អត្ថបទពាណិជ្ជកម្ម
កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG)
16, May 2022 , 2:44 pm        
រូបភាព
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធីថវិកា ជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះ​ផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise)សហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។
 
កម្មវិធីនេះ មានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនសក្តានុពលនាំចេញ ដោយកាត់បន្ថយការចំណាយ លើការលើកកម្ពស់ និងការអភិវឌ្ឍទីផ្សារនាំចេញ។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស កម្មវិធីនេះ នឹងកាត់បន្ថយបន្ទុករបស់សហគ្រាសធុនតូច និងមធ្យម ទៅលើចំណាយធំៗមួយចំនួន ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ និងកាត់បន្ថយសម្ពាធលើការចំណាយរបស់ សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។
 
ដើម្បីអភិវឌ្ឍន៍ទីផ្សារនាំចេញ សហគ្រាសធុនតូច និងមធ្យម ត្រូវប្រឈមមុខនឹងការចំណាយជាច្រើន។ ចំណាយទាំងនោះ រួមមាន​ការចំណាយទៅលើការធ្វើដំណើរទៅរកអតិថិជន និងចូលរួមព្រឹត្តិការណ៍នៅក្រៅស្រុក ការកែច្នៃផលិតផលសម្របតាមអតិថិជននៅក្រៅស្រុក ការផ្សព្វផ្សាយលើសកម្មភាពផ្សេងៗ ការជួលអ្នកប្រឹក្សាផ្តល់យោបល់ទៅលើផ្នែកអាជីវកម្ម ច្បាប់ និងពន្ធផ្សេងៗ ដែលជាតម្រូវការចាំបាច់ ក្នុងការនាំចេញទៅកាន់ទីផ្សារមួយចំនួន និងការចំណាយផ្សេងទៀតដែលទាក់ទងនឹងគុណភាព និងវិញ្ញាបនបត្ស្តង់ដារអន្តរជាតិ។
 
កម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នេះ នឹងផ្តល់សំណង ៥០ភាគរយ ទៅលើការចំណាយសរុប របស់សហគ្រាសធុនតូច និងមធ្យម ដែលចូលក្នុងលក្ខន្តិកៈរបស់កម្មវិធី គិតចាប់ពីខែមករា ឆ្នាំ២០១៩។ កម្មវិធីនេះ ផ្តោតជាពិសេស​​លើសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់បាននាំចេញទៅកាន់ទីផ្សារបរទេសហើយ ក៏ដូចជាលើកទឹកចិត្តដល់សហគ្រាសធុនតូច  និងមធ្យម ដែលមានបំណង​វិនិយោគលើសកម្មភាពអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬ​ ជំរុញបន្ថែមលើទីផ្សារ ដែលមានស្រាប់ផងដែរ។
 
ស្របពេលដែលកម្មវិធីនេះ លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម វិស័យកែច្នៃទិន្នផលកសិកម្ម និងវិស័យផលិតកម្មឱ្យ​ដាក់ពាក្យ សហគ្រិនខ្មែរ (KE) ក៏បើកទូលាយឱ្យសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផ្សេងៗ ដែលមានចំណាយចូលក្នុងលក្ខន្តិកៈរបស់កម្មវិធី ឲ្យ​ដាក់ពាក្យផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបនៃការដាក់ពាក្យទៅកម្មវិធី សូមចុចលើនេះ។ ដាក់ពាក្យមកឥឡូវនេះ តាមរយៈ https://bit.ly/3N48zXg
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com