ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីសួរក្នុងសវនាការ តើលោក កឹម សុខា ពិតជាគប់គិតជាមួយបរទេសមែន? តែគ្មានចម្លើយ
18, May 2022 , 4:59 pm        
រូបភាព
លោក កឹម សុខា (ស្តាំដៃគេ) និងមេធាវីរបស់លោក ជួបជុំគ្នា នៅភ្នំគិរីរម្យ  ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។
លោក កឹម សុខា (ស្តាំដៃគេ) និងមេធាវីរបស់លោក ជួបជុំគ្នា នៅភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។
ដោយ៖ ទេពញាណ 
 
មេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ចង់ដឹងច្បាស់លាស់ថា តើលោក កឹម សុខា បានគប់គិតជាមួយបរទេសពិតមែន ឬក៏អត់? តែពួកគេ មិនទទួលបានចម្លើយឡើយ។   



ក្នុងសវនាការលើកទី៤០ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានយកបញ្ជីឈ្មោះរដ្ឋបរទេសជិត១០ បូករួមទាំងសហភាពអឺរ៉ុប ដែលមានប្រទេស២៧ជាសមាជិក ឈ្មោះអង្គការបរទេសជិត១០ និងឈ្មោះបុគ្គលបរទេសជាង១០ ទៅអាន។ អានរួចហើយ អ្នកស្រី ក៏សួរតំណាងអយ្យការ (ព្រះរាជអាជ្ញា) និងមេធាវីរបស់រដ្ឋាភិបាល (ដើមបណ្តឹងរដ្ឋប្បវេណី) ថា តើលោក កឹម សុខា ពិតជាបានប្រព្រឹត្តបទសន្ទិដ្ឋភាពជាមួយបរទេសទាំងនេះពិតមែន ឬក៏មិនមែន? 
 
អ្នកស្រី ម៉េង សុភារី យកឈ្មោះរដ្ឋបរទេស ឈ្មោះអង្គការបរទេស និងឈ្មោះបុគ្គលបរទេសទាំងនេះ ទៅចោទសួរដល់តំណាងអយ្យការ និងមេធាវីរបស់រដ្ឋាភិបាល ដ្បិតថា ឈ្មោះទាំងនេះ ត្រូវបានតំណាងអយ្យការ និង មេធាវីរបស់រដ្ឋាភិបាល ដាក់ការសង្ស័យពីដើមទីមកថា ជាប់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។ ការចោទសួររបស់អ្នកស្រី ក្នុងអង្គសវនាការ ត្រូវបានលោក ផែង ហេង ដែលជាមេធាវីរបស់លោក កឹម សុខា ដែរនោះ យកទៅរៀបរាប់ប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការភ្នំពេញ។ 
 
បើតាមការរៀបរាប់របស់លោកមេធាវី ផែង ហេង ទាំងតំណាងអយ្យការ ទាំងមេធាវីរបស់រដ្ឋាភិបាល ពុំបានផ្តល់ចម្លើយជាក់លាក់ថា លោក កឹម សុខា ត្រូវរ៉ូវជាមួយបរទេសទាំងនេះ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាពិតមែន ឬមិនមែននោះទេ។ លោក ផែង ហេង អះអាងថា អ្វីដែលជាការឆ្លើយតបរបស់តំណាងអយ្យការ និងមេធាវីរបស់រដ្ឋាភិបាល គឺប្រាប់ឲ្យមេធាវីរបស់លោក កឹម សុខា ទៅមើលក្នុងសំណុំរឿងខ្លួនឯង។ 
 
ក្រៅពីអ្នកស្រីមេធាវី ម៉េង សុភារី មេធាវីរបស់លោក កឹម សុខា ម្នាក់ទៀត គឺលោក អាង ឧត្តម ក៏បានឡើងនិយាយក្នុងសវនាការដែរ។ លោកមេធាវី ផែង ហេង បានយកសម្តីរបស់លោកមេធាវី អាង ឧត្តម ដែលនិយាយក្នុងអង្គសវនាការ ទៅប្រាប់ក្រុមអ្នកកាសែតដូច្នេះថា៖«លោក អាង ឧត្តម ថា ឥឡូវ បើរដ្ឋាភិបាល អត់ចោទ តំណាងខាងរដ្ឋប្បវេណី អត់ចោទ ហើយតំណាងអយ្យការ អត់ចោទ អ៊ីចឹង គាត់ ទាមទារឲ្យធ្វើការសន្និដ្ឋានមួយ ហើយសុំឲ្យទម្លាក់បទចោទតែម្តងទៀត បញ្ចប់មិនចាំបាច់ដេញដោលតទៅទៀត»។
 
