EP) អះអាងថា ការបង្កើតសហគមន៍អេកូទេសចរណ៍ពិតជាមានសារៈសំខាន់ និងចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋសហគមន៍ផ្ទាល់។


 អ្នកស្រី ឈីម សុខជា អ្នកផ្ដល់សេវាកម្មម្ហូបអាហារ ក្នងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។
 
ពលរដ្ឋរស់នៅក្នុងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ទើរតែទាំងស្រុងជាជនជាតិដើមភាគតិចគួយ។ មុនការបង្កើតជាសហគមន៍នេះឡើង ពួកគាត់រស់នៅទីនេះ ដោយអាស្រ័យផលអនុផលព្រៃឈើ បរបាញ់សត្វជាដើម ក្រៅពីមុខរបរស្រែចម្ការ។ 
នាពេលបច្ចុប្បន្ន បន្ទាប់ពីការបង្កើតសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វនេះ ពួកគាត់ងាកទៅប្រកបរបរធ្វើស្រែចម្ការ ដូចជា ដំណាំស្វាយចន្ទី ដំឡូងមី ស្រូវ បន្លែ ចិញ្ចឹមសត្វ និងនេសាទ។ ក្រៅពីមុខរបរជាកសិករ ពួកគាត់មួយចំនួន ក៏ជាអ្នកប្រតិបត្តិករទេសចរណ៍ ក្នុងសហគមន៍នេះផងដែរ។
 
គិតត្រឹមឆ្នាំ២០២១ សហគមន៍នេះ មានសមាជិកចូលរួមចំនួន ៤៣នាក់ ក្នុងនោះស្រីចំនួន៧នាក់ ខណៈគណៈកម្មាការចំនួន១១នាក់ ស្រី៣នាក់។
 
គួររម្លឹកបន្តិចថា សហគមន៍អេកូទេសចរណ៍នេះ មានផ្ដល់សេវាកម្មដឹកទេសចរ នាំភ្ញៀវ និងសេវាម្ហូបអាហារ។ អ្នកស្រី ឈីម សុខជា ជាអ្នកផ្ដល់សេវាកម្មម្ហូបអាហារ នៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វមួយរូប ដែលចាប់ផ្ដើមការងារខ្លួនអំឡុងឆ្នាំ២០១៨។ ការងារជាអ្នកប្រតិបត្តិករទេសចរណ៍នេះ​ ជាការងារមួយទៀត បន្ទាប់ពីបង្កបង្កើតផលស្រូវ និងដំឡូងមី។ 


 ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ  NTFP EP។

អ្នកស្រី សុខជា រៀបរាប់ទាំងសប្បាយចិត្តដូច្នេះ៖ «អ្វីដែលសំខាន់នោះ គឺបទពិសោធន៍ល្អៗ ដូចជាខាងបដិសណ្ឋារកិច្ច និងសេវាដឹកនាំភ្ញៀវ និងបានប្រាក់កម្រៃខ្លះ ដើម្បីផ្គត់ផ្គង់នៅខាងសហគមន៍ផង និងផ្គត់ផ្គង់គ្រួសារផង»។ ចំណេះជំនាញផ្នែកទេសចរណ៍ខាងលើ អ្នកស្រីទទួលបានការបណ្ដុះបណ្ដាលពីអង្គការដៃគូ និងក្រសួងពាក់ព័ន្ធ។
 
ជុំវិញការបណ្ដុះបណ្ដាលសហគមន៍នេះ កន្លងមកអង្គការ NTFP EP និងក្រសួងពាក់ព័ន្ធ បានបណ្ដុះបណ្ដាលនូវជំនាញមួយចំនួនរួមមាន ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ការបម្រើសេវាកម្ម ការបម្រើផ្ទះស្នាក់ សេវាកម្មដឹកជញ្ជូន ការថែទាំយានយន្ត ភាពជាអ្នកដឹកនាំ។
 
