ជាតិ
អ្នកស្រី ម៉ាង ស្រីទូច ស្គាល់ពីសង្គម​កាន់តែច្រើន ក្រោយចូលរួម​ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប
15, May 2022 , 9:59 am        
រូបភាព
 អ្នកស្រី ម៉ាង ស្រីទូច អ្នកធ្វើម្ហូប ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប។
អ្នកស្រី ម៉ាង ស្រីទូច អ្នកធ្វើម្ហូប ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប។
ក្រចេះ៖ ការងារផ្ដល់សេវាម្ហូបអាហារដល់អ្នកទេសចរ ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប បានធ្វើឱ្យអ្នកស្រីស្គាល់ពីសង្គមកាន់តែច្រើនជាងមុន និងបានចំណូលផ្គត់ផ្គង់គ្រួសារ។ អ្នកស្រីប្រៀបធៀបខ្លួនឯងថា ការចូលរួមនឹងសហគមន៍ ដូចជាកង្កែបចេញពីអណ្ដូងដូច្នោះ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង ទស្សនាវីដេអូ សម្ភាសអ្នកស្រី ម៉ាង ស្រីទូច​ ជាអ្នកធ្វើម្ហូប ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប ដូចតទៅ៖

 
 
មានស្រុកកំណើតនៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រី ម៉ាង ស្រីទូច បានមកកាន់ខេត្តក្រចេះ ដើម្បីធ្វើចម្ការប្រមាណ១០ឆ្នាំមកហើយ។ បន្ទាប់ពីការធ្វើចម្ការ អ្នកស្រីបានឆ្លៀតពេលចូលរួមក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិបអំឡុងឆ្នាំ២០២០ ជាអ្នកធ្វើម្ហូបសម្រាប់ទេសចរក្នុងសហគមន៍មួយនេះ។ ការងារជាអ្នកផ្ដល់សេវាកម្មនេះ បានរកចំណូលបន្ថែមដល់គ្រួសារអ្នកស្រី ដើម្បីបញ្ជូនកូនទៅសាលា។
 
ការចូលរួមក្នុងសហគមន៍នេះ មិនត្រឹមតែរកចំណូលដល់គ្រួសារអ្នកស្រីឡើយ ប៉ុន្តែធ្វើឱ្យអ្នកស្រីបានស្គាល់ពីសង្គមខាងក្រៅបន្ថែម តាមរយៈការជួបភ្ញៀវទេសចរមកពីគ្រប់ទិសទី និងការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗពីអង្គការ និងក្រសួងពាក់ព័ន្ធ។
 
«សហគមន៍បានបង្កើតអេកូទេសចរណ៍កោះសាមសិបនេះឡើង អាចមានចំណេះដឹងដល់ខ្លួនខ្ញុំ។ បើខ្ញុំសំងំតែក្នុងព្រៃអត់ដឹងថាខាងក្រៅមានអីៗអ៊ីចឹងទេ។ ប្រៀបធៀបទៅដូចកង្កែប ក្នុងថ្លុក ថាអានៅត្រពាំងធំហើយ ពេលដែលចេញទៅក្រៅបានដឹងថាធំប៉ុណ្ណា»។ នេះជាសម្ដីរបស់អ្នកស្រី ស្រីទូច ប្រៀបធៀបពីការចូលរួមក្នុងសហគមន៍។
 
ថ្វីបើចំណូលពីការងារជាអ្នកធ្វើម្ហូបទទួលទេសចរ មិនបានចំណូលក្រាសក្រែលក៏ពិតមែន តែកាងារមួយនេះអាចជួយសម្រាលបន្ទុកគ្រួសារអ្នកស្រីបានមួយផ្នែក។ អ្នកស្រី ក៏អាចលក់ដូរបន្លែបង្ការ ដែលខ្លួនដាំលក់មកឱ្យសហគមន៍បានផងដែរ។ អ្នកស្រី សប្បាយចិត្ត ដែលបានបម្រើការនៅសហគមន៍អេកូទេសចរណ៍កោះសាមសិប។ ស្រ្តីកូនពីររូបនេះ នឹងរួមដំណើរខ្លួនជាមួយសហគមន៍បន្តទៀត ព្រោះយល់ឃើញថា ការងារនេះខ អាចចូលរួមការពារធនធានធម្មជាតិ ក្នុងសហគមន៍។
 
សូម​បញ្ជាក់ថា កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅ អង្គការ NTFP EP បានរៀបចំទស្សនកិច្ចសិក្សាដល់ក្រុមអ្នកសារព័ត៌មាន ទៅកាន់សហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីសក្ដានុពលសហគមន៍អេកូទេសចរណ៍តាមបណ្ដោយទន្លេមេគង្គលើ ដល់សាធារណជនតាមរយៈសារព័ត៌មាន៕
 
 
 

Tag:
 ម៉ាង ស្រីទូច
  សហគមន៍អេកូទេសចរណ៍កោះសាមសិប
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com