ក្នុងចំណោមរដ្ឋបរទេស ដែលជាប់សង្ស័យថា ត្រូវរ៉ូវជាមួយលោក កឹម សុខា ក៏មានអាម៉េរិកដែរ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលទៅដល់ទឹកដីអាម៉េរិក ក៏ប្រកាសថា៖«ខ្ញុំ អត់ចោទអាម៉េរិកទេ។ អ្វីដែលមាននោះ គឺឯកឧត្តម កឹម សុខា និយាយខ្លួនឯង អ៊ីចឹង ត្រូវការដោះស្រាយរវាងអាម៉េរិក និង កឹម សុខា»។ ប្រមុខរដ្ឋាភិបាល ទៅអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ហើយការប្រកាសនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលកំពុងរស់នៅលើទឹកដីអាម៉េរិក។  
 
រីឯលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយបន្ថែមតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ថា អ្វីដែលសម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងនៅអាម៉េរិក គឺគ្រាន់តែចង់បញ្ជាក់ឲ្យសាធារណជនបានដឹងថា កន្លងមក ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនបានចោទប្រកាន់អាម៉េរិក ឬរដ្ឋបរទេសណាមួយក្នុងសំណុំរឿងលោក កឹម សុខា នោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯង ដែលនិយាយភ្ជាប់អាម៉េរិក និងរដ្ឋបរទេស ចូលទៅក្នុងសំណុំរឿងនេះ។ លោក បន្តថា បើរដ្ឋបរទេសណា មិនសុខចិត្តនឹងលោក កឹម សុខា គឺត្រូវតវ៉ាជាមួយលោក។ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ថា៖«ចំពោះរដ្ឋាភិបាល គឺមិនមានបញ្ហាជាមួយរដ្ឋបរទេសណាមួយនោះទេ ឬចោទប្រកាន់ទៅលើរដ្ឋបរទេសណាមួយដែរ»។ 
 
លោក កឹម សុខា រងពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលសំដៅថា លោក គប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក រងការចោទប្រកាន់នេះ តាំងពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានវីដេអូខ្លី១ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ វីដេអូនោះ បង្ហាញពីការជួបជុំរបស់លោក ជាមួយអ្នកគាំទ្រនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។ 
 
ក្នុងវីដអូ លោក បរិយាយថា នៅពេលលោក ជាប់ជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតលើកទី១ កាលពីឆ្នាំ១៩៩៣ លោកជាអ្នកនយោបាយខ្មែរមុនគេ ដែលត្រូវបានអាម៉េរិកអញ្ជើញ ដើម្បីទៅឈ្វេងយល់ពីដំណើរការប្រជាធិបតេយ្យ។ លោក អះអាងថា ចាប់តាំងពីឆ្នាំ១៩៩៣មក តែងទៅអាម៉េរិកម្តង ក្នុង១ឆ្នាំ។  
 
លោក ប្រាប់អ្នកគាំទ្រនៅអូស្រ្តាលីនាពេលនោះថា៖«ខ្ញុំ អត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ នៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរ៉េអាល់ ដែលអាម៉េរិក ជួលមក ដើម្បីផ្តល់មតិឲ្យខ្ញុំ ពីរបៀបជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរមេដឹកនាំ»។ 
 
គិតចាប់តាំងឆ្នាំ២០១៧ មកដល់ឆ្នាំ២០២២នេះ សំណុំរឿងរបស់លោក កឹម សុខា អូសបន្លាយអស់រយៈពេលជាង៤ឆ្នាំហើយ។ ក្នុង១សប្តាហ៍ តុលាការភ្នំពេញ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុងការបើកសវនាការលើសំណុំរឿងរបស់លោក។ តុលាការភ្នំពេញ នឹងបន្តសវនាការលើកទី៤១ ដើម្បីជំនុំជម្រះលើសំណុំរឿងរបស់លោក នៅថ្ងៃពុធ សប្តាហ៍ក្រោយ គឺនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com