មិនខុសពីអ្នកស្រី សុខជា ប៉ុន្មានឡើយ លោក សា​ សុផល ដែលជាអ្នកនាំភ្ញៀវទេសចរ ក្នុងសហគមន៍ នោះ លើកឡើងថា ការបង្កើតតំបន់អេកូទេសចរណ៍នេះឡើង បានចំណូលបន្ថែមដល់គ្រួសារលោក។ គួររម្លឹកផងដែរថា លោក សុផល ជាជនជាតិដើមភាគតិចគួយ ដែលបានចូលរួមក្នុងសហគមន៍អំឡុងឆ្នាំ២០២០ និងមានតួនាទីជាអនុប្រធានសហគមន៍អេកូទេសចរណ៍មួយនេះផងដែរ។


 លោក សា_ សុផល អ្នកនាំភ្ញៀវ ក្នុងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។

មានសម្បុរស្រអែម លោក សុផល រៀបរាប់ពីការងារជាអ្នកនាំភ្ញៀវដូច្នេះថា៖ «ធម្មតាពេលមានភាគលាភ យើងបែងចែកភាគលាភដែលទទួលបាន។ យើងអ្នកនាំភ្ញៀវបើថាបានពីភ្ញៀវឱ្យក៏បានទៅ រួចបង់ចូលសហគមន៍ ប៉ុន្តែពួកខ្ញុំមិនមានកំណត់ថ្លៃសេវាពីភ្ញៀវប៉ុន្មានៗទេ គឺទឹកចិត្តភ្ញៀវអ្នកឱ្យទេ»។ 

ការដើរកម្សាន្តតាមតំបន់អេកូទេសចរណ៍ របស់ភ្ញៀវទេសចរពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានចូលរួមក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋសហគមន៍ និងអភិរក្សធនធានធម្មជាតិ។ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការ  NTFP EP លើកឡើងថា ភ្ញៀវទេសចរកម្សាន្តតាមតំបន់អេកូទេសចរណ៍ បានធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសខ្លាចរអា។ 


 រូងប្រចៀវ ក្នុងភ្នំឈ្ងោក នៃសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។ 

 
ត្រង់ចំណុចខាងលើនេះ លោក ប៊ុនធឿន ពន្យល់បន្ថែមដូច្នេះ៖ «ភ្ញៀវទេសចរម្នាក់ អាចជាអ្នកកាសែត។ ភ្ញៀវទេសចរម្នាក់អាចជាសមត្ថកិច្ច។ អ៊ីចឹងនៅពេល គេឃើញបទល្មើស គេអាចផុសហ្វេសប៊ុក ឬបណ្ដាញសង្គមផ្សេងៗ ងាយស្រួលឱ្យអាជ្ញាធរបង្ក្រាប។ ដូច្នេះ វាជាចំណុចមួយឱ្យជនល្មើសទាំងនោះ ខ្លាចរអាសកម្មភាពរបស់សហគមន៍ទេសចរណ៍»។ 

គួរជម្រាបផងដែរថា សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ជាតំបន់ទេសចចរណ៍បែបផ្សងព្រេងមួយ តាមរយៈការឡើងភ្នំ និងទស្សនារូងភ្នំធម្មជាតិ។ ទេសចរទៅកាន់ទីនេះ អាចឡើងភ្នំឈ្ងោកទស្សនាសមុទ្រឈើ ពីលើកំពូលភ្នំ ទស្សនារូងភ្នំធម្មជាតិ ដូចជារូងភ្នំអូន បង, រូងភ្នំឥសិសម្នាក់ធម៌, រូងលោកសិង, រូងប្រចៀវជាដើម​ ជាពិសេសក៏បានភ្លក់នូវមុខម្ហូបតំបន់របស់ជនជាតិដើមភាគតិចគួយផងដែរ។ សម្រាប់ទេសចរ ដែលមានបំណងចង់ទៅទស្សនា សហគមន៍អេកូទេសចរណ៍មួយនេះ គួរទាក់ទងទៅជាមុន ដើម្បីផ្ដល់ភាពងាយស្រួល ដល់សហគមន៍ដើម្បីរៀបចំ នូវសេវាកម្មផ្សេងៗ ដែលមានក្នុងសហគមន៍នេះ៕
 
 

Tag:
 សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com