ជាតិ
សេដ្ឋកិច្ច
ឆ្នាំនេះ លោក គង់ វិបុល រំពឹងប្រមូលពន្ធលើសផែនការទៀត ក្រោយសម្រេចបាន៥៣ភាគរយ ត្រឹម៤ខែ
16, May 2022 , 4:38 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ ត្រឹម៤ខែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទចូលជាតិ ជាង​ ១ ៥០០លានដុល្លារ។ ទំហំនេះ ស្មើនឹង៥៣,២៧ភាគរយនៃផែនការ ខណៈលោក គង់​ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការប្រមូលពន្ធក្នុងឆ្នាំ២០២២ នឹងបន្តលើសផែនការ។​

 
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់​ផែនការ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ចំណូលឆ្នាំ២០២២ ឱ្យបាន ២ ៨២០លានដុល្លារ។ តែគិតត្រឹម៤ខែដើមឆ្នាំនេះ ការប្រមូលពន្ធចូលថវិកាជាតិរបស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចចបានរហូតដល់៥៣ភាគរយ។ 
 
«សម្រាប់រយៈពេល១២ខែឆ្នាំ២០២២ អគ្គនាយកដ្ឋាន​ពន្ធដារ រំពឹងថាអាចនឹងសម្រេចបានគ្រប់ និងលើសផែនការដែលកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២»។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារដែលស្រង់សម្តី លោក គង់ វិបុល ក្នុងជំនួបពិភាក្សាជាមួយក្រុមការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី១៣ឧសភា។​
 
ក្តីរំពឹងរបស់លោក គង់ វិបុល បានបង្ហាញឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបានពង្រឹងប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ​ពីក្រុមហ៊ុន-សហគ្រាសផលិតស្រាបៀ,​ អនុវត្តការប្រមូលអាករលើតម្លៃបន្ថែម(VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) និងការដាក់ឱ្យប្រើប្រាស់នូវកម្មវីធីវិក្កយបត្រនាំសំណាង(GDP Lucky Draw App) រួមទាំងការអនុវត្តនូវវិធានការផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធឱ្យអស់លទ្ធភាពសម្រាប់ចូលជាតិ។
 
អត្ថបទទាក់ទង
 
សូមជម្រាបថា កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធចូលជាតិបាន ២ ៧៨១,៩២លានដុល្លារ។ ថវិកាដែលប្រមូលពន្ធដារប្រមូលបាននេះ គឺលើសផែនការរហូត២៤,០២ភាគរយ។  ការសម្រេចបាននូវសមិទ្ធផលនេះ ត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងថា ជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ​៕ 
 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com