ជាតិ
Birdlife បណ្ដុះបណ្ដាលសហគមន៍ និងឧទ្យានុរក្ស ដើម្បីការពារធនធានធម្មជាតិ នៅតំបន់រ៉ាមសារបឹងទន្លេសាប
15, May 2022 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការជីវិតសត្វស្លាបកម្ពុជា ទទួលបានគម្រោងមូលនិធិពីសហភាពអឺរ៉ុប បន្តពីអង្គការWCS ​ដើម្បីអនុវត្តការងារការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ នៅតំបន់រ៉ាមសារ រយៈពេល៤ឆ្នាំ។ បច្ចុប្បន្ននេះ ​គម្រោងអនុវត្តបានមួយឆ្នាំ និងកំពុងជួបបញ្ហាមួយចំនួន ដែលត្រូវការពេលដោះស្រាយ បន្តរហូតចប់គម្រោងនៅឆ្នាំ២០២៤។

 
អង្គការ Birdlife បានអនុវត្តគម្រោងសម្រាប់ទីតាំងពីរគឺ តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន។ គម្រោងរយៈពេល ៤ឆ្នាំនេះ ជួយគាំពារដល់សហគមន៍សម្រាប់ការការពារតំបន់ធម្មជាតិ កសាងសម្ថតភាពរបស់ឧទ្យានុរក្ស និង គាំទ្រដល់ក្រសួងបរិស្ថានលើគម្រោងការពារ អភិរក្សធម្មជាតិធនធានធម្មជាតិក្នុងតំបន់ទាំងពីរ។ 


រូបភាពដោយ អង្គការBirdlife  
 
« គម្រោងរបស់យើង កំពុងជួយពលរដ្ឋនៅក្នុងសហគមន៍នៅស្ទឹងសែន ហើយបច្ចុប្បន្នយើងកំពុងជួយសហគមន៍មួយទៀត នៅសហគមន៍បឹងទន្លេឆ្មា លើជំនាញគ្រប់គ្រងទូទៅសំខាន់ៗក្នុងសហគមន៍។ ចំពោះឧទ្យានុរក្ស យើងជួយគាំពារលើការល្បាត​ និងសហការជាមួយWCSបណ្ដុះបណ្ដាលលើជំនាញSmart Mobile ដល់ក្រុមនេះជាដើម។ ចុងក្រោយនោះគឺ ការគាំទ្រដល់កិច្ចការងារការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន»។ នេះជាការរៀបរាប់ដោយលោក វរសក្ស។    


រូបភាពដោយ អង្គការBirdlife  
 
លោក ប៊ូ វរសក្ស  រំពឹងថា នៅពេលចប់គម្រោងរយៈពេល៤ឆ្នាំ ពលរដ្ឋនៅក្នុងសហគមន៍ អាច​គ្រប់គ្រងសហគមន៍ដោយចេះរកជំនួយគាំពារខ្លួន បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ ​ សម្រាប់ឧទ្យានុរក្ស អាចមានសមត្ថភាពអាចប្រើប្រាស់បច្ចេកទេស​ក្នុងការប្រើកម្មវិធី Smart Mobile ​​ដើម្បីសម្រួលដល់ការងារ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន។ 


រូបភាពដោយ អង្គការBirdlife  
 
ចំពោះបញ្ហាប្រឈមវិញ លោក វរសក្ស សង្កេតឃើញដូច្នេះ៖ « បទល្មើសនេសាទទាំងក្នុង និងក្រៅសហគមន៍ ពិបាកក្នុងការគ្រប់គ្រង ។  ពួកយើងនឹងប្រឹងប្រែងធ្វើការ ដោយសារគម្រោងរបស់យើងនៅសល់ពេលបីឆ្នាំទៀត។​ ទោះយ៉ាងណា គម្រោងនេះ នឹងធ្វើឱ្យបញ្ហាដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន អាចកាត់បន្ថយជាងមុន »​។
សូមបញ្ជាក់ថា តំបន់ទាំងពីរដែលស្ថិតក្រោមគម្រោងអង្គការនេះ រួមមាន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន៕ 
 
 
 
 

Tag:
 បឹងទន្លេសាប
  អង្គការ
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com