ជាតិ
​សត្វក្ដាន់​ ៧០ក្បាល ត្រូវបានថតជាប់ដោយដ្រូននៅតំបន់ព្រៃទេសភាពមេគង្គកម្ពុជា
21, May 2022 , 3:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វក្តាន់វ័យជំទង់ និងសត្វក្ដាន់តូចៗ កំពុងរស់នៅតំបន់ព្រៃទេសភាពមេគង្គកម្ពុជាប្រមាណ៧០ក្បាល។ វត្តមានសត្វក្ដាន់ទាំងនោះ ត្រូវបានប្រទះដោយការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកម្ដៅ។ អ្នកសិក្សា និងអភិរក្សកំពុងរីករាយនឹងវត្តមានសត្វប្រភេទនេះ ហើយនឹងថែរក្សាបន្ត។



ក្រុមអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញរបស់អង្គការ WWF រួមជាមួយក្រុមអ្នកអភិរក្សជីវចម្រុះ BINCO និងក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកម្ដៅ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាសិក្សាសត្វព្រៃនៃខេត្តក្រចេះ។​ ក្នុងកិច្ចសហការនេះ ក្រុម​អ្នកស្រាវជ្រាវសង្កេតឃើញរបាយការណ៍សត្វក្តាន់នៅភូមិសាស្រ្តខេត្តក្រចេះ តាមរយៈវីដេអូឯកសារ និងរូបថតចេញពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញដោយអង្គការWWF។ វត្តមាន និងសកម្មភាពរបស់សត្វក្ដាន់នេះ បាន​ផ្ដល់ភាពរីករាយដល់ក្រុម​អ្នកស្រាវជ្រាវ និង​អ្នក​អភិរក្ស។


 
«លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើន។ វត្តមានរបស់ពួកវា បានបង្ហាញពីការបន្តពូជជាបន្តបន្ទាប់នៅក្នុងតំបន់ព្រៃធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពីស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេលខាងមុខនេះ»។ នេះជាការបញ្ជាក់ដោយ អង្គការ WWF។
 


សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ នៅកម្ពុជា សត្វក្តាន់នេះ ធ្លាប់បានអ្នកវិទ្យាសាស្រ្តប៉ានប្រមាណថាបានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ ២០០៦ នៅក្នុងខេត្តក្រចេះ។
 
ទោះជាយ៉ាងណាក៏ដោយ សត្វនេះ កំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់៕
 


 
 
 
 
 
 

Tag:
 ក្តាន់
  ខេត្តក្រចេះ
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com