ជាតិ
បទសម្ភាសន៍
វីដេអូ
សិល្បះ
ទោះល្ខោន​បាសាក់​មិនសូវពេញនិយម តែលោក អុល​ សំអាង មិន​បោះបង់ចោលឡើយ
21, May 2022 , 8:29 am        
រូបភាព
លោក អុល សំអាង ម្ចាស់វង់ល្ខោន អុល សំអាង
លោក អុល សំអាង ម្ចាស់វង់ល្ខោន អុល សំអាង
ដោយ៖ សុង សុធាវី
 
រយៈពេល២០ឆ្នាំហើយ ដែល​មេក្រុមល្ខោនបាសាក់ លោក អុល សំអាង បានក្រាញននៀលជាមួយល្ខោនបាសាក់​។ ក្តីស្រឡាញ់ និងបារម្ភពីសិល្បៈដូនតា បាន​ជំរុញ​ឱ្យ​លោក អុល សំអាង បន្ត​ថែរក្សា​មិន​ឱ្យល្ខោនបាសាក់បាត់បង់។ ទោះបីជាល្ខោនបាសាក់ មិនសូវពេញនិយមដូចជំនាន់មុន តែក្នុងនាមលោកជាអ្នកតំណាងក្នុងអាជីពនេះម្នាក់ លោកនៅតែមានក្តីសង្ឃឹមដើរទៅមុខទៀត ដោយការពង្រឹងសមត្ថភាពក្រុម បត់បែនការសម្ដែងឱ្យស្របតាមសម័យបច្ចេកវិទ្យា។ តើល្ខោនបាសាក់ខ្មែរមានស្ថានភាពបែបណានាពេលបច្ចុប្បន្ន ហើយលោក អុល សំអាង តស៊ូទៅមុខយ៉ាងដូចម្តេច?

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី»  និងលោក  អុល សំអាង ដូចតទៅ៖
 
លោក អុល សំអាង បានចាប់អាជីពជាតួសម្តែងល្ខោនបាសាក់ រយៈពេល២០ឆ្នាំមកហើយ ។ មានស្រុកកំណើតក្នុងខេត្តកំពង់ចាម តួឯកល្ខោបាសាក់ដ៏ល្បីល្បាញរូបនេះ នៅតែតស៊ូ​ក្រាញ់ននៀលនឹងអាជីពនេះ ព្រោះតែស្រឡាញ់ និងចង់ថែរក្សាមិនឱ្យបាត់បង់។ មានក្រុមល្ខោនបាសាក់ ដែលដាក់ឈ្មោះរបស់ខ្លួនផ្ទាល់នោះ លោក អុល សំអាង បានបញ្ជាក់ដូច្នេះថា៖ «ស្រលាញ់តាំងតែពីតូចមក គិតថាបើម្នាក់ៗទៅប្រកបរបរការងារផ្សេង ឬជំនួញជួញដូរធំៗ ចុះវិស័យសិល្បៈវប្បធម៌ខ្មែរ​ តើកូនខ្មែរណាខ្លះ ចូលរួមទ្រទ្រង់ថែរក្សា? អ៊ីចឹងហើយទើបខ្ញុំ ហក់ចូលសង្វៀន មុខរបរល្ខោនបាសាក់​។ យើងដឹងស្រាប់ វិស័យសិល្បៈមានច្រើនទម្រង់  ផ្នែកល្ខោនបាសាក់នេះ លំបាកណាស់ ទាំងការសម្តែង ទាំងការចាត់ចែងដឹកនាំ តែខ្ញុំបែរជាយកជំនាញនេះ ដោយសារតែស្រលាញ់»។ 
 
លោក អុល សំអាង ម្ចាស់វង់ល្ខោន អុល សំអាង និង សហការី.

បើតាម លោក អុល សំអាង ​សមាជិកក្នុងវង់ល្ខោនបាសាក់ អុល សំអាង ​មានសមាជិកជិត៣០នាក់ ហើយក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ ​តួសំដែងភាគច្រើន បង្ខំចិត្ត​ទៅប្រកបរបរថ្មីមួយរយៈ ដូចជាលក់ផ្លែឈើ ដាំដំណាំ ចិញ្ចឹមសត្វ និងរត់ម៉ូតូឌុបជាដើម។
 
​បើទោះបីជាមានឧបសគ្គខ្លះនៅក្នុងអាជីពនេះ ប៉ុន្តែលោកអុល សំអាង សង្កេតឃើញថា ទម្រង់សិល្បៈល្ខោនបាសាក់នៅតែទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ រួមទាំងយុវជនជំនាន់ក្រោយផងដែរ។ កាគាំទ្ររបស់សាធារណជន បានក្លាយជាកម្លាំងជំរុញឱ្យម្ចាស់វង់ល្ខោនបាសាក់រូបនេះ នៅតែ​មានក្តីសង្ឃឹម សម្រាប់ដំណើរឆ្ពោះទៅមុខនៃការរក្សាវត្តមានទម្រង់សិល្បៈល្ខោនបាសាក់នេះ។ ​ទន្ទឹមនឹងនេះ លោក អុល សំអាង ក៏ប្តេជ្ញាបណ្តុះបណ្តាលសមាជិកក្រុម ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ព្រមទាំងបន្តបណ្តុះស្មារតី និងឆន្ទៈស្រឡាញ់អាជីពល្ខោនបាសាក់នេះទៅកាន់អ្នកជំនាន់ក្រាយផងដែរ។
 

លោក អុល សំអាង ម្ចាស់វង់ល្ខោន អុល សំអាង និង សហការី

លោក សំអាង ពន្យល់ ដូច្នេះ៖ «កត្តាសំខាន់ អ្នកជំនាញល្ខោនខ្លួនឯង ត្រូវបង្កើនសមត្ថភាព ទេពកោសល្យឱ្យខ្លាំង ហើយកុំបណ្តែតបណ្តោយ អាងថាប្រជាពលរដ្ឋ សង្គមមិនគាំទ្រ  អ៊ីចឹង! យើងបោះបង់ យើងរយីករយាកក្នុងការសំដែង លែងម៉ត់ចត់ ធ្វើឱ្យវប្បធម៌ថម​ថយ​។ ប៉ុន្តែបើប្រជាជនគាំទ្រកម្មវិធីតូចធំ តាមវត្តអារាមផ្សេងៗ ដែលវាបង្ហាញពីការសាមគ្គី រវាងខ្មែរ និងខ្មែរ ទាំងក្នុង និងក្រៅប្រទេស នោះសិល្បៈគ្រប់ទម្រង់ នឹងរីកចម្រើន»។
 
តាមរយៈកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ម្ចាស់វង់ល្ខោនបាសាក់រូបនេះ ក៏​ថ្លែងអំណរគុណ និងអំពាវនាវបន្ថែមថែមទៀតដល់អ្នកពាក់ព័ន្ធ មានរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងពិសេសសាធារណជន ឱ្យបន្តគាំទ្រសិល្បៈល្ខោនបាសាក់ ឱ្យកាន់តែផុសផុលថែមទៀត នៅក្នុងយុគ្គសម័យឌីជីថលនេះ៕
 
 
 

Tag:
 អុល សំអាង
  ល្ខោនបាសាក់
  សិល្បៈបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com