ជាតិ
ក្រុមហ៊ុន BonBon BOx ពិភាក្សាពី​លទ្ធភាពនាំចេញ​ផលិតផលកសិកម្ម​កែច្នៃទៅផ្សារអន្តរជាតិ
14, May 2022 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន BonBon Box នឹងសហការជាមួយសហគ្រិនក្នុងស្រុក ដើម្បីនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ។ លើសពីផ្សារទំនើប BonBon Box ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចែកចាយផលិផលកសិកម្មកែច្នៃ ទៅប្រទេសអាស៊ាន។

 
BonBon Box បានអញ្ជើញសហគ្រិនចំនួន៩ មកពិភាក្សាពីលទ្ធភាពនាំចេញផលិតផលកសិកម្មកែច្នៃមួយចំនួនដូចជា អង្ករ ដំណាប់មៀន ឬចេក ស្រា និងទឹកផ្លែឈើ ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសប្រទេសសិង្ហបុរី។ ផលិតផលដែលអាចដាក់លក់ក្នុងផ្សារ BonBon Box ត្រូវមានលិខិតបញ្ជាក់ «សុវត្ថិភាពចំណីអាហារ» ត្រឹមត្រូវពីក្រសួងសុខាភិបាល។ 


 
លោកស្រី លី សៀវអ៊ីន នាយកប្រតិបត្តិក្រុមហ៊ុន BonBon Box បានលើកឡើងថា BonBon នឹងជួយជំរុញផលិតកសិកម្មកម្ពុជាឱ្យមានទីផ្សារបន្ថែមទៀត តាមរយៈការចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ កន្លងមក លោកស្រី មើលឃើញថា ផលិតកសិកម្មមួយចំនួន ពុំទាន់មានទីផ្សារទូលំទូលាយនៅឡើយ។ លោកស្រី រំពឹងថា នៅពេល BonBon Box បើកដំណើរការផ្លូវការនៅខែសីហា និងមានផលិតផលក្នុងស្រុកក្នុងផ្សារទំនើបមួយនេះ។ 


 
លោកស្រី លី សៀវអ៊ីន ថ្លែងដូច្នេះ៖ « BonBon Box គឺជាផ្សារទំនើប ដែលលក់ផលិតប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែ យើងមានចក្ខុវិស័យ នាំចេញផលិតក្នុងស្រុកដូចជាអង្ករ ឬផ្លែឈើជាដើម ទៅក្រៅប្រទេស ជាពិសេសប្រទេសដំបូងដែលយើងត្រូវទៅ គឺសិង្ហបុរី និងប្រទេសអាស៊ានទាំង ១០ផ្សេងទៀត»។


 ស្ករ ស្រា ស្ករគ្រាប់ និងអាហារមួយចំនួនទៀតច្នៃចេញពីផ្លែចេក 
 
ជាមួយគ្នានេះ លោក អ៊ីម នូភា ជាអ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Fedrice បានលើកឡើងថា ក្រុមហ៊ុនរបស់លោកចង់ពង្រីកការលក់អង្ករផ្កាម្លិះ ដែលជាផលិតដំណាងឱ្យខេត្តបាត់ដំបង។ លោក នូភា យល់ថា BonBon Box មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការនាំយកផលិតរបស់លោកទៅក្រៅប្រទេស។ 


អង្ករផ្កាម្លិះ របស់ក្រុមហ៊ុន Fedrice 
 
អ្នកគ្រប់រូបនេះ ជឿជាក់ថា BonBon Box នឹងក្លាយជាម៉ាក់សញ្ញានាំអង្ករ ឬផលិតផលកម្ពុជាផ្សេងទៀត ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់។ ក្រុមហ៊ុន Fedrice បានព្យាយាមផលិតអង្ករមានគុណភាព និងស្តង់ដារ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ អាចនាំចេញអង្ករប្រមាណ ៣ម៉ឺនតោនក្នុងមួយឆ្នាំ ភាគច្រើនទៅចិន និងអឺរ៉ុប។ 
 
លោក អ៊ីម នូភា ប្រាប់ថ្មីៗ២៥ដូច្នេះ៖«ខ្ញុំគិតថា BonBon Box មានការឆ្នៃប្រឌិតខ្ពស់ និងទាក់ទាញ មានទាំងការសិក្សាទីផ្សារច្បាស់លាស់ គម្រោងអាជីវកម្មច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ ជាការពិត ចក្ខុវិស័យរបស់យើងទាំងពី ដូចគ្នា ព្រោះយើងចង់លើកស្ទួយវិស័យកសិកម្មក្នុងស្រុកដូចគ្នា។ អ៊ីចឹង យើងរំពឹងថា នឹងមានទីផ្សារបន្ថែមទៀត ក្រោយពេលយើងចូលរួមជាមួយ BonBon Box»។ 



ម្ចាស់សហគ្រាស កែច្នៃ ស្ករ ស្រា ស្ករគ្រាប់ និងអាហារមួយចំនួនទៀតចេញពីផ្លែចេក នៅស្រុកកម្ការលើ ខេត្តកំពង់ចាម លោកស្រី យន់ ផល្លី បានឱ្យដឹងដែរថា ផលិតផលរបស់លោកស្រី បានដាក់លក់តាមផ្សារ និងហាងតូចធំ ជាង៤០០កន្លែងក្នុងប្រទេសកម្ពុជា​ ប៉ុន្តែ នៅតែពិបាកលក់។ តាមរយៈ BonBon Box នេះ លោកស្រី រំពឹងថា ការលក់នឹងកើនឡើងជាងមុន ជាពិសេសអាចបង្ហាញផលិតផលទាំងនោះទៅទីផ្សារអន្តរជាតិ។ 
 
លោកស្រី ផល្លី ប្រាប់ដូច្នេះ៖«ពិសេសមែនទែន បើសិន ជាផលិតផលរបស់យើង មានវត្តមានបណ្ដាប្រទេសមួយចំនួនដូចសិង្ហបុរី ឬប្រទេសផ្សេងទៀត វាដូចជាការបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរយើង។ មួយទៀត ប្រសិនបើ ទីផ្សារយើងកាន់តែធំ យើងក៏អាចជួយផ្ដល់ការងារដល់កសិករបន្ថែមផងដែរ»៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com