ជាតិ
ទិវាចងចាំ៖ ប្រមុខរដ្ឋាភិបាល អំពាវនាវជាថ្មីឲ្យរួមគ្នាការពារសន្តិភាព ដើម្បីកុំឲ្យស្រមោលអតីតកាលវិលមកវិញ
20, May 2022 , 9:59 pm        
រូបភាព
កងទ័ពខ្មែរក្រហម ចូលដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបភាពឯកសារពី AFP
កងទ័ពខ្មែរក្រហម ចូលដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបភាពឯកសារពី AFP
មេដឹកនាំកំពូលៗរបស់កម្ពុជា មន្រ្តីរាជការ និង ប្រជាពលរដ្ឋមួយចំនួន នាំគ្នាប្រារព្ធទិវានៃការចងចាំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។ ពិធីរម្លឹកទិវានៃការចងចាំនេះ ត្រូវបានរៀបចំឡើង នៅតាមទីតាំងមួយចំនួន ដោយមន្រ្តីរាជការ។


សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកថា ថ្ងៃ២០​ឧសភា ជាទិវានៃការចចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម។ សម្តេច បន្តថា ទិវានេះ ជាការរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មៅងងឹតនេះ។ 
 
«ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត»។ នេះជាសំណេររបស់ប្រធានគណបក្សកាន់អំណាច។ 
 
ចំណែកសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បង្ហោះសារលើទ័ពហ្វេសប៊ុកថា ថ្ងៃ២០ឧសភានេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏ល្វីងជូរចត់។ ទំព័រហ្វេសប៊ុករបស់សម្តេច បានសរសេរថា៖«ទិវាជាតិនៃការចងចាំ យើង សូមរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍និងដើម្បីដាស់តឿន ទប់ស្កាត់កុំឲ្យរបបខ្មៅងងឹតនេះកើតមាននៅលើមាតុភូមិរបស់យើងម្តងទៀត»។
 
នៅថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានវាយលុកចូលដល់រាជធានីភ្នំពេញ និងបានកាន់កាប់ភ្នំពេញ។ ១៧មេសា ឆ្នាំ១៩៧៥ ក៏ត្រូវបានចាត់ទុកជាថ្ងៃ ដែលពួកខ្មែរក្រហម ឡើងកាន់អំណាចដែរ។ រហូតដល់ថ្ងៃ២០ឧសភា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម ឬបក្សកុម្មុយនីស្តកម្ពុជា ក៏ប្រកាសដាក់ចេញនូវគោលនយោបាយរបស់ខ្លួន។ 
 
គោលនយោបាយរបស់ពួកខ្មែរក្រហម បាននាំទៅដល់ការកាប់សម្លាប់ប្រជាជន និងការប្រព្រឹត្តអំពើឃោរឃៅផ្សេងទៀតលើប្រជាជន។ ដោយសារថ្ងៃ២០ ឧសភា ជាថ្ងៃចាប់ផ្តើមអនុវត្តគោលនយោបាយរបស់ពួកខ្មែរក្រហម និងនាំឲ្យមានការកាប់សម្លាប់ប្រជាជន ទើបរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់យកថ្ងៃនេះ ជាទិវានៃការចងចាំ ពោលគឺ ជាការចងចាំនូវការឈឺចាប់ ដែលមិនអាចភ្លេចបាន៕ 
 
 
 
 

Tag:
 ទិវាចងចាំ
© រក្សាសិទ្ធិដោយ thmeythmey.com