អន្តរជាតិ
អាម៉េរិក សម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយមានសមាជិកអាស៊ាន៧ប្រទេស
23, May 2022 , 6:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៣ ខែឧសភា បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងអំឡុងទស្សនកិច្ចនៅជប៉ុន។ ក្របខណ្ឌមួយនេះ មានគោលបំណងទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ សមាជិកដំបូងនៃគំនិតផ្តួចផ្តើមសេដ្ឋកិច្ច មានចំនួន ១៣ប្រទេស ដោយក្នុងនោះមានសមាជិកអាស៊ានចំនួន ៧ប្រទេស។

 
គំនិតផ្ដួចផ្ដើមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) លេចជារូបរាងដំបូង នៅចុងឆ្នាំ២០២១ និងត្រូវបានអាម៉េរិកចាត់ទុកជាការរៀបចំសេដ្ឋកិច្ចបែបថ្មីក្នុងសតវត្សរ៍ទី២១ ដែលខុសពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរីនាពេលកន្លងមក។ 
 
យ៉ាងណាមិញ ព័ត៌មានលម្អិត និងនីតិវិធីនៃការចរចា មិនទាន់ត្រូវបានបង្ហាញឡើយ ដោយគេដឹងត្រឹមថា ក្របខណ្ឌមួយនេះ ផ្តោតលើសសរស្តម្ភចំនួន ៤ ដូចជាការស្តារពាណិជ្ជកម្មឡើងវិញ, ការធានាច្រវាក់ផ្គត់ផ្គង់, ការវិនិយោគលើថាមពលស្អាត ព្រមទាំងការយកពន្ធ និងការប្រឆាំងអំពើពុករលួយ។ 
 
ក្នុងពិធីសម្ពោធក្របខណ្ឌសេដ្ឋកិច្ចមួយនេះ ដែលចូលរួមដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្រ្តីជប៉ុន នាយករដ្ឋមន្រ្តីឥណ្ឌា និងមេដឹកនាំប្រទេសផ្សេងទៀត តាមប្រព័ន្ធវីដេអូ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងថា៖ «ខ្ញុំជឿថា យើងនឹងឈ្នះការប្រកួតប្រជែងក្នុងសតវត្សរ៍ទី២១ជាមួយគ្នា»។ បើតាមលោកបៃឌិន IPEF ជាការប្តេជ្ញាក្រោមកិច្ចសហការជាមួយមិត្តជិតស្និទ្ធ រួមទាំងដៃគូ ក្នុងតំបន់លើបញ្ហាប្រឈម ដើម្បីធានាពីការប្រកួតប្រជែងសេដ្ឋកិច្ច។ 
 
សមាជិកដំបូង ក្នុងក្របខណ្ឌខាងលើ មានចំនួន ១៣ប្រទេស ដោយក្នុងនោះមានដូចជា អាម៉េរិក, អូស្រ្តាលី, ព្រុយណេ, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ និងវៀតណាម។ សមាជិកទាំង ១៣ប្រទេសនេះ មានទំហំសេដ្ឋកិច្ចចំនួន៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។​ 
 
«ដើម្បីរៀបចំសេដ្ឋកិច្ចសម្រាប់អនាគត យើងសម្ពោធនីតិវិធីនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព»។ សមាជិកទាំង ១៣ប្រទេស បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយបន្តថា តាមរយៈគំនិតផ្តួចផ្តើមនេះ សមាជិកទាំងអស់ មានគោលបំណងរៀបចំកិច្ចសហប្រតិបត្តិការ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងសន្តិភាពនៅក្នុងតំបន់។
 
យ៉ាងណាមិញ សមាជិកទាំងអស់ មិនតម្រូវឱ្យផ្តោតលើសសរស្តម្ភចំនួន៤ខាងលើឡើយ ដោយប្រទេសទាំងនោះ អាចជ្រើសយកសសរស្តម្ភមួយណាក៏បាន។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ក្នុងសេចក្តីថ្លែងការណ៍រួមដែល សមាជិកទាំងអស់ នឹងចាប់ផ្តើមពិភាក្សាចំណាត់ការផ្សេងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងគោលបំណងសម្រេចគោលដៅនៃសសរស្តម្ភទាំង៤។ សេចក្តីថ្លែងការណ៍នោះ ក៏បានអំពាវនាវឱ្យប្រទេសដែលចាប់អារម្មណ៍ក្នុងក្របខណ្ឌសេដ្ឋកិច្ចមួយនេះ ចូលរួមផងដែរ។ 
 
គំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីនេះ ត្រូវបានរដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក លោកស្រីGina Raimondo ចាត់ទុកជាការស្តារភាពជាអ្នកដឹកនាំរបស់អាម៉េរិកឡើងវិញនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ទាប់ពីខ្លួនបានដើរចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងជាចំណាត់ការឆ្លើយតបនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលគាំទ្រដោយចិន។ 
 
មុនសម្ពោធក្របខណ្ឌសេដ្ឋកិច្ចខាងលើមួយថ្ងៃ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ក្នុងជំនួបជាមួយសមភាគីប៉ាគីស្ថាន បានរិះគន់គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចថ្មីរបស់អាម៉េរិក និងជំរុញឱ្យក្រុងវ៉ាស៊ីនតោនបន្តអនុវត្តបទបញ្ញត្តិពាណិជ្ជកម្មសេរី ជាជាងបង្កើតអ្វីថ្មី ដែលបំផ្លាញដល់ស្ថិរភាពតំបន់។ មិនតែប៉ុណ្ណោះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានយល់ឃើញថា IPEF គួរតែមានលក្ខណៈបើកចំហរជាជាងការបង្កើតការប្រឈមមុខ ក្នុងភូមិសាស្រ្តនយោបាយ។ 
 
កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានចាត់ទុកក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌ-ប៉ាស៊ីហ្វិក ជាការទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យចេញពីចិន។ លើសពីនេះ លោក Zhao បានបន្ថែមថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមែនជាក្តារអុកសម្រាប់ប្រជែងភូមិសាស្រ្តនយោបាយឡើយ៕ 
 

Tag:
 អាម៉េរិក
  ជប៉ុន
  ថៃ
  វៀតណាម
  ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com