កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមបាល់ទាត់នារី វៀតណាម ជួប ថៃ វគ្គផ្តាច់ព្រ័ត្រ
21, May 2022 , 7:59 am        
រូបភាព
ក្រុមបាល់ទាត់នារី ប៉ះគ្នា ជាមួយ មីយ៉ាម៉ា(ប្រភពVNA)
ក្រុមបាល់ទាត់នារី ប៉ះគ្នា ជាមួយ មីយ៉ាម៉ា(ប្រភពVNA)
ដោយ៖ហៀក ឆក

ក្រោយយកឈ្នះគូប្រកួតក្រុមទាំងពីរត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នាថ្ងៃទី២១ ឧសភា នាពហុកីឡដ្ឋាន Cam Pha ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១។ វៀតណាម ឈ្នះ មីយ៉ានម៉ា១-០ ខណៈ ថៃ យកឈ្នះ ហ្វីលីពីន ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។



ក្រុមបាល់ទាត់ជម្រើសជាតិ នារី វៀតណាម បានយកឈ្នះ មីយ៉ានម៉ា ដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋាន Cam Pha ខេត្ត Quang Ninh កាលពីថ្ងៃទី១៨ ឧសភា ។ វៀតណាម រកគ្រាប់បាល់បានដោយកីឡាការិនី Huynh Nhu ស៊ុតបញ្ចូលទី នៅនាទី ២៨ ក្នុងតង់ទី១។ ចូលដល់តង់ទី២ ក្រុមទាំងពីរពុំមានគ្រាប់បាល់កើតឡើងឡើយ រក្សាលទ្ធផលដល់បញ្ចប់តង់ទី២ (១-០) ។ ៣ប្រកួតចុងក្រោយ របស់វៀតណាម មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមនេះដោយ គេបានយកឈ្នះ ហ្វីលីពីន ២-១ ,ឈ្នះកម្ពុជា ៧-០ និងចុងក្រោយយកឈ្នះ មីយ៉ានម៉ា ១-០។ លទ្ធផលដ៏គាប់ប្រសើរធ្វើឲ្យគេកក់កៅអីឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ តំបន់មេដាយមាស។
  

កីឡាការិនី Huynh Nhu អបអរគ្រាប់បាល់ពេលស៊ុតចូលទីបាន១គ្រាប់ ដើមតង់(ប្រភព VNA)

ចំណែក ថៃ វិញ ក៏ធ្វើបានល្អច្រើនដែរ ដោយ ៤ប្រកួតកន្លងមក ឈ្នះសិង្ហបុរី ៣-០, ស្មើ មីយ៉ានម៉ា ១-១, ឈ្នះឡាវ ៥-០, និងចុងក្រោយ បានយកឈ្នះ ហ្វីលីពីន ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ ។ តង់ទី១ ថៃ នាំមុខ ១-០ នៅនាទី ២២ ដែលបំប៉ោងសំណាញ់ទី ដោយកីឡាការិនី Silawan Intamee រហូតបញ្ចប់តង់ទី១ រក្សាលទ្ធផល ១-០។ ឈានដល់នាទី ៤៧ ដើមតង់ទី២ Taneekarn Dangda រកគ្រាប់បាល់ទី២ ឲ្យក្រុម និងនៅចុងម៉ោងនាទី ៩០ Somnuek P ស៊ុតបន្ថែមបាន១គ្រាប់ទៀត។ បញ្ចប់ការប្រកួត ថៃ ឈ្នះហ្វីលីពីន ៣-០។
 
ផ្លែផ្កាដ៏ល្អបែបនេះ ធ្វើឲ្យក្រុមថៃត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបវៀតណាម ដែលធ្លាប់ ទំលាយសំណាញ់ទីគេ កាលពីថ្ងៃទី២ កុម្ភៈ ២០២២ ក្នុងពានរង្វាន់ បាល់ទាត់នារី តំបន់អាស៊ាន  (AFC Women’s Asian Cup)ក្នុងលទ្ធផល ចាញ់វៀតណាម ២-០។ 
 
ការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ អាចថាជាការប្រកួតសងសឹកមួយដែរសម្រាប់ ថៃ។ ២ប្រកួតចុងក្រោយនៃការជួបគ្នារវាងក្រុមទាំងពីរ ក្រុមបាល់ទាត់នារីថៃមិនទាន់ស្គាល់ពាក្យថាឈ្នះវៀតណាមឡើយ គឺ ២០១៩ ថៃចាញ់ ១-០ និង ២០២២ ចាញ់ ២-០៕
 

Tag:
 បាល់ទាត់នារី
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com