ជាតិ
សេដ្ឋកិច្ច
កម្ពុជា សង្ឃឹមទទួលបានប្រព័ន្ធអនុគ្រោះGSP ពី អាម៉េរិក វិញ
16, May 2022 , 6:16 pm        
រូបភាព
 លោក ប្រាក់ សាខុន (ឆ្វេង) កំពុងពិភាក្សាជាមួយ អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នាថ្ងៃទី១៣ឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត៖_ ក្រសួងការបរទេស
លោក ប្រាក់ សាខុន (ឆ្វេង) កំពុងពិភាក្សាជាមួយ អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នាថ្ងៃទី១៣ឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត៖_ ក្រសួងការបរទេស
ជាងមួយឆ្នាំមកហើយ ដែលកម្ពុជាអស់សុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPរបស់សហរដ្ឋអាម៉េរិក​។ ប៉ុន្តែ លោក ប្រាក់​ សាខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្ឃឹមថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះវិញ ​ក្នុងការនាំចេញទំនិញទៅទីផ្សារអាម៉េរិក។ លោក ប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមនេះ​ នៅចំពោះមុខលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ឧសភា។​



អត្ថបទទាក់ទង

 
ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences)នៅកម្ពុជាបានផុតសុពលភាពនៅត្រឹមដំណាច់ឆ្នាំ២០២០មក។ បន្ទាប់ពីចំណាយពេលចចារអស់ជាងមួយឆ្នាំ កម្ពុជាមានក្តីសង្ឃឹមក្នុងការទទួលបានប្រព័ន្ធនេះមកវិញ។ 
 
«សង្ឃឹមថាប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលមានភាគច្រើនជាស្ត្រី»។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាង លោក ប្រាក់ សាខុន និងលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នាថ្ងៃទី១៣ឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ 


សកម្មភាពកម្មការិនីកំពុងបំពេញការងារនៅក្នុងរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានដដែល ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់អាម៉េរិក ក្នុងការគាំទ្របន្ថែមដល់រដ្ឋាភិបាលកម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ 
 
 
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ត ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា​ ចំពោះកិច្ចការប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាកំពុងរង់ចាំមើលសេចក្តីសម្រេចរបស់សភាសហរដ្ឋអាម៉េរិក។​ លោក​ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី១៦ឧសភា យ៉ាងដូច្នេះ៖​«តាមពិតទៅGSPនេះ គឺយើងមានសង្ឃឹមច្រើនក្នុងការទទួលបានមកវិញ។ ប៉ុន្តែយើងនៅមានកិច្ចការមួយចំនួនទៀត ដែលត្រូវតស៊ូធ្វើ ដើម្បីបានGSP»។
 
បើតាមលោក ប៉ាន សូរស័ក្ត រដ្ឋបាលលោក ចូ បៃឌិន នឹងពិនិត្យលើលិខិតស្នើសុំបន្តGSPពីកម្ពុជា ជាបន្តប​ន្ទាប់ ដោយផ្អែកទៅលើលក្ខខណ្ឌចាំបាច់ចំនួន​ ដោយក្នុងនោះ ក៏មានបញ្ជូននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(FTA)រវាងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។​ ចំពោះGSPសម្រាប់កម្ពុជានេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បន្តមានប្រសាសន៍ដូច្នេះ៖ «ចំពោះខ្ញុំយល់ថា GSPនេះ យើងបានក្នុងរយៈពេលវែងជាងមុន។ វែងជាងមុន ពីព្រោះមានលក្ខខណ្ឌផ្សេងៗទៀតដែលគេតម្រូវ។ ដូច្នេះ បានយើងឃើញថាការពិភាក្សាគ្នាលើប្រព័ន្ធអនុគ្រោះពន្ធនេះ គឺត្រូវការពេលវេលា។ តាមខ្ញុំដឹងការពិភាក្សានេះចប់ទៅ! គេ[អាម៉េរិក]នឹងផ្តល់ឱ្យក្នុងរយៈពេលវែងជាងមុន!»។​


លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម(ស្តាំ) កំពុងពិភាក្សាជាមួយមន្ត្រីជំនាញរបស់អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ រូបថត៖ក្រសួងពាណិជ្ជកម្ម
 
សម្រាប់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPវិញ គឺជាឱកាសកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ និងទាក់ទាញវិនិយោគិនបន្ថែមទៀត។ «តាមរយៈGSPហ្នឹង គឺមានយើងមុខទំនិញចេញច្រើនទៅអាម៉េរិក។ អ៊ីចឹង! យើងមានឱកាសចំណេញ ដែលធ្វើឱ្យអ្នកវិនិយោគមកច្រើន!»។ នេះជាការលើករបស់លោកអាត់ ធន់ ។
 
លោកបញ្ជាក់ថា៖​«GSPនេះ​ នៅពេលដែលគេឱ្យយើងវិញ មានន័យថាក្រុមហ៊ុនដែលត្រូវបង់ពន្ធកាត់ទុក[ពី១៣ទៅ៣០ភាគរយ] ចាប់ពីដើមឆ្នាំ២០២១មកនេះ គេ[ខាងអាម៉េរិក]នឹងសងឱ្យក្រុមហ៊ុនក្នុងស្រុកយើងវិញទាំងអស់»។
 
GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧មក។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាម៉េរិក។ ប៉ុន្តែ កម្ពុជា ពុំមានទំនិញនិងផលិតផលច្រើនមុខសម្រាប់នាំចូលទៅទីផ្សារអាម៉េរិកនោះទេ ដោយភាគច្រើន គឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ។ ជាពិសេស វ៉ាលិស និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាម៉េរិក។
 
ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក បានប្រមាណ ៣ ០២៨លានដុល្លារ។ ក្នុងនោះទំនិញដែលកម្ពុជានាំទៅអាម៉េរិក មានតម្លៃរហូតដល់ជាង ២ ៩០០លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានត្រឹម​ជាង ១០០លានដុល្លារ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មទំនិញ ជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 
 

Tag:
 លោក ប្រាក់​ សាខុន
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com